អន្តរជាតិ
គណៈកម្មាធិការ​ណូបែល​ថា ការ​ផ្ដន្ទាទោស​អ្នកស្រី Suu Kyi មាន​«លក្ខណៈ​នយោបាយ»
11, Jan 2022 , 10:29 pm        
រូបភាព
អ្នកស្រី Berit Reiss Andersen ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែលសន្តិភាព។ រូបថត AFP
អ្នកស្រី Berit Reiss Andersen ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែលសន្តិភាព។ រូបថត AFP
ដោយ: VOA
ទីក្រុង​អូស្លូ ប្រទេស​ន័រវែស — គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​នៃ​ប្រទេស​ន័រវែស ដែល​ជា​អ្នក​ផ្តល់​ពាន​រង្វាន់​ណូបែល​សន្តិភាព បាន​ថ្កោលទោស​ករណី​ដែល​តុលាការ​មីយ៉ាន់ម៉ា​ ផ្ដន្ទាទោស​ថ្មី​ចំនួន ៣ ករណី​កាលពី​ថ្ងៃ​ចន្ទ​ ​លើ​អ្នកស្រី Aung San Suu Kyi ដែលជា​ជ័យលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព ​និង​ជា​អតីត​មេដឹកនាំ​ស៊ីវិល​របស់​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
អ្នកស្រី Berit Reiss-Andersen ប្រធាន​គណៈកម្មាធិការ​ពាន​រង្វាន់​ណូបែល​សន្តិភាព បាន​បញ្ជាក់​ថា៖ «គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​ មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​របស់​អ្នកស្រី Suu Kyi»។
 
អ្នកស្រី Reiss-Andersen បាន​បន្ថែម​ថា៖ «សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​ប្រឆាំង​នឹង​អ្នកស្រី Suu Kyi នេះ គឺ​ជា​ការ​សម្រេច​ដែល​មាន​លក្ខណៈ​នយោបាយ»។
 
អ្នកស្រី Suu Kyi ដែល​មាន​វ័យ ៧៦ ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ នៅក្នុង​សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​នេះ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រហូត​ដល់​រាប់​សិប​ឆ្នាំ។
 
នៅ​ក្នុង​សាលក្រម​ថ្មី​ចុងក្រោយ​បំផុត​នេះ អ្នកស្រី​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​មាន​កំហុស​ទាក់ទិន​នឹង​បទ​ចោទ​ប្រកាន់​ចំនួន ២ ករណី ដែល​ករណី​ទី​មួយ​ គឺ​ការ​នាំចូល​ និង​កាន់កាប់​អាយកូម​ដោយ​ខុស​ច្បាប់ និង​ករណី​ទី​ពីរ​ គឺ​ការ​បំពាន​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​ដឹង​អំពី​ករណី​នេះ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP៕

© រក្សាសិទ្ធិដោយ thmeythmey.com