ជាតិ
កំពង់ផែកោះទន្សាយ នឹងជំរុញការដឹកជញ្ជូនទេសចររវាងកម្ពុជា និងវៀតណាម
09, Jan 2022 , 9:59 am        
រូបភាព
ដោយ:
កំពង់ផែទេសចរណ៍កោះទន្សាយ តម្លៃ៥ពាន់លានរៀល ឬស្មើនឹងប្រមាណ ១.២​លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៩មករានេះ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប រំពឹងថា កំពង់ផែទេសចរណ៍នេះ នឹងជំរុញដល់ការធ្វើទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងវៀតណាម។



កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានបញ្ចប់ការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៩មករា ឆ្នាំ២០២២។ ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្នុងគោលបំណងពង្រីកសក្តានុពលទេសចរណ៍ខេត្តកែប និងបម្រើឱ្យវិស័យទេសចរណ៍។ បន្ថែមពីនេះប្រជាជនក្នុងតំបន់ នឹងអាចរកចំណូលពីកំពង់ផែទេសចរណ៍កោះទន្សាយនេះបានតាមរយៈ ភ្ញៀវទេសចរដើរលេងតាមកោះនានា។ 
 
បើតាមលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កំពង់ផែនេះអាចទទួលនាវា ដឹកទេសចររហូតដល់ជិត៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន ។ ទេសចរដែលទៅកម្សាន្តតាមកោះ នឹងជួយធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ទទួលបានចំណូល ព្រមទាំងរួមចំណែកជួយសេដ្ឋកិច្ចមូលដ្ឋាន។


លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
 
​លោក សោម ពិសិដ្ឋ បញ្ជាក់ដូច្នេះ៖ « កំពង់ផែទេសចរណ៍កោះទន្សាយ មានសក្តានុពលសម្រាប់ពង្រីកមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានទេសចរទៅតាមកោះ ជាពិសេសគឺកោះទន្សាយ។ នាវាផ្សេងដែលដាក់ទេសចរក្រោម ៣០០នាក់អាចចតបាន។ បងប្អូនអាជីវករក្នុងវិស័យទេសចរណ៍ នឹងមានចំណូល ពីទេសចរដែលដើរកម្សាន្តតាមទឹក និងតាមកោះ »។
ក្រៅពីមានតួនាទីជំរុញទេសចរក្នុងស្រុក កំពង់ផែទេសចរណ៍កោះទន្សាយ ក៏ជាផលិតផលសំខាន់ ដែលទាក់ទាញទេសចរ ពីបរទេស តាមរយៈការធ្វើដំណើរផ្លូវទឹកពីប្រទេសដទៃ។ ត្រង់ចំណុចនេះ អភិបាលខេត្តកែប រំពឹងថានៅពេលកំពង់ផែទេសចរណ៍នេះដាក់ឱ្យប្រើប្រាស់ ខេត្តកែបនឹងអាចមានភ្ញៀវទេសចរពីវៀតណាមមកកម្សាន្ត។ 
 
« ខេត្តកែបមានដែនដឹងប្រវត្តិសាស្ត្រជាប់ នឹងខេត្តគៀនយ៉ាង ប្រទេសវៀតណាម អ៊ីចឹងខ្ញុំមានជំនឿថា នាថ្ងៃអនាគត វិស័យទេសចរណ៍មិនមែន​តែពង្រីកនៅក្នុងខេត្ត តែអាចនឹងពង្រីកក្នុងតំបន់ ដែលជាទ្វីភាគីរវៀតណាម និងកម្ពុជា។ ផែទេសចរណ៍នេះ ជាកន្លែងសម្រាប់ចល័តទេសចរវិលជុំទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស »។ នេះជាការលើកឡើងរបស់ អភិបាលខេត្តកែប។ 
 
សូមជម្រាបថា កំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវបានសាងសង់ លើ​ទីតាំង​ផែ​ចាស់ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប កាលពីឆ្នាំ២០១៩ មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ ជិត​៥​ពាន់​ម៉ែត្រការ៉េ ប្រើប្រាស់​ថវិកា​សាងសង់​សរុប​ជិត ៥​ពាន់​លាន​រៀល​៕
 

Tag:
 ThmeyThmey25
  កំពង់ផែកោះទន្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com