កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីលុបចោលទិដ្ឋការ Djokovic ម្តងទៀត ព្រោះបារម្ភហានិភ័យឆ្លងកូវីដ-១៩
14, Jan 2022 , 8:29 pm        
រូបភាព
នេះជាលើកទីពីរហើយដែលប្រទេសអូស្ត្រាលី បានលុបចោលទិដ្ឋការរបស់កីឡាករវាយកូនបាល់លំដាប់លេខ១ Novak Djokovic នៅថ្ងៃទី១៤ មករានេះ។ ការលុបចោលនេះក៏ព្រោះ Djokovic ជាកីឡាករតែម្នាក់ ដែលមិនចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលអាចជាហានិភ័យខ្ពស់។



រដ្ឋមន្ត្រីអន្តោប្រវេសន៍ Alex Hawke បានប្រើប្រាស់អំណាចក្នុងការសម្រេចលុបចោលទិដ្ឋការរបស់ Djokovic ជាថ្មីម្តងទៀត។ តុលាការអូស្រ្តាលីក៏បានសម្រេចឱ្យកីឡាករជើងឯក Grand Slam ២០លើករូបនេះ ឈ្នះក្តីនិងដោះលែងកាលពីថ្ងៃទី១០ខែមករា។
 
«ថ្ងៃនេះខ្ញុំបានប្រើប្រាស់អំណាចរបស់ខ្ញុំក្រោមមាត្រាលេខ ១៣៣C ស្តីពីច្បាប់លុបចោលទិដ្ឋការរបស់ជនអន្តោប្រវេសន៍ដែលកាន់កាប់ដោយលោក Novak Djokovic ក្រោមហេតុផលការពារសុខភាពសាធារណៈ។»លោក Hawke បាននិយាយថ្លែងការបែបនេះ។
 
ក្រោមច្បាប់ស្តីពីការលុបចោលទិដ្ឋការលើជនអន្តោប្រវេសន៍ ដែលប្រើលើ Djokovic បែបនេះ រូបគេនឹងមិនអាចទទួលបានទិដ្ឋការចូលមកប្រទេសអូស្ត្រាលី រយៈពេល៣ឆ្នាំ។ Djokovic អាចចូលក្នុងប្រទេសអូស្ត្រាលីបានលើកលែងក្នុងលក្ខខណ្ឌពិសេស ដែលជាផលប្រយោជន៍ដល់អូស្ត្រាលីតែប៉ុណ្ណោះ។
 
ការសម្រេចចិត្តលុបចោលទិដ្ឋការរបស់គេជាថ្មីបែបនេះ ដោយសាររដ្ឋាភិបាលបានដាក់ក្តីបារម្ភពីបញ្ហាឆ្លងកូវីដ-១៩ កើនឡើង។ ឮការលុបចោលទិដ្ឋាការនេះ រដ្ឋាភិបាលអូស្ត្រាលី ក៏ទុកឱកាសឱ្យ Djokovic តតាំងក្តីនៅក្នុងសវនាការម្តងទៀត ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅ និងបន្តប្រកួត Australian Open ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៧​ ខែមករា៕

Tag:
 Novak Djokovic
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com