កីឡាអន្តរជាតិ
អន្តរជាតិ
ប្លែកៗ! អាជ្ញាកណ្តាលបញ្ចប់ការប្រកួត Afcon 2021 រវាងទុយនីស៊ី និងម៉ាលី នៅនាទី៨៥
13, Jan 2022 , 6:30 pm        
រូបភាព
ការប្រកួតពានរង្វាន់ទ្វីបអាហ្វ្រ៊ិក Africa Cup of Nations ឆ្នាំ២០២១ បានបង្កភាពរញ៉េរញ៉ៃមិនធ្លាប់មាន ដោយសារអាជ្ញាកណ្តាលកាត់សេចក្តីផ្លុំកញ្ចែបញ្ចប់ការប្រកួតរវាងទុយនីស៊ី និងម៉ាលី នៅត្រឹមនាទី៨៥។ លោក Mondher Kebaier គ្រូបង្វឹកក្រុមទុយនីស៊ី ថាមិនដែលជួបអាជ្ញាកណ្តាលប្រភេទនេះទេ តាំងពីដឹកនាំក្រុមមក។



ក្នុងជំនួបពូល F ដែលម៉ាលីយកឈ្នះទុយនីស៊ី ១-០ នៅថ្ងៃទី១២ ខែមករា អាជ្ញាកណ្តាលដែលមានបទពិសោធន៍លោក Janny Sikazwe បានផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅត្រឹមនាទី៨៥។ 
 
កំហុសក្នុងការកាត់ក្តីរបស់លោក Sikazwe បានធ្វើឱ្យលោក Mondher Kebaier គ្រូទុយនេស៊ីខឹងសម្បារ និងស្ទុះពីកៅអីសំដៅទៅអាជ្ញាកណ្តាលភ្លាមៗតែម្តង។ សមាជិក្រុម​ រួមទាំងគ្រូបង្វឹកទុយនីស៊ីមិនពេញចិត្តហើយតវ៉ានឹងការសម្រេចនេះ រហូតបានដំណើរការប្រកួតវិញ ប៉ុន្តែអាជ្ញាកណ្តាលសញ្ជាតិសំប៊ីរូបនេះបានបង្កើតកំហុសម្តងទៀត ដោយបញ្ចប់ប្រកួតនៅនាទី៨៩​ និង៤៩វិនាទីពោលគឺមុនម៉ោង៩០នាទី និងមិនមានការថែមម៉ោងអ្វីទាំងអស់។
 
រឿងរ៉ាវដ៏មិនគួរឱ្យជឿនេះ បានធ្វើឱ្យខាងភាគីទុយនេស៊ីខឹងជាលើកទី២ ហើយក្រុមមន្ត្រីបានសម្រុកចូលទីលានដើម្បីតវ៉ា។ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក (CAF) បានសម្រេចចិត្តបន្ថែម៤នាទីទៀត។


 
ក្រោយភាពចម្រូងចម្រាស៤០នាទី ក្រុមម៉ាលីបានយល់ព្រមចូលទីលានលេងបន្ត ប៉ុន្តែទុយនីស៊ីមិនព្រមចូលលេង ហើយលោក Sikazwe ដែលមានបទពិសោធន៍កាត់ក្តីនៅ World Cup បានបញ្ចប់ការប្រកួតជាលើកទី៣។
 
លោក Kebaier គ្រូបង្វឹកទុយនេស៊ី បានប្រាប់អ្នកយកព័ត៌មានថាកីឡាករចូលបន្ទប់ងូតទឹក ៣៥នាទីទៅហើយ មុនពេលក្រុមមន្ត្រីអាជ្ញាកណ្តាលហៅត្រឡប់ចូលប្រកួតវិញ។ «ខ្ញុំបង្វឹកក្រុមលេងក្នុងការប្រកួតច្រើនរាប់មិនអស់ មិនដែលឃើញអាជ្ញាកណ្តាលបែបនេះទេ»។ គ្រូសញ្ជាតិទុយនេស៊ី វ័យ៥១ឆ្នាំបន្ថែមដូច្នេះ៕

Tag:
 Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com