COVID-19
ជាតិ
សុខភាព
កម្ពុជា ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤​ ដល់ក្រុមអាទិភាពនៅភ្នំពេញ នាថ្ងៃទី១៤មករា
09, Jan 2022 , 12:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំងប្រភេទ Pfizer ដល់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤មករា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ មករា


 
យោងតាមប្រភពដដែល ក្រុមមនុស្សអាទិភាពដែលអាចទទួលវ៉ាក់សាំងដូសទី៤ដំបូងមាន ថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល កងទ័ព នគរបាលជាតិ និងអាជ្ញាធរមូលដ្ឋាន។ ចំណែក មនុស្សមានវ័យ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន និងអ្នកសិល្បៈ ក៏ស្ថិតក្នុងក្រុមអ្នកទទួលបានវ៉ាក់សាំងដូសទី៤មុនផងដែរ។ 
 
យ៉ាងណាមិញអ្នកអាទិភាពទាំងនោះ ត្រូវមានចន្លោះនៃការទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ រយៈពេលយ៉ាងតិច ៤ខែ ទើបអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះបាន។ ដំណើរការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤នេះ នឹងចាប់ផ្ដើមនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤មករា ដល់១២កុម្ភៈ ឆ្នាំ២០២២។ 
 
សម្រាប់ក្រុមអាទិភាព ដែលរស់នៅ២៤ខេត្តផ្សេង មិនទាន់អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៤ ដំបូងដូចអ្នករស់នៅរាជធានីភ្នំពេញនោះទេ ដោយក្រសួងសុខាភិបាល នឹងចែកវ៉ាក់សាំងទៅបណ្ដាខេត្តនៅពេលមានប្រព័ន្ធរក្សាទុកវ៉ាក់សាំងប្រភេទ Pfizer។ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ៣០.៧ លានដូស ក្នុងនោះវ៉ាក់សាំង ប្រភេទ Pfizer-BioNTech ដែលនឹងផ្តល់ជាដូសទី៤ ប្រមាណ ២.៣៥ លានដូស ដោយវ៉ាក់សាំងទាំងនោះ ជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី។
 
គិតត្រឹមថ្ងៃទី៨មករា ពលរដ្ឋនៅកម្ពុជាប្រមាណ ១៣លាននាក់ហើយ បានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន២ដូស ខណៈអ្នកចាក់បាន ៣ដូស មានជិត៤លាននាក់៕
 

Tag:
 សុខាភិបាល
 កូវីដ-១៩
  វ៉ាក់សាំង
 ដូសទី៤
© រក្សាសិទ្ធិដោយ thmeythmey.com