កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel ថាបញ្ហារបស់ Lukaku ជាបញ្ហាធំមួយ និងជារឿងដ៏រំខាន
03, Jan 2022 , 4:39 pm        
រូបភាព
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel និយាយនៅថ្ងៃទី៣ ខែមករា ថា រឿងដែលលោកមិនបានដាក់ឈ្មោះ Romelu Lukaku លេងទល់ Liverpool ជាបញ្ហាកាន់តែធំឡើង ហើយរឿងនេះពិតជារំខានលោកណាស់។



ជំនួបក្រុមតោខៀវ Chelsea ទល់ក្រុមហង្សក្រហម Liverpool មិនមានវត្តមាន ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំសញ្ជាតិបែលហ្ស៊ិកឡើយ។ មុនគ្មានឈ្មោះនេះ Lukaku និយាយក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Sky Italia ថា រូបគេមិនសប្បាយចិត្តស្នាក់នៅ Stamford Bridge ឡើយ។
 
«រឿងនេះកំពុងតែរីកធំឡើងហើយ វាពិតជាផ្តល់ការរំខានខ្លាំងដល់ខ្ញុំអំឡុងពេលប្រកួត។ ខ្ញុំបានសម្រេចចិត្តជ្រើសយកការត្រៀមខ្លួនសម្រាប់ការប្រកួតក្រោយៗទៀត ដូច្នេះទើបរូបគេគ្មានឈ្មោះបែបនេះ។» លោក Tuchel និយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតទល់ Liverpool។
 
មិនតែប៉ុណ្ណោះ ទាក់ទងដំណោះស្រាយលើបញ្ហាជាមួយ Lukaku លោក Tuchel អះអាងថា លោកជួបជាមួយកីឡាករជាច្រើនដង និងជជែកពីការប្រកួតខាងមុខៗ។ លោកបន្តថា ក្នុងគំនិតរបស់លោក Lukaku និយាយប្រាប់ Sky Italia ក៏ព្រោះគេគ្មានឈ្មោះក្នុងក្រុមពេលប្រកួត។
 
Chelsea ព្រមទាំង ​Liverpool កំពុងបន្តខាតបង់ពិន្ទុក្រោយពេលក្រុមទាំងពីរប្រកួតតទល់គ្នាបានត្រឹមស្មើក្នុងលទ្ធផល ២-២ ខណៈក្រុមទាំងពីរមានគម្លាតពិន្ទុក្រោមក្រុមកំពូលតារាង Manchester City រហូតដល់ទៅ១០ពិន្ទុ។

Tag:
 Thomas Tuchel Chelsea Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com