កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កចំនួន ២ ២០០នាក់ បានចូលរួមរត់​ប្រណាំងម៉ារ៉ាតុនលើកទី២៦ នៅសៀម​រាប ​
03, Jan 2022 , 2:48 pm        
រូបភាព
សៀមរាប៖ អត្តពលិកចំនួន២ ២០០នាក់ បានចូលរួមក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២៦ ដែលប្រារព្ធធ្វើនៅថ្ងៃទី២មករា នា​ខេត្តសៀមរាប។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ មានអត្តពលិកជាតិ២០០០នាក់ និងអត្តពលិកអន្តជាតិដែលស្នាក់នៅ​កម្ពុជា ចំនួន២០០នាក់។ នេះបើតាមលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

 
អត្តពលិកសរុប ២២០០នាក់ បានចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២៦ ដែលធ្វើឡើងក្នុងខេត្តសៀមរាប នាថ្ងៃទី២មករា ឆ្នាំ២០២២។ លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រឹត្តិការណ៍​រត់ប្រណាំងនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមានសុវត្ថិភាព ពីជំងឺកូវីដ-១៩។ លោក បានបញ្ជាក់ថា វិធានការបង្ការ និងទប់ស្កាត់កូវីដ-១៩ ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមកិច្ចសហការពីមន្ទីរសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប។ 


  លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
 
អត្តពលិកដែលចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរនេះ បានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំង ពីការផ្លាស់ប្តូរសម្រស់ដ៏ល្អនៃតំបន់អង្គរ​ នារយៈពេល២ឆ្នាំចុងក្រោយ។​ លោក វ៉ាត់ ​ចំរើន បាននិយាយដូច្នេះ៖ «អ្វីជាការកត់សម្គាល់ នៃលទ្ធផលចុងក្រោយ គឺយើងឃើញថា អ្នករត់ទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើប នៃការផ្លាស់ប្តូរថ្មីនៃក្រុងសៀមរាប និងហេដ្ឋារចនាសម្ព័ន្ធ ជាមួយសម្រស់ដ៏ស្រស់ស្អាតនៃតំបន់អង្គររបស់យើង»។


 
បើតាមលោក វ៉ាត់ ចំរើន ទិវារត់ប្រណាំងពាក់កណ្តាលអង្គរ ដែលធ្វើឡើងក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ មានគោលដៅរទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការផ្សព្វផ្សាយទៅកាន់ពិភពលោកថា តំបន់អង្គរនៃខេត្តសៀមរាប ជាគោលដៅទេសចរណ៍សុវត្ថិភាព និងមានភាពកក់ក្តៅ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ សង្ឃឹម ថា​ ៖«ក្រោយពីព្រឹត្តិការណ៍នេះទៅ គឺជារបត់ថ្មីមួយសម្រាប់បើកទូលាយឱ្យប្រជាពលរដ្ឋក៏ដូចភ្ញៀវជាតិនិងអន្តរជាតិទាំងអស់មកលេងកម្សាន្តនៅតំបន់អង្គររបស់យើងឱ្យបានច្រើនតទៅទៀត»។ 


 
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២៧ នៅថ្ងៃទី៤ធ្នូ ឆ្នាំ២០២២ ដោយនឹងបើកទូលាយឱ្យភ្ញៀវទេសចរនៅជុំវិញពិភពលោកចូលរួម។  នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន៕  





Tag:
 ម៉ារ៉ាតុន
  អត្ត​ព​លិ​ក
  លោក វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com