កីឡាអន្តរជាតិ
អន្តរជាតិ
ប្រមុខ UN នឹង​ចូលរួម​ពិធីបើក​អូឡាំពិក​​ប៉េកាំង ស្របពេលប្រទេសមហាអំណាចខ្លះពហិការ
15, Jan 2022 , 9:29 am        
រូបភាព
អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នឹងទៅចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ នៅខែក្រោយ។ ប្រមុខ ​UN រូបនេះ លើកឡើងថា ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ជាឧបករណ៍ជំរុញសន្តិភាពរបស់មនុស្សជាតិ។



លោក ហ្គូ​តេ​រ៉េ​ស បានបញ្ជាក់ពីការចូលរួម​​របស់​លោកនៅថ្ងៃទី១៣ ខែមករា​ ​ចំពេល​មេដឹកនាំកំពូលៗជាច្រើន​ធ្វើ​ពហិការ​ការទូតក្នុងព្រឹត្តិការណ៍រដូវរងារនេះ​។ ​​អាម៉េរិក រួមជាមួយ​អូស្ត្រាលី អង់គ្លេស កាណាដា និង​ជប៉ុន មិនបញ្ជូនមន្ត្រីរបស់ខ្លួនទៅចួលរួមពិធីបើកអូឡាំពិកនៅថ្ងៃទី៤ ខែកុម្ភៈឡើយ ដើម្បីប្រឆាំងចិន ដែលត្រូវបានចោទថាបានរំលោភសិទ្ធិមនុស្សទៅលើជនជាតិវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅតំបន់ស៊ីនជាំង។
 
មុនសម្រេចធ្វើពហិការការទូត ក្រុមសិទ្ធិមនុស្ស និងសមាជិកសភាសអាម៉េរិកបានអំពាវនាវដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពន្យារពេលការប្រកួតកីឡានេះ ហើយផ្លាស់ប្តូរទីតាំងប្រកួតវិញ លុះត្រាចិនបញ្ចប់ទង្វើដ៏អាក្រក់របស់ខ្លួន ដែលអាម៉េរិកចាត់ទុកថាជាការអំពើប្រល័យពូជសាសន៍។
 
យ៉ាងណាក៏ដោយ ចិនបដិសេធការការចោទនេះ និងថ្កោលទោសចំពោះការធ្វើពហិការពីសំណាក់ប្រទេសទាំងនោះ ថាជាការក្បត់គោលការណ៍អូឡាំពិក។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អគ្គលេខាធិការ UN បានប្រាប់អ្នកយកព័ត៌មានថាលោកនឹងទៅចូលរួមពិធីបើកអូឡាំពិក ដ្បិតនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលតំណាងឱ្យតួនាទីនៃកីឡាក្នុងការនាំមនុស្សរួបរួមគ្នា និងលើកកម្ពស់សន្តិភាព។
 
លោក ហ្គូ​តេ​រ៉េ​ស បញ្ជាក់ច្បាស់ៗថាលោកទៅចួលរួមនេះដោយមិនជាប់ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយណាមួយឡើយ។ «វត្តមានរបស់ខ្ញុំនៅក្នុងកម្មវិធីបើកអូឡាំពិកឆ្នាំ២០២២ ព្រោះកីឡាអូឡាំពិកជាឧបករណ៍សម្រាប់សន្តិភាពនៅក្នុងពិភពលោក»៕

Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com