ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២១ កម្ពុជាប្រមូលចំណូលពីពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារ​
03, Jan 2022 , 10:29 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ភ្ជាប់ពីខេត្តព្រះសីហនុ-កោះកុង នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២
សម្តេច ហ៊ុន សែន កំពុងថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ភ្ជាប់ពីខេត្តព្រះសីហនុ-កោះកុង នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២១ កម្ពុជាចំណូលពីការ ប្រមូលពន្ធដារ និងពន្ធគយបានជាង ៤ ៥០០លានដុល្លារអាម៉េរិក។ ក្នុងនោះចំណូលដែលកម្ពុជាបានពីពន្ធដារ មាន ២ ២៤៣លានដុល្លារ ​លើសផែនការរហូត ជាង២៤ភាគរយ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។​

 
កម្ពុជារកចំណូលបានពីពន្ធដារ និងពន្ធគយ សរុប ៤ ៥៣៧ លានដុល្លារ នៅក្នុងឆ្នាំ២០២១។ សម្តេច​ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីខេត្តព្រះសីហនុ-កោះកុង នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖«ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលចំណូលបានល្អ ពិសេសនៅឆ្នាំ២០២១ នៅពេលរាជរដ្ឋាភិបាល បើកប្រទេសបានពេញលេញឡើងវិញ»។
 
បើតាម សម្តេច ហ៊ុន សែន  ឆ្នាំ២០២១កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ២៩៤លានដុល្លារ ដែលស្មើនឹង៩៧,១ភាគរយនៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២៧៨១,៩២​លើសផែនការ២៤,០២ភាគរយ នៃច្បាប់គ្រប់គ្រងហិរញ្ញប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ក្នុងចំនួន ២ ២៤៣លានដុល្លារ ។
 
សម្តេច ហ៊ុន សែន បានបន្ថែមថា ចំណូលពន្ធគ្រប់ប្រភេទ ដែលកម្ពុជាប្រមូលនេះ គឺមានភាពល្អប្រសើរ នាចុងឆ្នាំ២០២១។ 
 
ចំណូលពន្ធដែលកម្ពុជាទទួលបាននេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន ក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា  ដោយ សម្តេច ហ៊ុន សែន រំពឹង ថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣ភាគរយ នាឆ្នាំ២០២១៕

Tag:
 ពន្ធដារ
  ពន្ធគយ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com