អន្តរជាតិ
ក្រុម​សកម្មជន​៖ ឈើ​ម៉ៃសាក់ត្រូវ​បាន​នាំចេញ​ពី​មីយ៉ាន់ម៉ា​ទៅ​អាមេរិក ដោយ​រំលោភ​លើ​ការដាក់​ទណ្ឌកម្ម
12, Jan 2022 , 10:29 pm        
រូបភាព
រូប​ដែល​បាន​ថត​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ នេះ បង្ហាញពី​ឈើម៉ៃសាក់ នៅជិតក្រុង Thazi នៅ​ភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា។
រូប​ដែល​បាន​ថត​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ នេះ បង្ហាញពី​ឈើម៉ៃសាក់ នៅជិតក្រុង Thazi នៅ​ភាគ​កណ្តាល​ប្រទេស​មីយ៉ាន់ម៉ា។
ដោយ: VOA
ទីក្រុង​រ៉ង់ហ្គូន — អង្គការ​សកម្មជន​មួយ​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា ឈើ​ម៉ៃសាក់​មីយ៉ាន់ម៉ា​ប្រមាណ​ជិត ១.៦០០ តោន ត្រូវ​បាន​នាំចេញ​ទៅកាន់​ក្រុមហ៊ុន​អាមេរិក​កាលពី​ឆ្នាំ​មុន ដោយ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ដាក់​លើ​របប​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

 
ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល តាំងពី​ថ្ងៃ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ឆ្នាំ​មុន​មក។ ភាព​វឹកវរ​នេះ ​បាន​ធ្វើ​ឲ្យ​របប​យោធា​បង្ក្រាប​ដោយ​ហិង្សា ដោយ​កន្លងមក ​បាន​សម្លាប់​មនុស្ស​ប្រមាណ ១.៤០០ នាក់។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ក្រុម​អ្នក​តាមដាន​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។
 
សហរដ្ឋ​អាមេរិក ​បាន​ឆ្លើយតប​ដោយ​ដាក់​ទណ្ឌកម្ម​លើ​យោធា​មីយ៉ាន់ម៉ា និង​លើ​ក្រុមហ៊ុន​ជំនួញ​ដែល​ពាក់ព័ន្ធ​នឹង​របប​យោធា ដែល​ក្នុង​នោះ​ មាន​ទាំង​សហគ្រាស Myanma Timber Enterprise ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការ​លក់​ក្ដារបន្ទះ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ។
 
ឈើ​ម៉ៃសាក់ ​គឺ​ជា​ប្រភេទ​ឈើ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​ការ​ពេញ​និយម​បំផុត​មួយ ដោយ​គេ​និយម​យក​វា​ទៅ​ធ្វើ​នាវា និង​គ្រឿង​សង្ហារឹម​ផ្សេងៗ ដោយសារតែ​វា​មាន​ភាព​ធន់​នឹង​ទឹក។
 
ការ​នាំចូល​ឈើ​ម៉ៃសាក់​ទៅ​ក្នុង​សហរដ្ឋ​អាមេរិកតម្រូវ​ឲ្យ​មាន​ការ​ហាមឃាត់ ក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​អង្គការ​សកម្មជន Justice for Myanmar បាន​រក​ឃើញ​ថា ឈើ​ម៉ៃសាក់​ប្រមាណ​ជិត ១.៦០០ តោន ត្រូវ​បាន​ដឹក​ទៅដល់​ក្រុមហ៊ុន​អាមេរិក​នៅ​ចន្លោះ​ខែ​កុម្ភៈ ​និង​ចុង​ខែ​វិច្ឆិកា ឆ្នាំ​មុន។
 
អង្គការ​នេះ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​បម្រាម​ដល់​ការ​នាំចេញ​ឈើ​គ្រប់​ប្រភេទ​ទាំងអស់​ពី​មីយ៉ាន់ម៉ា​ចូល​ទៅ​សហរដ្ឋ​អាមេរិក៕

© រក្សាសិទ្ធិដោយ thmeythmey.com