ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឌិន ស៊ីដែន៖ កម្មវិធី iLLB ពង្រឹងសមត្ថភាព​និស្សិតច្បាប់ តាមរយៈ «សវនាការប្រតិដ្ឋ»
09, Jan 2022 , 7:29 pm        
រូបភាព
លោក ឌិន ស៊ីដែន នាយកកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
លោក ឌិន ស៊ីដែន នាយកកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
ភ្នំពេញ៖ កម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត International Bachelor of Laws Program (iLLB) របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) បានដំណើរការអស់រយៈពេលជាង ៣ ឆ្នាំមកហើយ​។ កម្មវិធីនេះបង្កើតឡើងក្នុងគោលដៅជំរុញ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងសមត្ថភាព ផ្នែកច្បាប់ទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ ចាប់ពីឆ្នាំទីមួយទៅ។ នេះជាការលើកឡើងរបស់លោក ឌិន ស៊ីដែន នាយកកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត ដោយបានបញ្ជាក់ថា ស្ថាប័នអប់រំមួយអាចដើរបានជោគជ័យ លុះត្រាតែធ្វើឱ្យសិស្សជោគជ័យសិន។ 

 
និស្សិតដែលសិក្សានៅកម្មវិធីបរិញ្ញាបត្រអន្តរជាតិផ្នែកនីតិសាស្រ្ត (iLLB) ក្រៅពីទទួលបានចំណេះផ្នែកច្បាប់ទូទៅហើយនោះក៏ទទួលបានចំណេះដឹងផ្នែកច្បាប់អន្តរជាតិជាច្រើនផងដែរ។ លោក ឌិន ស៊ីដែន បានអះអាងថា កម្មវិធី iLLB កសាងមូលដ្ឋានគ្រឹះដល់និស្សិតចាប់តាំងពីឆ្នាំទីមួយ ​ដែលផ្តោតលើចំណេះដឹង និងជំនាញនៃផ្នែកច្បាប់នានា។  ចូលមកដល់ឆ្នាំទីពីរ និស្សិតត្រូវចូលរៀនផ្នែកច្បាប់គោលតែម្តង ដែលពាក់ព័ន្ធនឹងរដ្ឋប្បវេណី ព្រហ្មទណ្ឌ នីតិសាធារណៈអន្តរជាតិ និងនីតិផ្សេងៗទៀតដែលជាច្បាប់គោល។​ ឈានដល់ឆ្នាំទីបី-ទីបួន និស្សិតត្រូវបានចុះអនុវត្តជាក់ស្តែងតែម្តង។ 
 
«និស្សិតដែលសិក្សានៅកម្មវិធីរបស់យើងនៅក្នុងឆ្នាំបីគឺគាត់អនុវត្តសុទ្ធតែម្តង»​។ នេះជាការលើកឡើងរបស់នាយកកម្មវិធី iLLB  ដោយបានបន្ថែមថា «ពេញមួយឆមាសនៃឆ្នាំទីបី និស្សិតត្រូវចូលរួមកម្មវិធីប្រកួតសវនាការប្រតិដ្ឋ ដោយមាន ត្រួតពិនិត្យពីគ្រូដឹកនាំផ្សេងៗ។ នាឱកាសនេះ និស្សិតមានសិទ្ធិជ្រើសរើសឯកទេសនានាទៅតាមចំណូល ចិត្តតាមរយៈការចូលប្រកួតសវនាការប្រតិដ្ឋនេះ »។  
 
ក្រោយនិសិ្សតចូលរួមប្រកួតសវនាការប្រតិដ្ឋហើយ ចូលឆមាសទី២នៃឆ្នាំបី សាលានឹងបញ្ជូន​ និស្សិតឱ្យចុះហាត់ការ នៅកន្លែងការងារនានាដែលត្រូវនឹងឯកទេស ឬជំនាញរបស់ពួកគេ ហើយ​ចូលដល់ឆ្នាំទី៤ និស្សិត អាចសម្រួចទៅលើឯកទេសច្បាប់ណាមួយរបស់ខ្លួនបន្ថែមបាន។  


 
លោក ឌិន ស៊ីដែន  បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ​ថា​៖«កម្មវិធីសិក្សារបស់យើង គឺមានការភាពបត់បែនខ្ពស់ សម្រាប់និសិ្សត ដោយផ្តល់ឱ្យនិស្សិតអាចធ្វើការបណ្តើរ និងរៀនសូត្របណ្តើរ ព្រមទាំងលើកទឹកចិត្ត និងផ្តល់ឱកាសដល់និស្សិតឱ្យបានច្រើនតាមអ្វីដែលធ្វើទៅតាម។ កម្មវិធីដែលយើងធ្វើឡើងនេះ គឺយើងគិតថាស្ថាប័នអប់រំមួយជោគជ័យ លុះតែត្រាសិស្សជោគជ័យដែរ។  អ៊ីចឹងហើយ បានជាយើងក្នុងមួយថ្ងៃៗ គិតថាធ្វើយ៉ាងណាដើម្ បីរុញសិស្សឱ្យទៅមុខ»។ 
 
កម្មវិធី iLLB បានផ្តល់ឱកាសដល់សិស្សឱ្យចូលរួមអនុវត្តជាក់ស្តែង ចាប់តាំងពីឆ្នាំទីមួយមកដោយ​ មិនត្រឹមតែចូលរួម ក្នុងសវនាការប្រតិដ្ឋទេ  តែនិស្សិតចុះស្រាវជ្រាវមេរៀនផ្ទាល់ និងចូលរួមកម្មវិធីអប់រំផ្សេងៗបាន ផងដែរ។ 
 
កញ្ញា ហួត ស្រីពេជ្រ ដែលជានិស្សិតសិក្សានៅកម្មវិធី iLLB​  បានទទួលនូវបទពិសោធន៍ និងឱកាសចូលរួមអនុវត្តជាក់ស្តែងជាច្រើន ក្នុងការស្វែងយល់ផ្នែកច្បាប់នានាដែលបន្ថែម លើសពីកម្មវិធីសិក្សានៅក្នុងថ្នាក់។  អំឡុងពេលកំពុងសិក្សានៅកម្មវិធីiLLB និស្សិតដែលត្រៀមចូលឆ្នាំបួនរូបនេះ ក៏កំពុងការងារនៅការិយាល័យមេធាវីមួយកន្លែងនៅរាជធានីភ្នំពេញ ផងដែរ។ 


 
កញ្ញា ស្រីពេជ្រ បានរៀបរាប់​ប្រាប់សារព័ត៌មានថ្មីៗ ថា៖ «តាំងពីខ្ញុំរៀនឆ្នាំទីមួយដល់ទីបី ខាងកម្មវិធី​បានឱ្យខ្ញុំក៏ដូចនិស្សិតដទៃទៀតចូលធ្វើ Moot Court [ការប្រកួតតុលាការប្រតិដ្ឋ] ដែលឱ្យខ្ញុំរៀនបណ្តើរ ហើយ យកទ្រឹស្តីពីសាលាហ្នឹង​ទៅអនុវត្តបណ្តើរ ដោយខ្ញុំអនុវត្តបានច្រើនមែនទែន។ ឥឡូវហ្នឹង ការអនុវត្តដែលខ្ញុំទទួលបានពីសាលាកន្លងមក គឺសំខាន់ណាស់ពេល ខ្ញុំបានចូលធ្វើការងារ នាសព្វថ្ងៃនេះ​»។ បើតាម ស្រីពេជ្រ ទោះបីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង មិនសូវ​ផ្តោតខ្លាំងលើផ្នែកច្បាប់ក៏ពិតមែន ប៉ុន្តែសម្រាប់កម្មវីធី iLLB គឺផ្តោតលើច្បាប់ខ្លាំង ចាប់តាំងពីឆ្នាំទីមួយមកម្ល៉េះ ដោយរៀនអំពីអ្វីទៅជាច្បាប់, ពន្យល់ពីរដ្ឋធម្មនុញ្ញ រួមទាំងច្បាប់នានា ជាដើម។​
 
សម្រាប់កញ្ញា ហេង អេឡែន ក៏បានអនុវត្តជាក់ស្តែងផ្នែកច្បាប់ពីកម្មវិធីiLLB​ មិនខុសពីនិស្សិតខាងលើប៉ុន្មានដែរ។ លើសពីនេះ កញ្ញាទទួលបានឱកាសចូលរួមផ្នែកច្បាប់កម្រិតថ្នាក់ជាតិនិងអន្តរជាតិច្រើន ផងដែរ​។ ​«កម្មវិធីiLLBហ្នឹង គឺផ្តល់ឱកាសឱ្យខ្ញុំតែម្តង។ ត្រឹមឆ្នាំទីមួយប៉ុណ្ណោះ ប៉ុន្តែយើងមានសិទ្ធិចូលរួមប្រកួតច្បាប់អន្តរជាតិនៅជុំវិញ ពិភពលោកតែម្តង»។ នេះជាការលើកឡើងរបស់កញ្ញា អេឡែន ដោយបន្តរៀបរាប់ដោយមានមោទកភាពថា៖ «កម្មវិធីដែលខ្ញុំចូលរួមប្រកួតដំបូងគេ គឺICCMCC [International Criminal Court Moot Court Competition] ដែលធ្វើឡើងនៅប្រទេសហូឡង់។ ទោះបីយើងឆ្នាំទីមួយមែន តែខាងសាលាគឺផ្តល់ឱកាសឱ្យយើង ឱ្យតែយើងមានចំណាប់អារម្មណ៍»។ 


និស្សិត​នៃកម្មវិធី iLLB
 
ឆ្លងកាត់ការសិក្សារយៈពេលបីឆ្នាំមកនេះ កញ្ញា អេឡែន ទទួលបានបទពិសោធន៍ និងឱកាសប្រកួតប្រជែងផ្នែកច្បាប់ក្នុងកម្រិតថ្នាក់អន្តរជាតិជាច្រើន​ ដោយ កញ្ញា​បានចូលរួមការប្រកួតតុលាការប្រតិដ្ឋនៅបរទេសជាច្រើនលើក។ ​និស្សិតដែលចូលឆ្នាំទីបួនរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗថា ៖ «ឱកាសដែលខ្ញុំចូលរួមប្រកួតបានច្រើនដងហ្នឹង គឺដោយសារទី១នៅពេលដែលយើងជាសិស្សឆ្នាំទីមួយហ្នឹង គឺយើងចូលដើម្បីសិក្សានិងស្វែងយល់ពីគេសិន។ ដល់ចូលលើកទីពីរ គឺយើងដាក់ចិត្តខ្លួនឯងជាអ្នកប្រកួតតែម្តង ហើយយើងបានយកឈ្នះពីសាលាដែលល្បីផ្នែកច្បាប់ទៅទៀត»។ 
 
បើតាម កញ្ញា អេឡែន ការចូលរួមប្រកួតតុលាការប្រតិដ្ឋនេះ គឺធ្វើឱ្យសិស្សរៀនចេះច្រើន ដែលលើសពីការសិក្សានៅក្នុងថ្នាក់។ ការចូលរួមប្រកួតតុលាការប្រតិដ្ឋ គឺអាចធ្វើឱ្យសិស្សស័្វយសិក្សាដោយខ្លួនឯង​ តាមរយៈការរៀនបណ្តើរនិងអនុវត្តបណ្តើរ៕


កញ្ញា ហេង អេឡែន និស្សិតច្បាប់ឆ្នាំទី៣ នៅកម្មវិធីiLLB នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង​
 

Tag:
 លោក ឌិន ស៊ីដែន
  បរិញ្ញបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com