កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick ភ្ញាក់ផ្អើលចំពោះ Ronaldo ទោះវ័យ៣៦ឆ្នាំតែនៅមានកម្លាំងរឹងមាំ
03, Jan 2022 , 10:59 pm        
រូបភាព
កីឡាករម្ចាស់ជើងឯក Ballon d’Or ៥សម័យ Cristiano Ronaldo ត្រូវបានគេរំពឹងថា នឹងបន្តមានវត្តមានលេងឱ្យ Manchester United តទល់ជាមួយក្រុម  Wolverhampton Wanderers ក្នុងក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី៣ខែមករាឆ្នាំ ២០២២នេះ។



បិសាច បានបញ្ចប់ការប្រកួតចុងក្រោយសម្រាប់ឆ្នាំ២០២១ ដោយយកឈ្នះក្រុម Burnley ក្នុងលទ្ធផល ៣-១ ដើម្បីការបន្តក្តីសង្ឃឹមប្រជែងតំណែង Top 4 ។ Ronaldo ដែលរកគ្រាប់ឱ្យក្រុមានមួយគ្រាប់ទល់ Burnley ក៏ត្រូវបានលោក Ralf Rangnick ជាគ្របង្វឹកបណ្តោះអាសន្នរំពឹងថែមទៀតថា នឹងស្វែងរក៣ពិន្ទុដែលចាំបាច់បន្តទៀតពេលប្រកួតទល់ក្រុម Wolver។
 
«ខ្ញុំមិនឃើញមូលហេតុអ្វីដែលថាគាត់មិនអាចលេងបាននៅប្រកួតបន្តនេះ។ បើមើលឱ្យជាក់លាក់ទៅគាត់គឺមានកម្លាំងពេញ និងរឹងមាំល្អណាស់ ថែមទាំងធ្វើគ្រប់យ៉ាងដើម្បីក្រុមព្រោះគាត់ជាកីឡាករកំពូលម្នាក់។ គាត់អាចមើលថែខ្លួនឯង មើលថែរាងកាយ និងញាំអាហារដ៏ត្រឹមត្រូវ។» លោក Rangnick បានថ្លែងបែបនេះក្នុងសន្និសីទមុនប្រកួត។
 
លើសពីនេះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ៦៣ឆ្នាំរូបនេះក៏បានសរសើរទៅ Ronaldo ថា ជាកីឡាករដែលអាចរក្សាកម្លាំងលេងបាន៣ប្រកួតជាប់គ្នាត្រឹមរយៈពេល៨ថ្ងៃជាមួយភាពរឹងមាំនៃរាងកាយផ្ទាល់។
 
«ស្ថិតក្នុងវ័យ៣៦ឆ្នាំ គ្មានកីឡាករណាមានកម្លាំងខ្លាំងដូចឡើយ។ បើប្រៀបជាមួយ Zlatan Ibrahimovic ដែលចាស់ជាងហើយនៅតែមានកម្លាំងខ្លាំងអាចលេងបាន ប៉ុន្តែកីឡាករទាំងពីរមានភាពខុសភ្លែកគ្នា។» លោក Rangnick បានបន្ថែមបែបនេះ។
 
ចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានវិលត្រលប់មកទឹកដី Old Trafford វិញ រូបគេបានជួយរកគ្រាប់បាល់ឱ្យក្រុមដល់ទៅ១៤គ្រាប់និងបញ្ជូនបាល់៣គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន២០ប្រកួតនៅគ្រប់កម្មវិធីប្រកួត៕

Tag:
 Raft Rangnick Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com