ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក៖ ឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជា អាចកើន៤,៥ភាគរយ និងដល់៥,៥ ភាគរយ នៅ២០២៣
13, Jan 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចកើនឡើងវិញ ប្រមាណ៤,៥ភាគរយ នៅឆ្នាំ២០២២នេះ ហើយនឹងបន្តកើនដល់៥,៥ ភាគរយ នៅ២០២៣។ នេះបើតាមការព្យាកររបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី១១ មករា។



ធនាគារពិភពលោក បានបង្ហាញរបាយការណ៍ព្យាករថា កំណើនសេដ្ឋកិច្ចឡើងវិញនេះ បើប្រៀបធៀបជាមួយប្រទេសតំបន់អាស៊ាន កម្ពុជានឹងកើនលើសប្រទេសថៃ ។ បើតាមធនាគារពិភពលោក ប្រទេសថៃមានកំណើនត្រឹម ៣.៩ភាគរយ នៅឆ្នាំ២០២២នេះ។
 
តែយ៉ាងណាក្នុងរបាយការណ៍ដដែលបន្ថែមថា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង ថៃ ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍នោះ គឺមិនរំពឹងថានឹងងើបឡើងវិញដល់កម្រិតខ្ពស់ ដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ឡើយ។
 
បន្ថែមពីនេះ ធនាគារពិភពលោក ក៏បានព្រមានពីវត្តមានវីរុសបំលែង Omicron នៅកម្ពុជា ដែលអាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរផងដែរ។
 
កន្លងមករដ្ឋាភិបាលកម្ពុជា បានព្យាករថាសេដ្ឋកិច្ចជាតិ នឹងងើបឡើងវិញ ដល់៤.៨ភាគរយ នៅឆ្នាំ២០២២នេះ ។  បើតាមសេចក្តីព្រាងច្បាប់ថវិការជាតិសម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា អាចកើនឡើងវិញ ដោយសារការបើកដំណើរប្រទេសជាធម្មតា ជាពិសេសវិស័យមួយចំនួន ដូចជា ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ កសិកម្ម និងសំណង់ជាដើម មានសន្ទុះឡើងវិញ៕
 

Tag:
 សេដ្ឋកិច្ច
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com