កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ពិន័យកីឡាករឡាវ៤៥នាក់ ពីបាល់ទាត់មួយជីវិត ដោយសារកំណត់លទ្ធផលប្រកួត
10, Jan 2022 , 10:09 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ពិន័យសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិឡាវចំនួន៤៥នាក់ មិនឱ្យពាក់ព័ន្ធក្នុងកីឡាបាល់ទាត់មួយជីវិត ក្រោយរកឃើញថា ពួកគេកំណត់លទ្ធផលប្រកួតទុកមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតឡាវ LaotianTimes នៅថ្ងៃទី១០ ខែមករា។



អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) លោកស្រី Kanya Keomany បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវនៅថ្ងៃទី៧ ខែមករាថា FIFA បានសម្រេចហាមឃាត់កីឡាករឡាវទាំង ៤៥ នាក់ពេញមួយជីវិតតែម្តង។
 
«កីឡាករទាំង ៤៥នាក់នោះ មានជាប់ពាក់ព័ន្ធនឹងករណីកំណត់លទ្ធផលប្រកួត ដែលជះឥទ្ធិពលអាក្រក់ក្នុងវិស័យបាល់ទាត់ឡាវ ជាពិសេសការជ្រើសរើសកីឡាករជម្រើសជាតិសម្រាប់ការប្រកួតអន្តរជាតិ»។ កញ្ញា Kanya Keomany អះអាងបន្ថែមដូច្នេះ។
 
លោក Khampheng Vongkhanty អនុប្រធាន LFF លើកឡើងដែលថា សកម្មភាពរបស់កីឡាករទាំង៤៥នាក់ បានបំផ្លាញអនាគតរបស់ពួកគេខ្លួនឯង ហើយសហព័ន្ធកីឡាបាល់ទាត់ឡាវ បដិសេធមិនទទួលយកកីឡាករបែបនេះទេ ទោះបីជាពួកគេមានទេពកោសល្យយ៉ាងណាក៏ដោយ។
 
ស្របពេលជាមួយគ្នានេះដែរ LFF បានតែងតាំងលោក Michael Weiss ជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិឡាវ ជំនួសគ្រូសញ្ជាតិសិង្ហបុរីលោក V. Selavaj Vengadasslam ក្រោយដឹកនាំក្រុមបរាជ័យយ៉ាងអាម៉ាស់ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០២០។
 
លោក Michael Weiss សញ្ជាតិអាល្លឺម៉ង់ដែលយល់ព្រមចុះកិច្ចសន្យារយៈពេល៣ឆ្នាំ នឹងដឹកនាំទាំងក្រុមឈុតធំជម្រើសជាតិឡាវ និង U-23៕

Tag:
 FIFA
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com