កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកក្រុមកីឡាបាល់ឱប NFL ៣រូប ត្រូវបញ្ចប់តំណែងក្នុងថ្ងៃតែមួយ
11, Jan 2022 , 10:37 am        
រូបភាព
លោក Brian Flores, Mike Zimmer និង Matt Nagy ត្រូវបាត់បង់ការងារជាគ្រូបង្វឹកក្រុមកីឡាបាល់ឱ្យនៃលីគកំពូលអាម៉េរិក NFL នៅថ្ងៃទី១០ ខែមករាជាមួយគ្នា។ នេះជាការបញ្ចប់តំណែងគ្រូជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុនមកនៅ NFL នៅថ្ងៃ Black Friday។



ក្លិប Miami Dolphins បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Brian Flores ស្របពេលក្លិប Minnesota Vikings បានបណ្តេញគ្រូបង្វឹកលោក Mike Zimmer និងលោក Matt Nagy ត្រូវបាន Chicago Bears បញ្ចប់តំណែង បន្ទាប់ពីដឹកនាំក្រុមរៀងៗខ្លួនធ្លាក់ចេញពីការប្រកួតជម្រុះលីគបាល់ឱបកំពូលអាម៉េរិកនៅរដូវកាល២០២១។
 
មិនតែប៉ុណ្ណោះ ក្រុម Vikings និង Bears ក៏បានដកតំណែងអ្នកគ្រប់គ្រងទូទៅរួមមានលោក Rick Spielman និង Ryan Pace ចេញពីភារកិច្ចរបស់ពួកគេផងដែរ។
 
លោក Stephen Ross ម្ចាស់ក្លិប Dolphins រៀបរាប់ពីការបញ្ចប់តំណែងនេះដើម្បីកែលម្អក្រុមឡើងវិញ។ «បន្ទាប់ពីវាយតម្លៃរួចមក ខ្ញុំបានកំណត់ថាសក្ដានុពលសំខាន់ៗនៃក្រុមបាល់ឱបរបស់យើងមិនដំណើរការក្នុងកម្រិតដែលខ្ញុំចង់បាននោះទេ។ តែក្រោយផ្លាស់ប្តូរ ខ្ញុំជឿថាយើងអាមមានឱកាសកាន់តែប្រសើរឡើងនៅឆ្នាំ ២០២២»។
 
ដោយឡែកក្រុម Vikings ដែលបានតែងតាំង Zimmer ជាគ្រូនៅឆ្នាំ ២០១៤ បានខកខានប្រកួតវគ្គ Play-off ៣លើក ក្នុងរយៈពេល ៤រដូវកាលចុងក្រោយនេះ។
 
ម្ចាស់ក្លិប Vikings លោក Mark និង Zygi Wilf អះអាងថាពួកគេត្រួវបង្ខំចិត្តចែកផ្លូវជាមួយលោក Zimmer ដាក់អ្នកថ្មីដើម្បីលើកកំពស់ក្រុមឡើងវិញ ក្នុងការប្រជែងជើងឯក NFL ។
 
ការបញ្ចប់តំណែងរបស់គ្រូបង្វឹកទាំងបីបានកើតឡើងនៅចំថ្ងៃ Black Monday ជាមួយគ្នា និងជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ NFL។
 
Black Monday ជាថ្ងៃបន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលរបស់ NFL ហើយម្ចាស់ក្លិបបណ្តេញគ្រូបង្វឹក និងអ្នកគ្រប់គ្រងទូទៅដោយសារក្រុមធ្វើមិនបានល្អ។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ជា​លើក​ដំបូង​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដោយកាសែតនៅសហរដ្ឋអាម៉េរិក៕

Tag:
 NFL
  កីឡាបាល់ឱប
© រក្សាសិទ្ធិដោយ thmeythmey.com