កីឡាជាតិ
ជាតិ
Cambodian Premier League ជាឈ្មោះផ្លូវការថ្មី នៃលីគកំពូលកម្ពុជា ដោយមាន១៦៨ប្រកួត
06, Jan 2022 , 7:59 pm        
រូបភាព
រដូវកាល២០២២ Metfone Cambodian League (C-League) ប្ដូរជា Cambodian Premier League (CPL) នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមាន៨ក្លិបចូលរួម និងមានចំនួន ១៦៨ប្រកួត ។ ការសម្រេចជាផ្លូវការនេះ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមានការចូលរួមពី លោក Satoshi Saito  នាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា នាថ្ងៃទិ៦ ខែមករា ឆ្នាំ២០២២។



លោក សៅ សុខា បានបន្ថែមថា ការសម្រេចចិត្តកាត់ក្លិបចេញពីលីគ១ ទៅលីគ២ មានការលំបាក តែក្លិបទាំងអស់ត្រូវចូលរួម ដើម្បីបង្កើតឲ្យមានការប្រសើរឡើងទាំងអស់គ្នា ។ ប្រធានសហព័ន្ធរូបនេះ បានលើកទឹកចិត្តកីឡាករទាំងអស់ ជាពិសេស នៅក្នុងលីគ២ ឲ្យមានការតាំងចិត្តប្រឹងប្រែង អស់ពីសមត្ថភាពក្នុងការប្រកួតនីមួយៗ ។

លោក Satoshi Saito  នាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា បានសង្កត់ធ្ងន់ថា លីគ២ ក៏មានសារៈសំខាន់ដែរ ព្រោះជាផ្នែកមួយ នៃក្រុមហ៊ុនលីគកម្ពុជា ហើយក៏មិនត្រូវមើលស្រាលលើសមត្ថភាពក្រុមនៅលីគ២ដែរ ។ លោក សៅ សុខា និង លោក Satoshi ជឿថាក្នុងឆ្នាំ២០២២ នឹងមានការប្រកួតប្រជែង ដ៏អស្ចារ្យ ។
  
ការបង្ហាញនៅទំព័រថ្មី នៃលីគកម្ពុជា និងនាំបាល់ទាត់កម្ពុជា ដើរទៅរកស្តង់ដារអន្ដរជាតិ ។ នេះបើតាមលោក សៅ សុខា ដែលបន្ថែមថា ការផ្លាស់ប្ដូរនេះ នឹងឲ្យកម្ពុជា ជោគជ័យក្នុងស៊ីហ្គេមជាមិនខាន។ 
 
គួរបញ្ជាក់ ក្លិបទាំង៨ ចូលរួម CPL មាន ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន ណាហ្គាវើលដ៍ កងយោធពលខេមរភូមិន្ទ គិរីវង្សសុខសែនជ័យ និងអង្គរថាយហ្គឺរ ខណៈក្លិប៥ផ្សេងទៀត មានព្រៃវែង សូលទីឡូអង្គរ អគ្គីសនីកម្ពុជា អាស៊ីអឺរ៉ុប  និងនគរបាលជាតិ នឹងត្រូវលេងក្នុងលីគ២ ។ 
 
ការសម្រេចកាត់ក្លិប៥ចេញទៅលីគ២នេះ ព្រោះក្លិបទាំងនោះ មិនទាន់គ្រប់លក្ខណៈវិនិច្ឆ័យ ស្ដង់ដារបស់ ក្រុមហ៊ុនលីគកំពូលក​ម្ពុជា ។ បើតាមពត៌មានមិនច្បាស់ការខ្លះ បានបង្ហើបប្រាប់ សារពត៌មានថ្មីៗថា លក្ខណៈវិនិច្ឆ័យ ៥យ៉ាង ដែលតម្រូវឲ្យ ក្លិបក្នុងលីគកំពូលត្រូវមាននោះ ដូចជា អាជ្ញាប័ណ្ណក្លិបពីសហព័ន្ធជាតិ និង AFC, កីឡដ្ឋានផ្ទាល់ខ្លួន, ហិរិញ្ញវត្ថុទ្រទ្រង់ក្លិប និងគ្រូដែលមានអាជ្ញាប័ណ្ណអន្តរជាតិ ។
 
ដោយឡែក ការប្រកួតពានរង្វាន់Cambodian Premier League ២០២២នេះ មាន១៦៨ប្រកួត ដោយក្នុងនោះ ក្រុមនីមួយៗទាំង៨នេះ ត្រូវប្រកួត២១លើក ក្នុងមួយក្រុម ដែលសរុប៣ជើងនៃការជួបគ្នាទៅវិញទៅមក។ នេះបើតាមព័ត៌មានបណ្ដោះអាសន្ន ដែលអ្នកសារព័ត៌មានទទួលបាន៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com