ជាតិ
ជើងសសរប្រាសាទជាង២០ នៅថែវព្រះពាន់អង្គរវត្ត បញ្ចប់ការជួសជុលហើយ
08, Jan 2022 , 10:29 pm        
រូបភាព
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ ភ្ញៀវទេសចរដែលបានដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ប្រហែលឃើញហើយ នូវការខូចខាត ការបេះ ឬសឹករិចរឹលថ្ម នៅជើងសសរថែវព្រះពាន់ប្រាសាទអង្គរវត្ត និងនៅថែវផ្សេងទៀតក៏មានសភាពដូចគ្នានេះដែរ។ ថ្មីៗនេះ ក្រុមអភិរក្សប្រាសាទបានចាប់ផ្តើមជួសជុលឡើងវិញ។ ក្រុមការងារអភិរក្សនៃអាជ្ញាធរជាតិអប្បរា ទើបតែបានបញ្ចប់ការជួសជុលសសរថែវព្រះពាន់ នៅក្នុងប្រាសាទអង្គរវត្តចំនួន២៣សសរ។

 
លោក សយ សុភារិន្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លើកឡើងថា ក្រុមការងាររបស់លោក បានបញ្ចប់ការជួសជុលសសរចំនួន២៣ ក្នុងចំណោម ៨៣សសរ នៃថែវព្រះពាន់ប្រាសាទអង្គរវត្ត បន្ទាប់ពីមានការខូចខាត និងពុកផុយខ្លាំង។ លោកបន្តថា ការជួសជុលដំណាក់កាលទី១ ចាប់ពីខែឧសភា គឺជួសជុលជើងសសរចំនួន១១ និងដំណាក់កាលទី២ ពីខែតុលា ជួសជុលសសរដែលពុកផុយទាំងមូលតាំងពីគល់ដល់ចុង   សរុបមានចំនួន២៣សសរ ដែលបញ្ចប់នៅចុងឆ្នាំ២០២១នេះ។ លោកបន្ថែមថា ក្រុមការងាររបស់លោក គ្រោងនឹងដាក់សំណើរទៅថ្នាក់លើ ដើម្បីបន្តជួសជុលសសរដែលខូចខាតទៀត។
 
តាមការបញ្ជាក់ពីអ្នកអភិរក្ស លោក សយ សុភារិន្ទ បញ្ជាក់ថា កក្តាដែលធ្វើឱ្យថ្មពុកផុយមាន ៣ គឺលក្ខណៈរូប លក្ខណៈគីមី និងលក្ខណៈមេកានិច។ លោកពន្យល់ថា លក្ខណៈរូបដែលធ្វើឱ្យថ្មពុកផុយ មានស្លែរ បាត់តេរី ដើមឈើដុះចាក់លើថ្មធ្វើឱ្យថ្មខូចខាត។ លក្ខណៈគីមី គឺជាការប្រតិកម្មអាស៊ីត និងបាស ហើយអាស៊ីតបានមកពីទឹកភ្លៀង ដោយថ្មមានរន្ធញើស នៅពេលប៉ះគ្នា វានឹងធ្វើឱ្យសំណើមអាស៊ីត និងទឹកភ្លៀង ហើយរន្ធញើសនេះថ្មនោះ វានឹងបឺតអាស៊ីត និងទឹកភ្លៀងចូលទៅក្នុងថ្ម ដូច្នេះជាតិអាស៊ីត និងទឹកភ្លៀងប៉ះជាតិដែក ដែលធ្វើឱ្យថ្មប្រតិកម្ម ខូចខាត និងឆាប់ពុកផុយ។ មួយវិញទៀត គឺជាតិអំបិល។ បើមើលនៅតាមគល់សសរទាបៗ ដែលក្រុមការងារជួសជុលនោះ គឺកម្រិតនៃថ្មដែលត្រូវបឺតទឹកនៅតាមជើងសសរនៅអង្គរ មិនអាចលើសពី៦តឹកទេ ហើយថ្មបឺតទឹកដល់កម្រិតណា គឺថ្មពុកផុយត្រឹមហ្នឹង ដូច្នេះការបំផ្លាញនៃថ្ម មានជាតិអំបិល អាស៊ីត និងដែក។ 


 
លោក សុភារិន្ទ បន្តថា កក្តាសំខាន់ គឺជាតិអំបិល ជាសារធាតុដែលធ្វើឱ្យថ្មពុកផុយ។ ជាតិអំបិល បានមកពីពពួកសត្វល្អិត ពពួកបាក់តេរី ទឹកនោម ឬអាចម៍ប្រចៀវ នៅពេលភ្លៀងមក វារលាយអំបិលដែលផលិតពីទឹកនោម និងអាចម៍ប្រចៀវ រលាយទៅជាសូលុយស្យុង ហើយសូលុយស្យុងពេលមានទឹកដក់មក ជាតិអំបិលរលាយក្នុងទឹក រីឯថ្មវាមានប្រូស៊ីធី របស់ស្រូបយកជាតិអំបិល ពេលដែលវាឆ្អែត ជាតិទឹកវាភាយមកវិញ ប៉ុន្តែអំបិលនៅខាងក្នុងវាអត់ភាយមកវិញទេ ហើយវាតាំងនៅក្នុងថ្ម ដោយបំផ្លាញប្រូស៊ីធីរបស់ថ្ម និងធ្វើឱ្យថ្មខូចបន្តិចម្តងៗ។
 
យ៉ាងណាមិញ ការជួសជុលជើងសសរដែលពុកផុយនេះ មានបញ្ហាប្រឈមខ្លាំងដែរ។ លោក សុភារិន្ទ ពន្យល់ថា៖« ទី១ គឺបញ្ហា​រំញ័រ មុនធ្វើត្រូវយកអីទប់សិន ទី២ ថ្មធំ ដូច្នេះត្រូវកាត់ ជញ្ជូន និងបន្ស៊ីថ្ម ការងារនេះមិនចេះតែធ្វើទេ ទាល់តែមានជំនាញ ហើយនិងបញ្ហាហ៊ុយចេញពីការកាត់ថ្ម សំណាងដែរ មិនសូវមានភ្ញៀវពេលនេះ»។ 
 
តាមការបញ្ជាក់ពីលោក សុភារិន្ទ  ការជួសជុលនៅពេលនេះ គឺបន្តពីអ្នកជំនាន់មុន ព្រោះនៅតាមសសរនីមួយៗ គេឃើញមានដែកព័ទ្ធជុំវិញសសរ និងបៀកស៊ីម៉ងខ្លះ ហើយក្រុមការងារជួសជុលក៏មិនបានដកដែកចេញទេ ដើម្បីទុកជាប្រវត្តិសាស្រ្ដ។ លោក សុភារិន្ទ ពន្យល់ថា ក្រុមការងាររបស់លោកគ្រាន់តែជួយពង្រឹងសសរ ដែលមានការខូចខាតក្រោយការជួសជុលពីជំនាន់មុនតែប៉ុណ្ណោះ៕

Tag:
 សសរប្រាសាទ
  ថែវព្រះពាន់
© រក្សាសិទ្ធិដោយ thmeythmey.com