COVID-19
ជាតិ
ប្រតិបត្តិករទេសចរណ៍ បារម្ភថាកូវីដ-១៩ប្រភេទ«អូមីក្រុង» រំខានដល់ការបើកទេសចរណ៍​នៅសៀម​​រាប ​
08, Jan 2022 , 12:59 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្តនៅថ្ងៃបុណ្យចូលឆ្នាំសកល ២០២២។
ភ្ញៀវទេសចរដើរកម្សាន្តប្រាសាទអង្គរវត្តនៅថ្ងៃបុណ្យចូលឆ្នាំសកល ២០២២។
សៀមរាប៖ ការលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុង កំពុងរំខានដល់ការបើកទទួលទេសចរអន្ដរជាតិឡើងវិញនៅខេត្តសៀមរាប ខណៈដែលប្រតិបត្តិករទេសចរណ៍ មានការបារម្ភកាន់តែខ្លាំងចំពោះជោគវាសនានៃអ្នករកស៊ីលើវិស័យមួយនេះ។ ក្រសួងទេសចរណ៍បញ្ជាក់ថា ផែនការទទួលទេសចរអន្ដរជាតិដើមឆ្នាំ២០២២នេះ សម្រាប់ខេត្តសៀមរាប គឺពុំមានការផ្លាស់ប្ដូរទេ តែថាទេសចរ ពុំទាន់មកច្រើន ដូចការរំពឹងទុកទេ។

 
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា វត្តមាននៃការរីករាលដាលមេរោគបំប្លែងថ្មីអូមីក្រុង កំពុងបង្កផលប៉ះពាល់ដល់ការងើបឡើងវិញ នូវវិស័យទេសចរណ៍សៀមរាប ព្រោះថាខេត្តមួយនេះ ពឹងផ្អែកភាគច្រើនលើទេសចរអន្ដរជាតិ។ លោកស្រីបន្តថា ដ្បិតថាកន្លងមកទេសចរក្នុងស្រុក បានទទួលសេវាកម្មខ្លះក៏ដោយ តែតម្រូវមានមួយផ្នែកតូចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់មានច្រើន។  
 
លោកស្រី ឆាយ ស៊ីវលីន ពន្យល់ថា៖« សៀមរាបជាតំបន់វប្បធម៌ដែលទាក់ទាញទេសចរបំផុត ការផ្គត់ផ្គង់ច្រើនជាងគេ តែបរទេសប៉ុណ្ណោះ បើទោះបីមានទេសចរក្នុងស្រុក ទៅទទួលសេវាកម្មក៏ពិតមែន តែការផ្គត់ផ្គង់សម្បូរបែប សម្រាប់បរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ។ អ្វីដែលរំពឹងបរទេសច្រើន ហើយមេរោគបំប្លែងថ្មីនេះ កំពុងយីយាប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួន គឺគេមានការរិតត្បិត ដល់ចឹងទៅ ការហោះហើរដឹកជញ្ជូនភ្ញៀវតាមអាកាសក៏ពិបាក»។ 
 
ប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តសៀមរាប លោក ដេវីដ ចាយ៉ាពីយ៉តធ៍ មើលឃើញថា ភ្ញៀវទេសចរអន្ដរជាតិ ធ្វើដំណើរមកកាន់ខេត្តនាឱកាសបុណ្យណូអែល និងចូលឆ្នាំសកល ក្នុងចំនួនមួយតិចតួចនៅឡើយ។ ចំណែកបច្ចុប្បន្ន តាមរយៈការកក់សំបុត្រ ក៏មិនទាន់មានច្រើនដែរ ភ្ញៀវទេសចរ មិនទាន់មានទំនុកចិត្តក្នុងការធ្វើដំណើរ ខណៈបញ្ហាមេរោគបំប្លែងថ្មី ធ្វើឱ្យមានការរិតត្បិតនៅអឺរ៉ុប អាម៉េរិក ហើយប្រទេសថៃ ប្រកាសបិទប្រទេសសាជាថ្មី។ យ៉ាងណា លោកដេវីដ មានសុទិដ្ឋិនិយមថា ទេសចរអន្ដរជាតិ នឹងចាប់មានឡើងវិញនៅចុឆ្នាំ២០២២នេះ។
 
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន មើលឃើញថា ក្រោយពេលប្រកាសបើកវិស័យទេសចរណ៍ឡើងវិញ មានទេសចរមួយចំនួនបានសាកសួរព័ត៌មាន និងខ្លះបានកក់សំបុត្ររួចហើយដែរ ពិសេសអំឡុងចុងខែនេះ និងខែកុម្ភៈ ខណៈដែលអ្នកខ្លះមកជាបណ្ដើរៗ គួរឱ្យកត់សម្គាល់។ យ៉ាងណា លោកស្រី ប្រធានសមាគមមានការសោកស្ដាយបន្ដិចដែរ នៅពេលមានលេចឡើងនូវមេរោគបំប្លែងថ្មីអូមីក្រុង ដែលធ្វើឱ្យភ្ញៀវទេសចរខ្លះ ពន្យារពេល និងពិចារណាចំពោះដំណើរកម្សាន្តខ្លួន មកកាន់ខេត្តសៀមរាប។
 
ចំណែកអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា ដ្បិតមានការរំខានដោយមេរោគកូវីដ-១៩ថ្មី អូមីក្រុង តែផែនការទទួលទេសចរអន្ដរជាតិនៅខេត្តសៀមរាប នៅដដែល គ្រាន់តែអ្នកទេសចរដែលចូលមក ត្រូវគោរពទៅតាមលក្ខខណ្ឌ ការធ្វើដំណើរចូលរបស់កម្ពុជា។ លោកបន្តថា អ្នកទេសចរតម្រូវឱ្យគោរពតាមវិធានការសុខាភិបាលរបស់កម្ពុជា ដោយត្រូវមានតេស្ដបញ្ជាក់ PCR ​ពេលមកដល់កម្ពុជា ហើយត្រូវតេស្តរហ័សបញ្ជាក់ម្ដងទៀត មុនធ្វើដំណើរកម្សាន្តតាមតំបន់ផ្សេងៗបាន។ លោក តុប សុភ័ក បន្ថែមថា៖«មិនទាន់មានអីupdate(ធ្វើបច្ចុប្បន្នភាព)​ថ្មីទេ ពេលមកដល់តេស្ដវិជ្ជមាន សុខាភិបាលចាត់ចែងតាមនោះ«។
 
ទោះកម្ពុជាប្រកាសទទួលទេសចរអន្ដរជាតិតាំងពីចុងឆ្នាំ២០២១ កន្លងទៅក៏ដោយ តែមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ថា ភ្ញៀវដែលធ្វើដំណើរមក ពុំទាន់មានទេសចរជាលក្ខណៈកញ្ចប់នៅឡើយ ភាគច្រើនពួកគេមកជាលក្ខណៈឯកជន ទេសចរធុរកិច្ច និងមកចម្រុះគ្នា។ យ៉ាងណា លោក តុប សុភ័ក រំពឹងថា នឹងមានទេសចរលក្ខណៈកញ្ចប់មកឆាប់ៗ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិទាំងមូល៕
 

Tag:
 កូវីដ១៩
  អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com