អត្ថបទពាណិជ្ជកម្ម
កម្មវិធី SmartStart រដូវកាលទី៤ ផ្តល់រង្វាន់១ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដល់ជ័យលាភី ក្នុងការប្រកួតអាជីវកម្មបច្ចេកវិទ្យា
17, Jan 2022 , 2:46 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៖ បន្ទាប់ពីបានចំណាយពេលជាង ៦ខែក្នុងវគ្គបណ្ដុះបណ្ដាល និងកែច្នៃគំនិតអាជីវកម្មរបស់ ខ្លួន ក្រុម Adero ត្រូវបានជ្រើសរើសជាជ័យលាភីក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ៤ ក្រោយបានធ្វើឲ្យ គណៈកម្មការវិនិច្ឆ័យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវគ្គផ្ដាច់ព្រ័ត្រលើដំណោះស្រាយប្រកបដោយភាពច្នៃច្រឌិតរបស់ពួកគេ។ 
 
ក្រុម Adero ដែលជាប្រព័ន្ធផ្សាយពាណិជ្ជកម្មដ៏ឆ្លាតវៃ ត្រូវបានជ្រើសរើសជាជ័យលាភី និងបានឈ្នះទឹកប្រាក់ចំនួន ៦ ០០០ ដុល្លារ រួមទាំងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង។ ក្រុម KELA ដែលជាវេទិកាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលស្វែងរកកន្លែងលេងកីឡាបានជាប់លេខរៀងទី ២ និងឈ្នះទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។ លេខរៀងទី ៣បានទៅកាន់ ក្រុម FlexFloc ដែលបានឈ្នះដំណើរទស្សនកិច្ចបច្ចេកវិទ្យាក្នុងតំបន់សម្រាប់ដំណោះស្រាយច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រព័ន្ធ Internet of Things ដែលអាចផ្ញើបច្ចុប្បន្នភាពនៃព័ត៌មានតាមទូរស័ព្ទទៅកាន់កសិករចិញ្ចឹមត្រី។


 
ក្រុមជ័យលាភីឆ្នាំនេះទទួលបានរង្វាន់សាច់ប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ និងដំណើរទស្សនកិច្ចបច្ចេកវិទ្យាដែលទទួលបានប្រាក់ឧបត្ថម្ភទាំងស្រុង ដើម្បីទៅធ្វើទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អាជីវកម្មបច្ចេកវិទ្យាល្បីល្បាញផ្សេងៗក្នុងតំបន់។  
 
សមាជិកក្រុមជ័យលាភី ពេជ្រ ពង្សបញ្ញាវឌ្ឍន៍ បានឲ្យដឹងថា ៖ «កម្មវិធីនេះគឺពោរពេញទៅដោយភាពប្រកួតប្រជែង ហើយការប្រកួតកាន់តែមានភាពខ្លាំងក្លា ដែលជាមូលហេតុធ្វើឱ្យការទទួលបានជ័យជំនះក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ឆ្នាំនេះ គឺកាន់តែធ្វើអោយជក់ចិត្តមែនទែន»។
 


ពង្សបញ្ញាវឌ្ឍន៍  បានបន្ថែមទៀតថា ៖ «យើងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចបច្ចេកវិទ្យា និងបន្តធ្វើការលើគំនិតអាជីវកម្មអាជីវកម្មរបស់យើង។ ការគាំទ្រដែលយើងទទួលបានពីអ្នកណែនាំ និងអ្នករៀបចំកម្មវិធីរបស់យើងនឹងជួយយើងឱ្យកាន់តែឆ្ពោះទៅមុខដើម្បីទទួលបានជោគជ័យបន្ថែមទៀត»។
 
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart  ដែលផ្តួចផ្ដើមឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ដែលកំណត់អត្តសញ្ញាណ និងបណ្ដុះបណ្ដាលអ្នកដឹកនាំភាពជាសហគ្រិនផ្នែកឌីជីថលនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។
 
លោកស្រី  Mila Jivkova Kusheva  នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ 
«ក្រុមទាំងអស់ដែលបានចូលរួមក្នុងឆ្នាំនេះបានស្នើដាក់បង្ហាញគំនិតអាជីវកម្មអស្ចារ្យជាច្រើន និងធ្វើបទបង្ហាញល្អៗមែនទែន ដែលធ្វើឱ្យការជ្រើសរើសជ័យលាភីមានការពិបាក»។
 
លោកស្រី បានបន្ថែមទៀតថា ៖ «យើងមានមោទនភាពដែលបានឃើញកម្រិតនៃការរីកចម្រើនរបស់កម្មវិធី SmartStart ដែលផ្ដើមតាំងពីវគ្គដំបូងមកម្លេះ។ នេះឆ្លុះបញ្ចាំងច្បាស់ណាស់ថា អ្នកចូលរួមទាំងអស់នឹងអាចបន្តចូលរួមចំណែកយ៉ាងសំខាន់ចំពោះអនាគតឌីជីថល និងសេដ្ឋកិច្ចរបស់កម្ពុជា ដូចជាក្រុមជ័យលាភី Adero ក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យយើងទាំងអស់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិត និងការខិតខំប្រឹងប្រែងរបស់ពួកគេ»។


 
លោកស្រីក៏បានបន្ថែមទៀតថា ៖ «ក្រុមហ៊ុន  Smart មានសេចក្តីសោមនស្សរីករាយដែលបានសហការបង្កើតកម្មវិធីនេះជាមួយ Impact Hub Phnom Penh ហើយយើងទន្ទឹងរង់ចាំពង្រីកបន្ថែមទៀត ឱកាសបែបនេះដល់យុវជននៅទូទាំងប្រទេស។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ព្រមយ៉ាងមុតមាំពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយគាំទ្រ នឹងពង្រឹងកម្មវិធីនេះ ឱ្យទទួលបានជោគជ័យ»។
 
គំនិតអាជីវកម្មចំនួន ២ផ្សេងទៀតដែលបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ក្នុងឆ្នាំនេះគឺ៖
 
iCompost គឺជាម៉ាស៊ីនកែច្នៃកាកសំណល់ដ៏ឆ្លាតវៃ ដែលបំលែងកាកសំណល់ផ្ទះបាយ អាហារប្រចាំថ្ងៃ ទៅជាជីកំប៉ុស្តដែលសំបូរសារធាតុចិញ្ចឹម ដើម្បីចិញ្ចឹមរុក្ខជាតិក្នុងផ្ទះនិងក្រៅផ្ទះ។
Your Space គឺជាវេទិកាមួយដែលផ្តល់ទីតាំងចតរថយន្តរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទៅក្នុងកម្មវិធីលើទូរស័ព្ទដៃ ដែលអ្នកប្រើប្រាស់អាចចុះឈ្មោះកន្លែងទំនេររបស់ពួកគេ ហើយប្រែក្លាយកន្លែងនោះទៅជាចំណតរថយន្តដោយជួយកាត់បន្ថយការចតយានយន្តដោយមិនមានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។
 
បន្ទាប់ពីបានឆ្លងកាត់វគ្គជម្រុះជាច្រើនជុំ ដែលរួមមានវគ្គ «Digithon» ដែលជាដំណាក់កាលសិក្សាដ៏ល្អិតល្អន់ និងពាក់ព័ន្ធជាមួយជំនាញស្វែងរកដំណោះស្រាយក្នុងបញ្ហាប្រឈមក្នុងជីវិតពិត ដែលអាចធ្វើទៅបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា (Internet of Things) និងការដាក់បង្ហាញនូវគំនិតរបស់ពួកគេសម្រាប់វគ្គ «Technopreneurship Challenge»  ដែលក្រុមចុងក្រោយបង្អស់ចំនួន ៥ ត្រូវបានដាក់ឲ្យចូលរួមក្នុងកម្មសិក្សាដែលមានប្រាក់ឧបត្ថម្ភ ជាមួយក្រុមហ៊ុនអាជីវកម្មបច្ចេកវិទ្យាល្បីៗនៅក្នុងប្រទេស ដែលរួមមាន Arrowdot សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) ក្រុមហ៊ុន Vodworks ក្រុមហ៊ុន V-Tenh ក្រុមហ៊ុន Codingate ក្រុមហ៊ុន BigEight ក្រុមហ៊ុន BookMeBus និងក្រុមហ៊ុន Bloo។
 
ក្រុមចុងក្រោយទាំង ៥ ត្រូវធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ពួកគេក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។


 
ក្រុមជ័យលាភីត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យចំនួន ៥ រូប ដែលរួមមាន លោកស្រី  Mila Jivkova Kusheva  នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata  លោក កឹម បូរា វិនិយោគិន និងសហគ្រិន Mekong Strategic Partners លោក Stephane Munster សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SKG Energy 4.0 Technologies លោកស្រី Ratana Phurik Callebaut សហស្ថាបនិក និងជាអ្នកវិភាគហិរញ្ញវត្ថុ (CFA Lead) និង កញ្ញា Zoe Ng នាយកគ្រប់គ្រងRaintree។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ 
 
 
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ដែលផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។
 
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart អនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យនៅកម្ពុជាចាប់ផ្តើមនូវអាជីវកម្មឌីជីថល ដោយផ្តល់នូវបទពិសោធន៍សិក្សាពិសេសៗតាមរយៈការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកនូវវិសាលភាព ដើម្បីផ្តល់ការអប់រំផ្នែកភាពជាសហគ្រិនដល់យុវជនកម្ពុជាឲ្យកាន់តែច្រើន និងផ្តល់ផលជះជាវិជ្ជមានដល់សិស្សានុសិស្សប្រហែលមួយពាន់នាក់។
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com