កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉េកាំង៖ អូមីក្រុងវាយលុកខ្លាំង IOC នឹងចែកសៀវភៅច្បាប់បង្ការជំងឺឱ្យអត្តពលិក
07, Jan 2022 , 8:29 am        
រូបភាព
ប្រធានកីឡាអូឡាំពិក (IOC) ជំរុញអ្នកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២ ត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ដ្បិតការរីករាលដាល់នៃជំងឺកូវីដ-១៩ ឈានដល់កម្រិតធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកនៅប្រទេសជាច្រើន។ IOC នឹងផ្តល់សៀវភៅនិយាយពីច្បាប់បង្កាជំងឺឆ្លងដល់អត្តពលិកទាំងអស់។



នាកិច្ចប្រជុំបិទទ្វារនៅថ្ងៃទី៥ ខែមករា រវាងគណៈកម្មាធិការជាតិអូឡាំពិក ជាមួយអ្នករៀបចំកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០២២ និងសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានច្រានចោលគំនិតពន្យារពេលរៀបចំព្រឹត្តិការណ៍កីឡាដែលនឹងធ្វើឡើងនៅថ្ងៃទី ៤-២០ ខែកុម្ភៈ ដោយសារតែជំងឺកូវីដ-១៩។
 
ស្របពេលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង បានវាយលុកខ្លាំងឡើងនៅទូទាំងទ្វីបអឺរ៉ុប និងនៅសហរដ្ឋអាម៉េរិក ប្រធាន IOC លោក Thomas Bach លើកឡើងថាស្ថាប័នលោកនឹងធ្វើគ្រប់យ៉ាងដើម្បីធានាសុវត្ថិភាពដល់អត្តពលិកទាំងអស់ ប៉ុន្តែពួកគេត្រូវប្រុងប្រយ័ត្នបន្ថែមទៀត។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Bach អះអាងថាលោកមានសៀវភៅច្បាប់ណែនាំដើម្បីគេចផុតពីកូវីដ-១៩ សម្រាប់អត្តពលិកមុនចេញដំណើរទៅដល់ប្រទេសចិន និងអត្តពលិកនៅក្រុងប៉េកាំងស្រាប់។
 
«ពួកគេត្រូវតែអនុវត្តតាមវិធានការដែលបានដាក់ចេញនៅក្នុងសៀវភៅកីឡារដូវរងាឆ្នាំ ២០២២ មុនពេលពួកគេចាកចេញទៅកាន់ទីក្រុងប៉េកាំង»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធាន IOC។
 
លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលរបស់ IOC ប្រចាំអូឡាំពិកប៉េកាំង ក៏បានអះអាងដែរថាផ្លូវទៅកាន់កីឡារដូវរងានឹងមិនផ្លាស់ប្តូរឡើយ ប៉ុន្តែត្រូវដំណើរការដោយសុវត្ថិភាពសម្រាប់អ្នកចូលរួមទាំងអស់ និងប្រជាជនចិន៕

Tag:
 IOC
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com