ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកជំនាញសិទ្ធិមនុស្ស UN ចាត់ទុកការចាប់បុគ្គលិកណាហ្កាវើលដ៍ ថាជាការរំលោភសិទ្ធិមនុស្ស
06, Jan 2022 , 11:32 am        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដោយមានការវត្តមានកម្លាំងសមត្ថកិច្ចជាច្រើនរូបផងដែរ  ដើម្បីការពារសន្តិសុខ។ រូបដោយសហការី
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅជិតស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដោយមានការវត្តមានកម្លាំងសមត្ថកិច្ចជាច្រើនរូបផងដែរ ដើម្បីការពារសន្តិសុខ។ រូបដោយសហការី
ដោយ: ថ្មីៗ
ការចាប់ទាំងប្រធានសហជីពនៃក្រុមហ៊ុនណាហ្កាវើលដ៍ និងបុគ្គលិកណាហ្កាវើលដ៍ជាបន្តបន្ទាប់ បានធ្វើឲ្យក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) មិនអាចបន្តនៅស្ងៀមបាន។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៤រូប សម្រេចធ្វើសេចក្តីថ្លែងការណ៍រួមគ្នា ដើម្បីបញ្ចេញមតិជុំវិញព្រឹត្តិការណ៍ចាប់ខ្លួននេះ។

 
 
តាមរយៈសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកការចាប់ប្រធានសហជីព និងបុគ្គលិកណាហ្កាវើលដ៍ ថាជាការបំពានលើសិទ្ធិមនុស្ស។ ពួកគេ លើកឡើងដូច្នេះថា៖«ការចាប់បុគ្គលិកណាហ្កាវើលដ៍មួយចំនួន ដែលភាគច្រើនបំផុតជាស្រ្តី ត្រូវបានធ្វើឡើងតាមមធ្យោបាយហិង្សា ដែលជាការបំពានសេរីភាពនៃការបង្កើតសមាគម សេរីភាពនៃការប្រមូលផ្តុំ និង សេរីភាពនៃការបញ្ចេញមតិ។...យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះឥរិយាបថ ក្នុងការចាប់ខ្លួននេះ»។   

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយដោយពឹងផ្អែកលើភស្តុតាងរបស់សមត្ថកិច្ចថា ការតវ៉ារបស់បុគ្គលិកណាហ្កាវើលដ៍ គឺមានការរៀបចំផែនការយុទ្ធសាស្រ្ត និងការផ្តល់ថវិកាពីអង្គការចាត់តាំង ដែលបង្កឲ្យមានភាពចលាចលដល់សន្តិសុខសង្គម។ សម្រាប់លោក ការតវ៉ាក្នុងចេតនាបែបនេះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬសិទ្ធិសេរីភាពជួបជុំដោយសន្តិវិធីឡើយ តែជាការតវ៉ា ដែលពាក់ព័ន្ធនឹងបទល្មើស ដែលសមត្ថកិច្ច ចាំបាច់ត្រូវតែអនុវត្តច្បាប់។

លោក បន្តថា អ្វី ដែលក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មើលឃើញ គឺគ្រាន់តែជារូបភាពខាងក្រៅប៉ុណ្ណោះ ពោលគឺជារូបភាពនៃការធ្វើបាតុកម្ម រូបភាពនៃការបញ្ចេញមតិ រូបភាពនៃការជួបជុំ តែផែនការ ដែលត្រូវបានរៀបចំពីខាងក្រោយ គឺពួកគេ ពុំបានដឹងនោះទេ ហើយពួកគេ ក៏ពុំបានពិនិត្យមើលភស្តុតាង ដែលសមត្ថកិច្ច រកឃើញដែរ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ឆ្លើយតបមកកាន់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម ដូច្នេះថា៖«មែនទែន បើវិវាទការការងារ មិនពិបាកដោះស្រាយទេ ផ្នែកលើច្បាប់ការងារកម្ពុជា។ តែដោយសារវា មិនមែនជាវិវាទការងារ វា មានរឿងហេតុ វា មានរឿងផ្សេងនៅពីក្រោយ ដោយសមត្ថកិច្ច រកឃើញមានអង្គការចាត់តាំងច្បាស់លាស់ខាងក្រៅ [ប្រទេស] មានចេតនាញុះញង់បង្កភាពចលាចលនៅក្នុងសង្គម អ៊ីចឹងហើយ មានតែវិធានការច្បាប់ទេ ដែលអាចដោះស្រាយបាន។ ទាល់តែពួកគាត់ មើលឲ្យបានស៊ីជម្រៅជាងនេះតិច ហើយកុំឲ្យមានភាពលម្អៀតផ្នែកនយោបាយ អាហ្នឹង ពួកគាត់ អាចមើលឃើញហើយ»។ 
 
អ្នកទាំង៤រូប ដែលចេញសេចក្តីថ្លែងការណ៍ គឺ លោក វិទិត ម៉ុនតារបន (Mr. Vitit Muntarbhorn)​ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក ក្លេមិន នីយ៉ាលេតសូស៊ី វូលេ (Clément Nyaletsossi Voule) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី-សិទ្ធិសេរីភាពបង្កើតសមាគម ​​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និង អ្នកស្រី អ៊ីរ៉េន ខាន់ (Irene Khan) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើកស្ទួយ-ការពារសិទ្ធិសេរីភាពបញ្ចេញមតិ។ 

ក្នុងសេចក្តីថ្លែងការណ៍ដដែល ពួកគេ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតលក្ខខណ្ឌ ដែលអង្គការសង្គមស៊ីវិល រួមទាំងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស អាចបំពេញការងារ ដោយគ្មានការជ្រៀតជ្រែក ឬការរារាំង។ 
 
គិតចាប់តាំងយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ប្រធានសហជីព និងបុគ្គលិកណាហ្កាវើលដ៍ជិត៣០នាក់ហើយ ដែលត្រូវបានចាប់ខ្លួន ដោយក្នុងនោះ មានប្រមាណ២០នាក់ ត្រូវបានដោះលែងវិញ។ ពួកគេ នាំគ្នាតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារលក្ខខណ្ឌផ្សេងៗ ដោយក្នុងនោះ ក៏មានការទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជាង៣០០នាក់ ដែលត្រូវបញ្ឈប់ ចូលធ្វើការវិញផងដែរ៕ 

Tag:
 អ្នកជំនាញសិទ្ធិមនុស្ស UN
  បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com