កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rangnick ទាមទារកូនក្រុមឱ្យកែទម្រង់លេង ខណៈ Shaw ថា Man UTD គ្មានភាពជាក្រុម
04, Jan 2022 , 12:40 pm        
រូបភាព
លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្នក្រុម Manchester United បង្ហាញអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះទម្រង់លេងរបស់កូនក្រុម ហើយប្រាប់កីឡាករទាំងអស់ឱ្យកែលម្អឡើងវិញ ក្រោយចាញ់ក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១-០ ថ្ងៃទី៣ ខែមករា។



ចាញ់ Wolves ១-០ គឺជាបរាជ័យដំបូងបង្អស់សម្រាប់លោក Rangnick បន្ទាប់ពីមកដឹកនាំក្រុមបិសាចក្រហមរយៈពេលជាងមួយខែ។ កីឡាករ Joao Moutinho ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទី៨២ ។ រូបគេក៏បានក្លាយជាកីឡាករក្រុមភ្ញៀវវ័យចាស់ជាងគេដែលអាចស៊ុតបាល់បំប៉ោងសំណាញ់ទីក្រុម Man UTD ។
 
«ការប្រកួតនេះយើងលេងមិនបានល្អសោះ ទាំងការគ្រប់គ្រងបាល់ ការបញ្ចប់ទី ការតាមដេញបាល់ ក្រុមភ្ញៀវធ្វើបានល្អក្នុងការទប់ស្កាត់យើង។ យើងមានឱកាសជាច្រើនទល់ក្រុមដែលខ្លាំងមួយតែវាបានបាត់បង់ទៅវិញ យើងអស់សង្ឃឹមខ្លាំងណាស់ចំពោះលទ្ធផលប្រកួតមួយនេះ ហើយយើងគួរតែបន្តស្វែងរកការឈ្នះឡើងវិញ។»លោក Rangnick បាននិយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះក្រោយចប់ការប្រកួត។
 
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ងដែលនិយមប្រើរបៀបលេងដេញបិទនិងតាមឆក់យកបាល់ ( Gegenpressing Style ) បានអះអាងបន្ថែមថា៖«បញ្ហាគឺមកពីក្រុមទាំងមូលមិនមែនពីកីឡាករឡើយ កីឡាករមិនបានដេញតាមបិទបាល់ និងមានកន្លែងចន្លោះប្រហោងច្រើន ហើយលោកក៏ត្រូវការពេលវេលាកែលម្អរក្រុមឡើងវិញបន្ថែមទៀត។»
 
ចំណែកខ្សែការពារ Luke Shaw ក៏បង្ហាញអារម្មណ៍មិនសប្បាយចិត្តខ្លាំងចំពោះក្រុមទាំងមូល ដោយរូបគេលើកឡើងថា ក្រុមបិសាចក្រហមពេលបច្ចុប្បន្នមិនមានភាពជាក្រុមសោះឡើយ។
 
«នេះជាការប្រកួតដ៏ស្រួលមួយសម្រាប់ក្រុមភ្ញៀវ ពិតជារឿងអស់សង្ឃឹមខ្លាំងណាស់ចំពោះលទ្ធផលមួយនេះ។ កីឡាករទាំងអស់ក្នុងក្លិបមួយនេះហាក់រស់នៅជាមួយគ្នាយូរហើយដែរ ប៉ុន្តែខ្ញុំគិតថាដូចជាមិនមានភាពជាក្រុមតែមួយសោះ។ យើងមានកីឡាករគុណភាពច្រើនតែមានគុណភាពមិនគ្រប់គ្រាន់ឡើយ។  យើងត្រូវការការយល់ចិត្តគ្នាជាក្រុម។» Luke Shaw និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
បន្ទាប់ពីចាញ់ក្នុងប្រកួតសប្តាហ៍ទី១៩ រួចមកបិសាចក្រហមបានបាត់បង៣ពិន្ទុដ៏សំខាន់សម្រាប់ជួយនាំពួកគេខិតជិតទៅកៀគនឹងតំបន់ Top4 ។ Man Utd មានគម្លាតពិន្ទុពីក្រុមលេខ៤ Arsenal ចំនួន៤ពិន្ទុ៕

Tag:
 Raft Rangnick Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com