កីឡាអន្តរជាតិ
អន្តរជាតិ
Cantona នឹងមិនមើល World Cup នៅកាតា ដោយសារកម្មករស្លាប់ច្រើនពេលសង់កីឡដ្ឋាន
13, Jan 2022 , 4:37 pm        
រូបភាព
លោក Eric Cantona នឹងមិនមើលការប្រកួតកីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតាឡើយ។ វីរបុរសក្រុម Manchester United​ រូបនេះ លើកឡើងថា ម្ចាស់ផ្ទះកាតាមិនខ្វល់ពីការស្លាប់របស់កម្មកររាប់ពាន់នាក់អំឡុងពេលសាងសង់កីឡដ្ឋាន។



«ខ្ញុំនឹងមិនមើលការប្រកួតបាល់ទាត់ពិភពលោកកាតាទេ។ កម្មកររាប់ពាន់នាក់បានស្លាប់ក្នុងការសាងសង់កីឡដ្ឋាន... ការ​សម្រេច​ចិត្ត​​ឱ្យ​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​គឺដើម្បីតែលុយប៉ុណ្ណោះ»។ នេះជាការអះអាងរបស់លោក Cantona មុនបន្ថែមថាព្រឹត្តិការណ៍នេះនឹងមិនជាប់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ឡើយ។
 
អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង វ័យ៥៥ឆ្នាំ បានចោទប្រកាន់ប្រទេសកាតាថា បានប្រព្រឹត្តិអំពើអាក្រក់លើកម្មករដែលបានសាងសង់កីឡដ្ឋានដើម្បីត្រៀមរៀបចំ World Cup ឆ្នាំ២០២២។ 
 
Cantona យល់ឃើញថាការប្រកួតកីឡាបាល់ទាត់ពិភពលោកគួរតែត្រូវផ្តល់ទៅឱ្យប្រទេសផ្សេងដែលមានឥទ្ធិពល និងរីកចម្រើនលើវិស័យបាល់ទាត់ទាំងផ្នែកបុរស និងស្ត្រី។ ដោយឡែកនៅប្រទេសកាតាវីរបុរស Man Utd ថាគ្មានអ្វីទាល់តែសោះ។
 
នៅឯពិធីសម្ពោធ Looking FC ដើម្បីដំណើរកម្សាន្តសម្រាប់អ្នកគាំទ្របាល់ទាត់ក្នុងការទទួលយកបទពិសោធន៍ជុំវិញពិភពលោក លោក Cantona និយាយត្រង់ៗនៅចំពោះមុខអ្នកគាំទ្រជាច្រើន ថាខ្លួនមិនខ្វល់នឹងការប្រកួត World Cup ឆ្នាំក្រោយទេ ដ្បិតមិនមែនជា World Cup ពិតប្រាកដ។ 
 
កាតាមិនមែនជាប្រទេសបាល់ទាត់ទេ។ ពួកគេបានសិទ្ធិរៀបព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដោយសារតែពួកគេប្រើលុយប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោក Cantona៕

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com