អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi) ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ
14, Jan 2022 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi) បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តល់សេវាកម្ម និងការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម ​ដែលជាអតិថិជនគោលដៅរបស់ AMK និង BanhJi នូវផលិតផលហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុបែបឌីថល ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពការគ្រប់គ្រងអាជីវកម្ម និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម ។
 
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង BanhJi បានដាក់ឱ្យដំណើរការនូវ ផលិតផលហិរញ្ញវត្ថុ និងសេវាគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នា រួមមាន ៖
  • ការទូទាត់វិក្កយបត្រ (Digital Invoice Payment)
  • ការទូទាត់តាម QR Code (QR Code Payment)
  • សេវាកម្មការគ្រប់គ្រងសាច់ប្រាក់ (Cash Management Service)
  • កញ្ចប់សេវាកម្មគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យម (Bundling Products and Services) 
  • ភាពងាយស្រួលក្នុងការស្នើសុំឥណទាន (Access to AMK’s Loan Products)
 
កិច្ចសហប្រតិបត្តិការនេះ និងរួមបញ្ចូលទាំងការអភិវឌ្ឍន៍ថ្នាលហិរញ្ញវត្ថុឌីជីថល និងកម្មវិធីសម្រាប់វិស័យគោលដៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង BanhJi ថ្មីៗបន្ថែម ស្របតាមយុទ្ធសាស្រ្តជាអទិភាពរបស់អង្គភាពទាំងពីរ។


 
លោក គា បូរាណ អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា៖ «​កិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលដ៏ប្រសើរមួយ ដើម្បីបើកទំព័រឆ្នាំថ្មី ឆ្នាំ២០២២ សម្រាប់ សហគ្រាសធុនតូច និងមធ្យម ក្នុងការសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុដែលមានប្រសិទ្ធិភាព ដើម្បីសម្រេចគោលដៅ និងធានានូវនិរន្តភាពប្រតិបត្តិការជំនួញ ។  យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលការគ្រងគ្រងហិរញ្ញវត្ថុបែបឌីជីថលឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការ អតិថិជនយើងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទូទាំងប្រទេសកម្ពុជា”។


 
លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបញ្ជី មានប្រសាសន៍ថា៖ « ថ្ងៃនេះពួកយើងពិតជាមានភាពរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ត្រជាផ្លូវការ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ។ AMK ជាស្ថាប័នហិរញ្ញវត្ថុមុនដំបូងគេ ដែលផ្តើមសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយ BanhJi តាំងពីឆ្នាំ២០១៧ កន្លងមក។  បេសកម្មរបស់ក្រុមហ៊ុនបញ្ជី គឺការគាំទ្រ បរិយាប័ន្នហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ហើយការងារនេះតម្រូវអោយមាន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបញ្ជី និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK នឹងបន្តរួមគ្នាផ្តល់នូវដំណោះស្រាយបែបឌីជីថល និងមានភាពនវានុវត្តន៍ សម្រាប់បញ្ហាគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ដែលបានជួបប្រទះជារៀងរាល់ថ្ងៃ»៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com