ជាតិ
លោក ឡោត ឡឹង បណ្ដុះបណ្ដាលជំនាញចារស្លឹករឹតដល់សាមណេរ និងយុវជនជំនានក្រោយ
08, Jan 2022 , 9:29 pm        
រូបភាព
ដោយ៖ ឡុង តូន

សៀមរាប៖ ស្លឹករឹតជាប្រភេទស្លឹករុក្ខជាតិ ដែលគេកាត់ពីស្លឹកកំពូលនៃដើមទ្រាំង យកមកកែច្នៃដោយហាល កៀប ឆ្អើរ ដើម្បីឲ្យលាតត្រង់ស្មើទុកសម្រាប់ចារឬសរសេរជាក្បួន ក្រាំង​ គម្ពីជាដើម។ ខ្មែរហៅស្លឹករឹតដែលមានចារជាច្បាប់ទូន្មាន បែបកំណាព្យ អក្សរសិល្ប៍ ឬព្រេងនិទាន និងជាក្បួន ឬគម្ពីរសាសនាផ្សេងៗទាំងនោះថា សាស្ត្រាស្លឹករឹត។



 
 
ដើមទ្រាំងជារុក្ខជាតិមួយប្រភេទស្រដៀងនឹងដើមត្នោត។ រុក្ខជាតិនេះផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងប្រហាក់ប្រហែលនឹងត្នោតដែរ។ សព្វថ្ងៃ ដើមទ្រាំងច្រើនដុះនៅខេត្តក្រចេះ និងព្រះវិហារ។ ការដែលជ្រើសរើសស្លឹកទ្រាំងមកចារជាសាត្រា ដោយសារ ក្រោយពីការរៀបចំតាមបច្ចេកទេសរួចរាល់ គេអាចរក្សាទុកបានរហូតដល់រយឆ្នាំ​។
 
លោក ឡោត ឡឹង អ្នកចារសាត្រាស្លឹករឹត រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឲ្យដឹងថា សព្វថ្ងៃ នៅខេត្តសៀមរាបមិនសូវសម្បូរដើមទ្រាំងឡើយ។ ដើម្បីបានស្លឹកទ្រាំងយកមកប្រើការ សម្រាប់ចារសាត្រាពេញមួយឆ្នាំៗនោះ លោកត្រូវចំណាយពេលយ៉ាងតិចមួយសប្ដាហ៍សម្រាប់ទៅទិញស្លឹកទ្រាំងពីខេត្តព្រះវិហារ។ ទម្រាំបានជាសាត្រាសម្រាប់ប្រើប្រាស់រៀនសូត្រ លោកត្រូវចំណាយពេលយូរគួរសម ព្រោះត្រូវធ្វើការច្រើនដំណាក់កាល។ 


 
ក្រោយពីប្រមូលស្លឹកទ្រាំងបានហើយ លោក ឡោត ឡឹង ត្រូវយកមកកៀប ឆ្អើរដើម្បីតម្រង់ឲ្យលាតស្មើល្អ និងរក្សាទុកចន្លោះពី២ទៅ៣ខែ ឬយូរជាងនេះ មុននឹងយកមកចារជាសាត្រា។ ការចារត្រូវប្រើសំណេតាមបែបបុរាណ គឺចម្លងនូវឃ្លាឃ្លោង ក៏ដូចជាទម្រង់អក្សរឲ្យដូចនឹងតាមច្បាប់ដើមទាំងស្រុង​។ ប៉ុន្តែក៏អាចមានការចារតាម «ពាក្យរាយ»​​​ និងទម្រង់អក្សរបច្ចុប្បន្ន អាស្រ័យលើតម្រូវការអ្នកជាវ។ ពេលចាររួច ដើម្បីអាចអាន ឬមើលឃើញនូវតួអក្សរ ត្រូវយកទៅ «លុប»។ ការលុបនេះមិនមែនជាការលុបចេញឬលុបចោលឡើយ។ សម្រាប់អ្នកចារសាត្រា ពាក្យ «លុប» មានន័យថា ជាការបំពេញក្រហូង ឬជម្រៅនៃស្នាមចារដោយប្រើជ័រទឹក។ «ជ័រទឹក»ប្រៀបដូចជាទឹកខ្មៅដែលប្រើសម្រាប់បោះពុម្ព។ 
 
ជាទូទៅ ជ័រទឹកជាជ័រដែលបានមកដើមឈើទាល។ ដើម្បីឲ្យមានភាពខ្មៅសម្រាប់លុបបំពេញនូវស្នាមចារ លោក ឡោត ឡឹង ត្រូវយកជ័រទឹកថ្លាៗ និងរាវៗលាយជាមួយម្រែងភ្លើង។ បន្ទាប់ពីលុបជ័រទឹករួច ការសម្អាតត្រូវធ្វើភ្លាមៗដោយយកកន្ទក់ឬដីខ្សាច់ដែលរែងយ៉ាងម៉ដ្ឋល្អមកជូតជម្រះ។ សម្រាប់អ្នករៀនចារ ក្រោយពីសម្អាតរួចត្រូវយកមកឲ្យគ្រូដើម្បីផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ។ បើមានកំហុស ត្រូវចារសន្លឹកថ្មី។ ចុងក្រោយ ត្រូវរៀបចំតាមលំដាប់លេខរៀងនិងចងក្រងទុកជាការស្រេច។


 
ក្នុងនាមជាអ្នកមានចំណេះផ្នែកចារសាត្រា ដែលបានតស៊ូ ព្យាយាមប្រឹងប្រែង អត់ធ្មត់តាំងពីនៅជាបុព្វជិត លោក ឡោត ឡឹង បានបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ។ អ្នកដែលមកទទួលចំណេះមួយនេះមានទាំងយុវសិស្ស ទាំងសាមណេរ ដែលរស់នៅក្នុងភូមិនិងមកពីចម្ងាយផងដែរ។ អ្នកចារសាត្រារូបនេះក៏បានកត់សម្គាល់ដែរថា ដ្បិតការចែករំលែកចំណេះនេះដោយបើកចំហក៏ដោយ តែពុំសូវមានផ្លែផ្កា ព្រោះការចារសាត្រាមិនអាចក្លាយជាមុខរបរសម្រាប់ធ្វើអ្នកមានឡើយ។ ហេតុដូចនេះ មានអ្នកខ្លះក៏មករៀនគ្រាន់តែជាការសាកល្បងត្រឹមតែមួយរយៈពេលខ្លី ហើយអ្នកខ្លះទៀតចេះហើយក៏បោះបង់ទៅប្រកបអាជីពផ្សេង។ 
 
ទោះជាអាជីពមួយដែលមិនអាចរកទទួលទានធ្វើជាអ្នកមានក្ដី តែដោយសារការស្រលាញ់ពេញចិត្ត លោក​ ឡោត ឡឹង បានចំណាយពេលអស់ជាង២០ឆ្នាំ និងនៅតែដាក់ចិត្តប្រឹងប្រែងប្រកបកិច្ចការនេះបន្តទៅទៀត។ កន្លងមក ស្នាដៃចារសាត្រារបស់លោក មានការគាំទ្រពីសំណាក់ព្រះសង្ឃតាមវត្តអារាមមួយចំនួន និងពីអ្នកដែលមានសទ្ធាលើព្រះពុទ្ធសាសនាច្រើនគួរសម។ 
 
លើសពីនេះក៏មានអ្នកដែលមានធនធាននិងជាអ្នកស្រលាញ់មរតកបុរាណបែបនេះ ក៏បានជួយជាវយកទុកបង្ហាញកូនចៅនិងតាំងលម្អក្នុងគេហដ្ឋានផងដែរ។ បើការណ៍នេះនៅមានការគាំទ្រយ៉ាងរលូនបន្តទៀត ក្ដីសង្ឃឹមសម្រាប់រក្សាមរតកវប្បធម៌មួយនេះនឹងបានគង់វង់ជាអង្វែងតទៅ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភរបស់អ្នកចារសាត្រារូបនេះ គឺកង្វះខាតវត្ថុធាតុដើមនាពេលអនាគត ព្រោះស្លឹកទ្រាំងនឹងអាចកាន់តែខ្សត់ទៅៗ៕


 
 

Tag:
 ស្លឹករឹត
  សាស្រ្តាស្លឹករឹត
© រក្សាសិទ្ធិដោយ thmeythmey.com