ជាតិ
សោកស្តាយ! ផ្សោតឈ្មោលមួយក្បាល ​បានងាប់នៅដើមឆ្នាំ២០២២នេះ
09, Jan 2022 , 1:59 pm        
រូបភាព
សត្វផ្សោតឈ្មោលមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញងាប់អណ្ដែតទឹក នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ខណៈមន្រ្តីជំនាញកំពុងស្រាវជ្រាវរកមូលហេតុ​​។ នេះជាសត្វផ្សោតទី១ ដែលបានបាត់បង់ជីវិត នៅដើមឆ្នាំ២០២២នេះ។


 
លោក ម៉ុក ពន្លក មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗថា កាលពីថ្ងៃទី៨មករា ពលរដ្ឋបានប្រទះឃើញសត្វឈ្មោលមួយក្បាល ងាប់អណ្ដែតទឹកមកទើត្រង់ចំណុចភូមិក្បាលកោះ សង្កាត់កោះទ្រង់ ខេត្តក្រចេះ ដោយមិនដឹងមូលហេតុច្បាស់លាស់​។ បច្ចុប្បន្ន សត្វផ្សោតនេះ ត្រូវបានអាជ្ញាធរប្រគល់ឱ្យអង្គការមូលនិធិពិភពលោកសម្រាប់អភិរក្សធម្មជាតិ (WWF) ធ្វើកោសល្យវិច្ឆ័យ។
 
លោក ម៉ុក ពន្លក ប្រាប់ដូច្នេះថា៖«ផ្សោតហ្នឹងងាប់ថ្ងៃណា ខ្ញុំអត់ដឹងទេ ព្រោះវាមានសភាពស្អុយរលួយហើយ។ គ្រាន់តែពលរដ្ឋគាត់ប្រទះឃើញនៅទី៨ខែមករា ក្បែរកោះទ្រង់។ កិច្ចការហ្នឹង បន្ទាប់ពីយើងស្រង់ចេញពីទន្លេមក ឆ្មាំទន្លេរបស់យើង បានយកផ្សោតនោះទៅរក្សាទុកនៅ​អង្គការ WWF ដើម្បីឱ្យគេស្រាវជ្រាវ វាស់វែង កំណត់អត្តសញ្ញាណថា ផ្សោតហ្នឹងវាងាប់នៅអន្លង់ណា ហើយមានលេខសម្គាល់ប៉ុន្មាន»។
 
លោក បន្ថែមថា នៅឆ្នាំ២០២១ ខេត្តក្រចេះ មានកូនផ្សោតទើបកើតថ្មីចំនួន៤ក្បាល នៅ ​អន្លង់​ផ្សោត​កាំ​ពី ហើយងាប់ទៅវិញចំនួន ៣ក្បាល ដែលភាគច្រើនជាផ្សោតចាស់ និងជំទង់​។ ដោយឡែកនៅដើមឆ្នាំ២០២២នេះ ងាប់មួយក្បាលទៀត។ 
 
យោងតាមរបាយការណ៍កន្លងមករបស់អង្គការ WWF សត្វផ្សោតទឹកសាបមានតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ ប្រទេសកម្ពុជា។ អង្គការនេះ ស្នើរឱ្យមានការចូលរួមការពារប្រភេទសត្វផ្សោតទឹកសាបនេះ បន្ថែមទៀត ដើម្បីកុំឱ្យផុតពូជនាពេលអនាគត៕
 

Tag:
 ផ្សោត
 ជលផលខេត្តក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com