COVID-19
អន្តរជាតិ
ថៃបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ-១៩ដោយសារការរាតត្បាតនៃវីរុសអូមីក្រុង
07, Jan 2022 , 11:29 pm        
រូបភាព
ដោយ: VOA
ប្រទេសថៃ បានបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ-១៩របស់ខ្លួននៅ បន្ទាប់ពីការឆ្លងកើនឡើងបណ្តាលមកពីការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុង។ នេះបើតាមសម្តីរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។

 
ការផ្លាស់ប្តូរពីកម្រិតទី៣ទៅកម្រិតទី៤នេះ អាចនាំឲ្យមានការដាក់វិធានការនានា ដូចជាការបិទកន្លែងនានាដែលមានហានិភ័យខ្ពស់ហើយនឹងដាក់ការរឹតត្បិតលើការធ្វើដំណើរនៅក្នុងស្រុកឬការប្រមូលផ្តុំជាសាធារណៈ។
 
លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបាននិយាយថា «ប្រទេសថៃ បានចូលក្នុងដំណាក់ការនៃការឆ្លងរលកថ្មី ដែលករណីថ្មីជាច្រើន នឹងកើនឡើងយ៉ាងឆាប់រហ័ស។ កម្រិតទី៤នេះ មានន័យថា យើងអាចបិទទីកន្លែងដែលមានហានិភ័យខ្ពស់ ហើយនឹងប្រកាសវិធានការបន្ថែមទៀត»។
 
ចំណាត់ការនេះ កើតមានឡើងនៅពេលមានការកើនឡើងនូវការឆ្លងប្រចាំថ្ងៃចាប់តាំងពីដើមឆ្នាំនេះមក។ ថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន៥៧៧៥ ករណីកាលពី​ថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងចំនួន៤៨ភាគរយបើប្រៀបធៀបទៅនឹងថ្ងៃពុធ ហើយកើនឡើងជិតទ្វេដងបើប្រៀបធៀបទៅនឹងថ្ងៃទី១ មករា។ មនុស្សប្រហែល៦៩ភាគរយនៃប្រជាពលរដ្ឋថៃប្រមាណ ៧២លាននាក់ បានចាក់វ៉ាក់សាំង២ដុសរួចហើយ ក៏ប៉ុន្តែ មនុស្សដែលបានទទួលការចាក់ដូសជំរុញរួចហើយមានតែចំនួន ១០,៩ភាគរយប៉ុណ្ណោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com