COVID-19
អន្តរជាតិ
អាថ៌កំបាំងនៃជំងឺរាតត្បាត៖ អ្នកវិទ្យាសាស្ត្រផ្តោតលើសត្វដែលជាប្រភពបង្កជំងឺកូវីដ១៩
09, Jan 2022 , 8:59 am        
រូបភាព
ដោយ: VOA
ការរាតត្បាតជំងឺកូវីដ១៩ បានកើតឡើងជាងពីរឆ្នាំហើយ ប៉ុន្តែប្រភពនៃវីរុសដ៏កាចសាហាវក្នុងពិភពលោកនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

 
អ្នកវិទ្យាសាស្ត្រភាគច្រើនជឿថា វីរុសនេះកើតចេញពីសត្វព្រៃ និងឆ្លងពីសត្វប្រចៀវទៅមនុស្សដោយផ្ទាល់ ឬតាមរយៈសត្វផ្សេងទៀត។ អ្នកវិទ្យាសាស្ត្រខ្លះទៀតថា វីរុសនេះ លេចធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន។
 
ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងសាកលលោកមានច្រើនជាង ៥,៤ លាននាក់នៅក្នុងឆ្នាំទី២ បន្ទាប់ពីវាបានឆ្លងមកមនុស្ស អ្នកវិទ្យាសាស្ត្រកាន់តែច្រើនកំពុងព្យាយាមផ្តោតការយកចិត្តទុកដាក់លើអ្វីដែលពួកគេចាត់ទុកថា ជាទ្រឹស្តី «នៃការចម្លងពីសត្វមកមនុស្ស» ដែលទំនងកាន់តែខ្លាំង ដោយសង្ឃឹមថា អ្វីដែលបានរៀនសូត្រនេះ នឹងជួយមនុស្សការពារការចម្លងវីរុសថ្មី និងវីរុសបំប្លែងខ្លួនប្រភេទថ្មី។
 
លោក Stephen Goldstein អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Utah បានថ្លែងថា«ទ្រឹស្តីដែលថា វីរុសនេះ លេចចេញពីមន្ទីរពិសោធន៍កាន់តែទទួលបានចំណាប់អារម្មណ៍កាន់តែច្រើន ជាពិសេសនៅតាមធ្វីតថឺ។ ប៉ុន្តែគ្មានភស្តុតាងដែលបញ្ជាក់ថាវីរុសនេះ ចេញមកពីមន្ទីរពិសោធន៍ទេ»។ លោក Stephen Goldstein បានសរសេរអត្ថបទមួយជាមួយអ្នកវិទ្យាសាស្ត្រ២០នាក់ផ្សេងទៀតនៅក្នុងព្រឹត្តិបត្រ Cell ក្នុងខែសីហាដែលបង្ហាញភស្តុតាងថា វីរុសនេះ មានប្រភពមកពីសត្វ។
 
លោក Michael Worobey អ្នកជីវវិទ្យាផ្នែកភាវៈរស់នៅសាកលវិទ្យាល័យ Arizona ដែលបានរួមចំណែកក្នុងអត្ថបទនោះដែរបានថ្លែងថា លោកតែងតែគិតថា ការចម្លងពីសត្វមកមនុស្សមានភាពសមហេតុផលជាងការលេចធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែលោកបានចុះហត្ថលេខាលើលិខិតមួយជាមួយអ្នកវិទ្យាសាស្ត្រផ្សេងទៀតកាលពីរដូវផ្ការីកឆ្នាំមុនថា ទ្រឹស្ត្រីទាំងពីរនេះ អាចទៅរួច។ ចាប់តាំងពីពេលនោះមក លោកថា ការស្រាវជ្រាវរបស់លោក និងរបស់អ្នកវិទ្យាសាស្ត្រផ្សេងធ្វើឱ្យលោកកាន់តែជឿជាក់លើសម្មតិកម្មដែលឆ្លងពីសត្វមកមនុស្ស និងថា ទ្រឹស្ត្រីនេះ «មានទិន្នន័យគាំទ្រច្រើនជាងឆ្ងាយ»។
 
នៅខែវិច្ឆិកា លោក Worobey បានចេញផ្សាយតារាងពេលវេលានៃជំងឺកូវីដ១៩ដែលជាប់ទាក់ទងនឹងករណីឆ្លងលើមនុស្សជាលើកដំបូងនៅផ្សារលក់គ្រឿងសមុទ្របោះដុំឈ្មោះ Huanan នៅក្នុងទីក្រុង Wuhan ប្រទេសចិន ដែលនៅទីនោះគេលក់សត្វនៅរស់។
 
លោកបានថ្លែងថា៖ «ការលេចធ្លាយចេញពីមន្ទីរពិសោធន៍ស្ទើរតែជាការភាន់ច្រឡំដ៏ធំមួយ ដែលធ្វើឱ្យការផ្តោតអារម្មណ៍ចាកឆ្ងាយពីអ្វីដែលពិតជាបានកើតឡើង»។
 
អ្នកវិទ្យាសាស្ត្រផ្សេងទៀត មិនទាន់ច្បាស់លាស់នោះទេ។ ក្នុងរដូវក្តៅនេះ ការត្រួតពិនិត្យមួយដែលបញ្ជាដោយលោកប្រធានាធិបតី Joe Biden បង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក ជឿជាក់ដោយមានទំនុកចិត្តតិចតួចថា កាលពីដំបូងឡើយវីរុសនេះ ត្រូវបានចម្លងពីសត្វមកមនុស្ស ហើយទីភ្នាក់ងារមួយជឿជាក់ដោយមានទំនុកចិត្តមធ្យមថា ការឆ្លងដំបូងជាប់ពាក់ព័ន្ធនឹងមន្ទីរពិសោធន៍។
 
អ្នកគាំទ្រសម្មតិកម្មលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយចំនួនបាននិយាយថា អ្នកស្រាវជ្រាវធ្វើឱ្យសាយភាយវីរុសនេះដោយចៃដន្យដោយសារតែមិនមាននីតិវិធីសុវត្ថិភាពគ្រប់គ្រាន់នៅពេលធ្វើការជាមួយនឹងសំណាកដែលយកចេញពីសត្វព្រៃ ឬប្រហែលបន្ទាប់ពីបង្កើតវីរុសមួយនៅក្នុងបន្ទប់ពិសោធន៍។ មន្ត្រីស៊ើបការណ៍សហរដ្ឋអាមេរិក បានបដិសេធការសង្ស័យថា ចិនបានបង្កើតវីរុសនេះឡើងដើម្បីធ្វើជាអាវុធជីវសាស្ត្រ។
 
ការស្វែងរកចម្លើយដែលកំពុងបន្តនេះ បានដុតឱ្យមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានចោទសហរដ្ឋអាមេរិកថា បានឱ្យខ្លួនរងថ្មបាក់ចំពោះគ្រោះមហន្តរាយនេះ។ អ្នកជំនាញមួយចំនួនបារម្ភថា ប្រភពនៃការរាតត្បាតនេះ នឹងមិនត្រូវបានរកឃើញនោះទេ។

ការចម្លងពីសត្វប្រចៀវទៅមនុស្ស
 
អ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងព្រឹត្តិបត្រ Cell ថា វីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ១៩នេះ គឺជាវីរុសកូរ៉ូណាដែលត្រូវបានគេកត់ត្រាជាលើកទី៩ ដែលចម្លងទៅមនុស្ស។ វីរុសពីមុនៗទាំងអស់ មានប្រភពមកពីសត្វ។
 
នេះ រួមបញ្ចូលទាំងវីរុសដែលបង្កឱ្យមានការរាតត្បាតជំងឺ SARS នៅក្នុងឆ្នាំ២០០៣ផងដែរ ហើយវាក៏ជាប់ពាក់ព័ន្ធនឹងផ្សារលក់សត្វនៅរស់នៅប្រទេសចិនផងដែរ។
 
អ្នកស្រាវជ្រាវជាច្រើនជឿថា សត្វព្រៃ គឺជាភ្នាក់ងារចម្លងវីរុស SARS-CoV-2 ដែលមានន័យថា សត្វទាំងនោះ ឆ្លងវីរុសកូរ៉ូណាពីសត្វប្រចៀវដែលក្រោយមកទៀត បានបំប្លែងខ្លួន។ អ្នកវិទ្យាសាស្ត្រ កំពុងស្វែងរកវីរុសកូរ៉ូណាពីសត្វប្រចៀវពិតប្រាកដដែលជាប់ពាក់ព័ន្ធ ហើយនៅក្នុងខែកញ្ញា បានរកឃើញវីរុសនៅក្នុងសត្វប្រចៀវចំនួន ៣ ប្រភេទនៅក្នុងប្រទេសឡាវដែលស្រដៀងនឹងវីរុស SARS-CoV-2 ជាងវីរុសផ្សេងៗទៀត។
 
លោក Worobey សង្ស័យថា សត្វឆ្កែសំពោច ជាភ្នាក់ងារចម្លង។ លោកថ្លែងថា ថនិកសត្វស្រដៀងទៅនឹងសត្វកញ្រ្ជោងនេះ ងាយឆ្លងវីរុសកូរ៉ូណាខ្លាំង និងត្រូវបានគេដាក់លក់ទាំងរស់នៅផ្សារ Huanan។
 
លោក Goldstein បានថ្លែងថា «ភស្តុតាងដែលមានលក្ខណៈគួរឱ្យជឿទុកចិត្តខ្លាំងសម្រាប់ប្រភពវីរុសចេញពីសត្វ» គឺថា សត្វដែលឆ្លងវីរុសនេះ មានវត្តមាននៅទីនោះ។ លោកបន្ថែមថា «ប៉ុន្តែតាមអ្វីដែលយើងដឹង ផ្សារនោះ ត្រូវបានសម្អាតហើយ»។ នៅដើមឆ្នាំ២០២១ អង្គការសុខភាពពិភពលោក និងប្រទេសចិន បានចេញរបាយការណ៍រួមគ្នាមួយដោយបានចាត់ទុកថា ការចម្លងវីរុសពីសត្វប្រចៀវទៅមនុស្សតាមរយៈសត្វមួយផ្សេងទៀត គឺជាសេណារីយ៉ូដែលទំនងបំផុត ហើយការលេចធ្លាយចេញពីមន្ទីរពិសោធន៍ «គឺមិនទំនងទាល់តែសោះ»។
 
ប៉ុន្តែរបាយការណ៍នោះ ក៏បានបង្ហាញពីមន្ទិលសង្ស័យពីករណីជំងឺកូវីដ១៩ដែលត្រូវបានគេដឹងជាលើកដំបូងលើគណនេយ្យករម្នាក់ដែលមិនមានទំនាក់ទំនងនឹងផ្សារ Huanan និងបានចេញរោគសញ្ញានៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩។ លោក Worobey អ្នកគាំទ្រទ្រឹស្ត្រីនៃការលេចធ្លាយពីមន្ទីរពិសោធន៍លើកពីចំណុចក្នុងការអះអាងថា វីរុសនេះ លេចធ្លាយចេញពីបរិវេណមន្ទីរពិសោធន៍វីរុសសាស្ត្រ Wuhan នៅក្បែរកន្លែងដែលបុរសនោះរស់នៅ។
 
ទោះបីជាយ៉ាងនេះក៏ដោយ បើយោងតាមការស្រាវជ្រាវរបស់លោក Worobey បុរសនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ជំងឺដែលចេញរោគសញ្ញាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ របស់លោកតាមពិតជាជំងឺឈឺធ្មេញ ហើយរោគសញ្ញាជំងឺកូវីដ១៩ បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែធ្នូ ដែលនេះ ជាកាលបរិច្ឆេទបញ្ជាក់នៅក្នុងកំណត់ត្រាមន្ទីរពេទ្យ។
 
ការវិភាគរបស់លោក Worobey រកឃើញករណីមុននេះមួយទៀត ដែលជាអ្នកលក់នៅក្នុងផ្សារ Huanan ដែលបានឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែធ្នូ។
 
ការគំរាមកំហែងពីសត្វ
 
អ្នកជំនាញបារម្ភថា ការចម្លងវីរុសពីសត្វមកមនុស្សបែបនេះ អាចនឹងបង្កឱ្យមានការរាតត្បាតថ្មី និងកាន់តែអាក្រក់ជាងនេះ។
 
ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ១៩ មក សត្វជាច្រើនប្រភេទ បានឆ្លងវីរុសនេះ រួមទាំងឆ្មាចិញ្ចឹម សុនខ និងសំពោច សត្វក្នុងសួនសត្វដូចជាអំបូរសត្វខ្លា សត្វភេ និងអំបូរសត្វ primates មិនមែនមនុស្ស សត្វសំពោចចញ្ចឹមក្នុងកសិដ្ឋាន និងក្តាន់កន្ទុយស។
 
សត្វទាំងនោះភាគច្រើន ឆ្លងវីរុសនេះពីមនុស្ស នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងការបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) ដែលនិយាយថា មនុស្ស បានចម្លងវីរុសទៅសត្វពេលមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែថា ហានិភ័យនៃការចម្លងពីសត្វទៅមនុស្សមានទាប។
 
ទោះជាយ៉ាងនេះក៏ដោយ ក្តីបារម្ភមួយទៀត គឺថា សត្វអាចចម្លងវីរុសបំប្លែងខ្លួនប្រភេទថ្មី។ អ្នកវិទ្យាសាស្ត្រមួយចំនួនចោទជាសំណួរថា វីរុសបំប្លែងខ្លួនប្រភេទអូមីក្រុង អាចចាប់ផ្តើមតាមវិធីនេះដែរ ឬទេ។
 
លោក David O'Connor អ្នកជំនាញផ្នែកវីរុសសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin-Madison ថ្លែងថា៖ «នៅជុំវិញពិភពលោក យើងអាចមានសត្វដែលអាចនឹងបង្កើតឱ្យមានវីរុសបំប្លែងខ្លួនទាំងនេះ ទោះបីជាយើង អាចគ្រប់គ្រងជំងឺកូវីដ១៩ ចំពោះមនុស្សក៏ដោយ។ យើងប្រហែលជាមិនអាចបង្កើតកម្មវិធីភាពស៊ាំទ្រង់ទ្រាយធំបានក្នុងពេលដ៏ខ្លីខាងមុខនោះទេ»។
 
លោក Worobey បានថ្លែងថា លោកបាន និងកំពុងស្វែងរកសំណាកជីវសាស្ត្រដែលអាចបញ្ជាក់ថា តើវីរុសអូមីក្រុង ត្រូវបានបង្កើតឡើងនៅពេលវីរុសឆ្លងពីមនុស្សទៅសត្វ ហើយសម្ងំនៅទីនោះ ហើយក្រោយមកឆ្លងមកមនុស្សវិញ ឬយ៉ាងណា។
 
អ្នកជំនាញនិយាយថា ការបង្ការជំងឺឆ្លងពីសត្វមកមនុស្សមិនត្រឹមតែទាមទារឱ្យមានការបង្ក្រាបការលក់សត្វព្រៃខុសច្បាប់នោះទេ ប៉ុន្តែត្រូវដោះស្រាយបញ្ហាធំៗក្នុងសាកលលោកដែលបង្កើនទំនាក់ទំនងមនុស្ស និងសត្វប្រកបដោយហានិភ័យ ដូចជាការកាប់បំផ្លាញជម្រក និងការប្រែប្រួលអាកាសធាតុ។
 
ការខកខានក្នុងការស៊ើបអង្កេតឱ្យបានពេញលេញពីប្រភពវីរុសដែលឆ្លងតាមរយៈសត្វ អ្នកវិទ្យាសាស្ត្រ បានលើកឡើងនៅក្នុងព្រឹត្តិបត្រ Cell ថា «អាចនឹងធ្វើឱ្យពិភពលោកមានភាពងាយរងគ្រោះពីការរាតត្បាតនាពេលអនាគតដែលកើតឡើងពីសកម្មភាពមនុស្សដូចគ្នា ដែលបានធ្វើឱ្យយើងស្ថិតនៅមាត់ជ្រោះនឹងវីរុសថ្មីៗជាច្រើនដងមកហើយ»។
 
នយោបាយ «បំពុល»
 
ប៉ុន្តែការស៊ើបអង្កេតបន្ថែម ត្រូវបានរារាំងដោយនយោបាយរបស់ប្រទេសមហាអំណាច។ លោក Lawrence Gostin នៃសាកលវិទ្យាល័យ Georgetown បានថ្លែងថា វាជា«ការប្រយុទ្ធគ្នាដោយគ្មានហេតុផល» រវាងចិន និងសហរដ្ឋអាមេរិក។
 
លោក Gostin នាយកមជ្ឈមណ្ឌលច្បាប់សុខាភិបាលជាតិ និងសាកលលោកដែលសហការជាមួយអង្គការ WHO បានថ្លែងថា៖ «នយោបាយពាក់ព័ន្ធការស៊ើបអង្កេតប្រភពទាំងនេះ បានបំពុលដល់កិច្ចសហការសាកលលោកដ៏ល្អប្រសើរ។ នយោបាយ ពិតជាពិសពុលមែន»។
 
ការស៊ើបអង្កេតរបស់សារព័ត៌មាន AP ក្នុងឆ្នាំ២០២០ បានរកឃើញថា រដ្ឋាភិបាលចិន បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការស្រាវជ្រាវទាំងអស់អំពីប្រភពនៃជំងឺកូវីដ១៩ និងជំរុញទ្រឹស្ត្រីខុសថា វីរុសនេះ អាចមានប្រភពមកពីក្រៅប្រទេស។
 
លោក Gostin បានថ្លែងថា៖ «នេះ ជាប្រទេសដែលមានការបិទជិត ហើយប្រទេសនេះនឹងមិនដែលអនុញ្ញាតឱ្យបរទេសចេញចូលក្នុងទឹកដីរបស់ខ្លួនដោយមិនមានការរឹតត្បិតនោះទេ»។
 
ទោះជាយ៉ាងនេះក្តី លោក Gostin ថ្លែងថា មានការវិវឌ្ឍជាវិជ្ជមានមួយកើតចេញពីការស៊ើបអង្កេតនេះ។
 
អង្គការ WHO បានបង្កើតក្រុមការងារពិគ្រោះយោបល់មួយដើម្បីពិនិត្យមើលលើប្រភពនៃការរាតត្បាតនេះ។ លោក Gostin ថា ខណៈដែលលោកមានការសង្ស័យថា តើ ក្រុមការងារនេះ អាចស្រាយប្រស្នានេះបាន ឬយ៉ាងណានោះ ប៉ុន្តែ«គេនឹងមានក្រុមអ្នកវិទ្យាសាស្ត្រដែលមានជំនាញខ្ពស់ដែលត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបឲ្យបានលឿននៅក្នុងការរាតត្បាតបន្ទាប់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com