ជាតិ
កូនសត្វខ្ទីងមួយក្បាល បានកើតនៅសួនសត្វភ្នំតាម៉ៅ
09, Jan 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កូនខ្ទីងញីមួយក្បាល បានកើតនៅក្នុងសួនសត្វភ្នំតាម៉ៅ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ វត្តមានរបស់ខ្ទីងថ្មីនេះ បានក្លាយជាជោគជ័យដំបូងសម្រាប់ឆ្នាំ២០២២ ហើយជាជោគជ័យលើកទី៥ សម្រាប់សួនសត្វភ្នំតាម៉ៅ ក្នុងការបង្កាត់ពូជសត្វព្រៃ ប្រភេទជិតផុតពូជនៅកម្ពុជា។

 
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា  គម្រោងបង្កាត់ពូជសត្វខ្ទីនៅក្នុងសួនសត្វភ្នំតាម៉ៅ បាន ដំណើរការនៅឆ្នាំ២០១៧។ បច្ចុប្បន្ន សត្វខ្ទីងនៅក្នុងសួនសត្វទាំងអស់មាន ចំនួន៧ក្បាល រាប់បញ្ចូលទាំងកូនខ្ទីងញី ដែលទើបនឹងកើតនេះ ក្នុងនោះមានញី៣ក្បាល និងឈ្មោល៤ក្បាល ។ 
 
លោក បន្ថែមថា វត្តមាន កូនខ្ទីងញីមួយក្បាលថ្មីនេះ អាចក្លាយជាក្តីសង្ឃឹមសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា។ « កន្លងមកយើងធ្លាប់បង្កាត់បានជោគជ័យច្រើន ទាក់ទងនឹងសត្វជើងបួន មិនមែនតែសត្វខ្ទីងទេ ក្នុងនោះក៏មានសត្វទន្សោង ខ្លាឃ្មុំ ប្រើស រមាំង ឈ្លូស និងសត្វជាច្រើនទៀត។ លើសពីនេះ សត្វបក្សីក៏ត្រូវបានក្រុមការងារបង្កាត់បានបន្តបន្ទាប់ដែរ»។ នេះជាបញ្ជាក់របស់លោក ទ្រី ស៊ីថេង។ 


រូបភាពដោយមជ្ឈមណ្ធលសួនសត្វភ្នំតាម៉ៅ
 
លោក ស៊ី ថេងថា  បានបន្ថែមថា សត្វខ្ទីង ដែលទើបកើតនេះ មានសុខភាពល្អ  តែត្រូវការមើលថែយ៉ាងយកចិត្តទុកដាក់ ដោយត្រូវការបច្ចេកទេសថែទាំ និងរកទីតាំងឱ្យសមស្រប។  ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រូបនេះ បានពន្យល់ដូច្នេះ៖ « បើនិយាយពីសត្វខ្ទីង យើងត្រូវធ្វើទ្រុងឱ្យមាំបំផុត ព្រោះសត្វនេះមានកម្លាំងខ្លាំង ប្រសិនបើធ្វេសប្រហែស អាចនឹងមានបញ្ហាណាមួយជាមិនខាន»។
 
សត្វខ្ទីង ជាប្រភេទសត្វកម្រជិតផុតពូជនៅកម្ពុជា ហើយសត្វប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។
 
បើទោះបីជា វត្តមានសត្វប្រភេទនេះនៅមាននៅកម្ពុជាក្តី ប៉ុន្ដែតាមការសិក្សា សត្វខ្ទីងនៅកម្ពុជាធ្លាក់ចុះប្រមាណជាង ៥០ភាគរយ នៅចន្លោះឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០ ហើយនៅតែបន្តធ្លាក់ចុះដល់បច្ចុប្បន្ន ។  ចំពោះ វត្តមានសត្វខ្ទីង ត្រូវបានប៉ានស្មានថា នៅកម្ពុជាមានប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០ ខណៈនៅឆ្នាំ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន វត្តមានពិតប្រាកដរបស់សត្វកម្រ និងជិតផុតពូជនៅកម្ពុជានេះ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញមិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់បាននៅឡើយទេ៕ 


រូបភាពដោយមជ្ឈមណ្ធលសួនសត្វភ្នំតាម៉ៅ

 

Tag:
 ទ្រី ស៊ីថេង
  តាកែវ
  សួនសត្វភ្នំតាម៉ៅ
  សត្វខ្ទីង
© រក្សាសិទ្ធិដោយ thmeythmey.com