ជាតិ
ក្រុមអភិរក្សថ្ម កំពុងសង្រ្គោះចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម
09, Jan 2022 , 7:59 pm        
រូបភាព
លោក ឡុង ណារី  ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ
លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ
សៀមរាប៖ ក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា កំពុងសង្រ្គោះចម្លាក់សេសសល់នៅប្រាសាទភ្នំក្រោម ខណៈដែលប្រាសាទនេះ រងការខូចខាតខ្លាំង។

 
អ្នកអភិរក្សថ្ម លោក ឡុង ណារី កំពុងដឹកនាំក្រុមការងារ​ខ្លួន ជួសជុល និងអភិរក្សចម្លាក់ ដែលមានសេសសល់នៅប្រាសាទភ្នំក្រោម ដែលស្ថិតនៅលើភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ការងារនេះ ក្នុងបំណងដើម្បីសង្រ្គោះចម្លាក់ទាំងនោះ កុំឱ្យបន្តបាត់បង់លឿនពេក។ តាមអ្នកជំនាញ ចម្លាក់នៅប្រាសាទភ្នំក្រោមនៅសេសសល់តិចតួចបំផុត ខណៈស្ថានភាពថ្មមានការពុកផុយខ្លាំង ហើយចម្លាក់ភាគច្រើន មើលពុំដឹងពីក្បាច់ឡើយ ដោយនៅតែសាច់ថ្ម ផ្នែកខាងក្នុងប៉ុណ្ណោះ។ 



លោក ឡុង ណារី បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗទៀតថា ការជួសជុលនិងអភិរក្ស គឺមានការប្រើប្រាស់កាវ បញ្ចូលទៅក្នុងសាច់ថ្ម ដើម្បីកុំឱ្យក្បាច់ជ្រុះធ្លាក់ទៀត ដែលការងារនេះ គ្រាន់តែជាការសង្រ្គោះបន្ទាន់ប៉ុណ្ណោះ ដោយពុំមែនជាការជួសជុលទាំងស្រុងឡើយ។ លោកបន្តថា៖«អ្វីក៏ដោយ គ្រាន់តែជួសជុលដើម្បីពន្យារអាយុនៃការខូចខាត របេះ កុំឱ្យលឿនពេក ដើម្បីសម្រាប់ការសិក្សាទៅអនាគតទៀត យើងអាចជួសជុលទាំងស្រុង នៅពេលមានថវិកា ធនធានគ្រប់គ្រាន់...ការអភិរក្ស គឺខុសប្លែកពីការជួសជុល ជួសជុលយើងអាចយកថ្មថ្មី យកមកជំនួសកន្លែងដែលបាត់ ឃើញស្អាត ឃើញមាំ ចំណែកអភិរក្ស យើង​ទប់ស្កាត់កុំឱ្យវាធ្លាក់តែប៉ុណ្ណោះ»។
 
គម្រោងអភិរក្សថ្មនៅប្រាសាទភ្នំក្រោម ធ្វើឡើងរយៈពេល៣ខែ ដែលចាប់ផ្តើមពីដើមខែធ្នូ ឆ្នាំ២០២១មក។ ប្រាសាទភ្នំក្រោម កសាងដំណាលគ្នា​នឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូកដែរ គឺនៅសតវត្សទី១០។ យ៉ាងណា ប្រាសាទភ្នំក្រោម មានសភាពខូចខាតច្រើន។ តាមអ្នកជំនាញពន្យល់ថា កត្តាអាកាសធាតុ និងភូមិសាស្រ្ដជិតបឹងទន្លេសាប ធ្វើឱ្យថ្មសឹក ពុកផុយ និងរបេះខ្លាំង ដែលចម្លាក់ទាំងអស់នៅប្រាសាទនេះ សឹងមើលលែងយល់ទៅហើយ។ ក្រៅពីនេះ កត្តាមនុស្សនៅសម័យសង្រ្គាម ក៏សុទ្ធសឹងជាមូលហេតុផងដែរ៕






 

Tag:
 ប្រាសាទភ្នំក្រោម
  ក្រុមអភិរក្សថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com