កីឡាអន្តរជាតិ
អន្តរជាតិ
លោក Laporta ប្រាប់ពិភពលោកឱ្យត្រៀមខ្លួន ព្រោះភាពខ្លាំង Barca កំពុងត្រលប់មកវិញ
04, Jan 2022 , 3:41 pm        
រូបភាព
លោក Joan Laporta ប្រធានក្លិប Barcelona នៅតែមានសុទិដ្ឋិនិយមចំពោះក្លិបលោកថា Barcelona នឹងក្លាយជាក្រុមដ៏ខ្លាំងមួយ សម្រាប់ប្រជែងក្នុងតំបន់អឺរ៉ុបឡើងវិញ ។

 
មតិរបស់អ្នកគាំទ្រជាច្រើននៅតែលើកឡើងដដែលៗថា ក្រុមអ្នកមានបុណ្យមួយនេះ នៅតែជួបបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បើទោះបីកីឡាករ Lionel Messi បានចាកចេញក្តី។ កីឡាករសំខាន់ៗបីរូបរួមមាន Gerard Pique, Jordi Alba និង Sergio Busquets បានកាត់ប្រាក់ពលកម្ម ដើម្បីជួយក្លិបកាត់បន្ថយបំណុល។
 
ប៉ុន្តែប្រធានក្លិបស្ថិតនៅតំបន់ Catalonia នេះ រំពឹងខ្ពស់លើក្រុមរបស់លោកនិងវិលត្រលប់មកការប្រកួតប្រជែងខ្លាំងៗឡើងវិញ ។ លោកអះអាងថា នឹងនាំយកកីឡាករល្បីៗមករួមក្រុមបន្ថែម។ 
 
«អ្នកគ្រប់គ្នាក្នុងពិភពលោកនេះគួរតែត្រៀមខ្លួនឱ្យរួចរាល់ព្រោះយើងត្រលប់មកវិញហើយ ប្រៀបដូចជាកីឡាករខ្លាំងម្នាក់ក្នុងទីផ្សារអ៊ីចឹង ក្រុម Barcelona បានត្រលប់មកវិញហើយ។ យើងកំពុងធ្វើឯកសារក្នុងទីផ្សារដោះដូរកីឡាករពេលនេះ ការចុះកិច្ចសន្យាជាមួយ Ferran គ្រាន់តែដំណាក់កាលដំបូងប៉ុណ្ណោះ»។លោក Laporta បាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
លោក Joan Laporta នៅតែមានភាពជឿជាក់ខ្ពស់លើក្រុម Barcelona យ៉ាងខ្លាំង ហើយនឹងទាក់ទាញយកកីឡាករខ្លាំងមកចូលរួម បើទោះបីជាពេលនេះក្រុមបានធ្លាក់ចេញពីការប្រកួត Champions League ក្នុងរដូវកាលនេះ និងកំពុងពិបាកប្រជែងតំណែង Top 4 នៃ La Liga ក្តី៕

Tag:
 Joan Laporta Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com