ជាតិ
ការជួសជុលរួតបាកាណអង្គរវត្ត៖ អ្នកជំនាញ ព្យាយាម​រំកិលថ្មភ្ជិតគ្នាដោយប្រើបាយអ ​
09, Jan 2022 , 11:59 am        
រូបភាព
សៀមរាប៖ រួតបាកាណ ដែលជាទីខ្ពស់ជាងគេនៅក្នុងប្រាសាទអង្គរវត្ត កំពុងទទួលបានការជួសជុលពង្រឹងឡើងវិញ។ ក្រុមអ្នកជំនាញ បានជួសជុល ពង្រឹង និងតម្រឹមថ្ម ឱ្យទៅទម្រង់ដើមវិញ ហើយក៏ព្យាយាមរំកិលភ្ជិតថ្មដែលញែកចេញពីគ្នា ឱ្យដូចដើមវិញ ដោយប្រើប្រាស់បាយអ។

 
ក្រុមអភិរក្ស និងជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការជួសជុល និងពង្រឹងឡើងវិញ នូវរចនាសម្ព័ន្ធរួតបាកាណប្រាសាទអង្គរវត្ត ដែលមានហានិភ័យគួរឱ្យកត់សម្គាល់។ ថ្មជាច្រើនកន្លែង បានរំកិលខុសពីទីតាំងដើម ដែលទាមទារការជួសជុលជាបន្ទាន់។ 
 
លោក ឃាម មុនី ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវ លើការដ្ឋានជួសជុលរួតបាកាណ នៅជ្រុងនិរតី បានឱ្យសារព័ត៌មានថ្មីៗដឹងថា ក្រុមការងារជំនាញបានជួសជុល ពង្រឹង និងតម្រឹមថ្ម ឱ្យទៅទម្រង់ដើមវិញ។ លោកបន្តថា ស្ថានភាពថ្មខ្លះ មានការខូចខាតផ្នែកខាងក្នុងធ្ងន់ធ្ងរ ខណៈមើលពីក្រៅនៅល្អ។  លោក ឃាម មុនី បន្តថា៖« កន្លែងខ្លះរបើក បង្កជាដីនៅចន្លោះធ្វើឱ្យរុក្ខជាតិដុះ ដូច្នេះយើងត្រូវកាយដី ដើម្បីដាក់បាយអទៅវិញ»។


លោក ឃាម មុនី ស្ថាបត្យករ និងជាអ្នកមើលការខុសត្រូវ លើការដ្ឋានជួសជុលរួតបាកាណ នៅជ្រុងនិរតី 
 
អ្នកជំនាញរូបនេះបន្ថែមថា បញ្ហាថ្មជាចំណុចគ្រោះថ្នាក់ខ្លាំង ដោយស្ថានភាពមានហែកចេញពីគ្នា ដែលពិបាករៀបទៅវិញ ព្រោះថ្មមួយៗមានទំហំធំៗ ហើយក្រុមជួសជុលព្យាយាមបំពេញថ្មថ្មី តែនៅទីតាំងថ្មដែលទ្រទម្ងន់តួប្រាសាទប៉ុណ្ណោះ។ 
 
តាមការបញ្ជាក់ពីអ្នកជំនាញ នៅសម័យបារាំង ធ្លាប់មានការជួសជុលរួចម្ដងហើយ តែសម័យនោះបារាំងមិនបានរៀបចំថ្មរំកិល ទៅទីតាំងដើមទេ ដោយចន្លោះប្រហោងថ្មដែលរហែកនោះ គេគ្រាន់តែយកស៊ីម៉ងត៍ចាក់បំពេញតែប៉ុណ្ណោះ។ ចំណែកការងារជួសជុបច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានកាយយកស៊ីម៉ងត៍ និងដីចេញ ដោយព្យាយាមលើក និងរំកិលថ្មភ្ជិតគ្នាវិញ និងបិទបាយអ ដើម្បីពង្រឹង។ អ្នកជំនាញពន្យល់ថា ការជួសជុលដូច្នេះមានភាពរឹងមាំជាង ទោះរៀងប្រើពេលយូរបន្ដិចក្ដី។

 
ការដ្ឋានជួសជុលនៅជ្រុងនិរតីរួតបាកាណអង្គរវត្ត ចាប់ផ្តើមពីដើមខែវិច្ឆិកា ឆ្នាំ២០២១មក។ បញ្ហានៅទីខ្ពស់ ដែលពិបាកក្នុងការជញ្ជូនសម្ភារៈមានថ្ម ដី ខ្សាច់ជាដើម សុទ្ធសឹងដែលធ្វើឱ្យការដ្ឋានទាំងមូល មានការលំបាក និងប្រើពេលយូរ៕

 

Tag:
 រួតបាកាណអង្គរវត្ត
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com