ជាតិ
ត្មាតភ្លើង​៧ក្បាល បង្ហាញខ្លួនជាថ្មីក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមាន២ឆ្នាំ
08, Jan 2022 , 5:59 pm        
រូបភាព
ដោយ:
​សត្វត្មាត៧ក្បាល បានបង្ហាញវត្តមានជាថ្មី នៅ​អាហារដ្ឋានត្មាត ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧ ខែធ្ន ឆ្នាំ២០២១កន្លងទៅ។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យសារព័ត៌មាន ThmeyThmey25 ដឹងថា នេះគឺជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូWWF បានប្រទះឃើញចំនួនសត្វត្មាតភ្លើង​ដល់ទៅ៧ក្បាល ​ក្រោយបាត់វត្តមានពីអាហារដ្ឋាន នៃដែនជម្រកសត្វព្រៃស្រែពក ២ឆ្នាំមកហើយ។


 
បើតាមប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កន្លងមកអ្នកស្រាវជ្រាវធ្លាប់ឃើញ សត្វត្មាតភ្លើង​ដែលចុះមករកចំណីនៅតំបន់នេះ ​តែ៥ក្បាល ឬ ៦ក្បាលប៉ុណ្ណោះ។ ជាមួយនឹងវត្តមានរបស់វានាពេលនេះ លោក កែវ សុភគ៌ សង្ឃឹមថា នឹងមានចំនួនសត្វត្មានភ្លើងកើនឡើងជាបន្តទៀត។ «សត្វត្មាតមាន តែចម្រុះគ្នា មិនមែនមានសុទ្ធដូចពេលនេះ។ ចំពោះវត្តមានសត្វត្មាតផ្សេងទៀត ដូចជាត្មាតប្រផេះ ត្នោត ក៏ឃើញមានហើរតែមិនឃើញចុះមកស៊ីចំណី។ ​លើកនេះរៀងចម្លែកបន្តិច ដោយសារមានត្មាតតែមួយប្រភេទមកស៊ីសពគោ នៅអាហារដ្ឋានយើង»។ ​ លោក កែវ សុភគ៌ បញ្ជាក់ដូច្នេះ។
 
សត្វត្មាត៣ប្រភេទ ដែលធ្លាប់មានវត្តមានក្នុងដែនជម្រកសត្វព្រៃស្រែពក មាន​ត្មាតប្រផេះ ត្មាតត្នោត និងត្មាតភ្លើង។ បើតាមលោក កែវ សុភគ៌ ចំនួនសត្វត្មាតនៅ​ដែនជម្រកសត្វព្រៃស្រែពក ​បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ មូលហេតុនៃការធ្លាក់ចុះ ត្រូវបានប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អះអាងថាបណ្ដាលមកពីការពុលចំណី។ ក្នុងបំណងអភិរក្សចំនួនសត្វត្មាតនៅក្នុងតំបន់ លោក កែវ សុភគ៌ ក៏បញ្ជាក់ដែរថា អាជ្ញាធរតែងតែចុះអប់រំ ណែនាំពលរដ្ឋ កុំឱ្យប្រើប្រាស់ថ្នាំលើសពសត្វពាហនៈ ដែលអាចបង្កឱ្យប៉ះពាល់​ដល់សត្វត្មាត ដេលស៊ីសពសត្វទាំងនោះ៕
 

Tag:
 ត្មាតភ្លើង
  ដែនជម្រកសត្វព្រៃស្រែពក
© រក្សាសិទ្ធិដោយ thmeythmey.com