ជាតិ
អ្នកជំនាញ​ឡាវកាន់តំណែង​ជា CEO ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការទន្លេមេគង្គបន្តពីកម្ពុជា
17, Jan 2022 , 3:37 pm        
រូបភាព
ដោយ: រួបរួម
អ្នក​ជំនាញជន​ជាតិ​ឡាវ លោក អានុឡាក់ គិធិឃួន (Anoulak Kittikhoun) នា​ថ្ងៃទី​១៧ ខែ​មករា នេះ បាន​ចូល​កាន់មុខ​តំណែងជា​នាយក​ប្រតិបត្តិនៃ​លេខាធិការ​ដ្ឋាន​គណៈកម្មការទន្លេមេគង្គ (MRCS)បន្តតំណែងពីអ្នក​ជំនាញ​កម្ពុជា លោក អានពេជ្រ ហត្ថដា ដែល​បាន​ផុតអណត្តិ។

 
បណ្ឌិត អានុឡាក់ ជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍អន្តរជាតិ ហើយ​ពោរពេញដោយបទពិសោធន៍ក្នុងកិច្ចការទន្លេមេគង្គ ដែលរួមមានបទពិសោធន៍២០ ឆ្នាំក្នុងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការសហប្រជាជាតិ និងអង្គភាពពាក់ព័ន្ធនានា។ លោកជាបុគ្គលិកអន្តរជាតិដំបូងគេ មកពីប្រទេសឡាវដែលបានទៅបម្រើការនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ផងដែរ​។ 
 
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យជាតិអូស្ត្រាលី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ និងបណ្ឌិតផ្នែកអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ច ពីសកលវិទ្យាល័យស៊ីធី ទីក្រុងញូវយ៉ក។ 
 
លោកក៏ជាសហនិពន្ធសៀវភៅចំនួនពីរអំពីអង្គការអាងទន្លេនៅក្នុងកិច្ចការទូតទឹក (River Basin Organizations in Water Diplomacy) និងប្រទេសតូច ការទូតទូលំទូលាយ (Small Countries, Big Diplomacy) ក៏ដូចជាអត្ថបទជាច្រើនស្តីពីការទូតទឹក និងទំនាក់ទំនងអន្តរជាតិ ពីទន្លេមេគង្គ អាស៊ាន និងកិច្ចការអង្គការសហប្រជាជាតិ។
 


 
យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មការទន្លេមេគង្គ (MRC) អ្នក​ជំនាញឡាវ​រូបនេះ ត្រូវបានគាំទ្រ​ដោយ​ក្រុម​ប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី​របស់​ MRC កាលពីខែ​វិច្ឆិកា កន្លងមក​បន្ទាប់ពីគណៈកម្មាធិការចម្រុះរបស់ស្ថាប័ននេះ ធ្វើការសម្រេចចិត្តជ្រើសរើសលោកជាឯកច្ឆន្ទ។ ក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រី គឺជាស្ថាប័នអភិបាលកិច្ចខ្ពស់បំផុតនៃអង្គការនេះ ដោយមានសមាជិកភាពជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងបរិស្ថានមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ 
 
 
លោក អានុឡាក់ នឹងដឹកនាំស្ថាប័នអន្តរជាតិប្រចាំទីក្រុងវៀងចន្ទ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតនៅទីក្រុងភ្នំពេញ ក្នុងអំឡុងអាណត្តិរបស់លោក ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ក្នុង​ប្រវត្តិសាស្ត្រ​២៥​ឆ្នាំ​របស់ MRC លោកជា​បុគ្គលទី៣ដែលបាន​កាន់តំណែងជា​នាយក​ប្រតិបត្តិនៃ​លេខាធិការ​ដ្ឋាន​គណៈកម្មការទន្លេមេគង្គ (MRCS) ដោយ​បន្តពី​លោក អានពេជ្រ ហត្ថដា (២០១៩-២០២២) និង​អ្នកជំនាញវៀតណាម លោក Pham Tuan Phan (២០១៦-២០១៩)។
 
«ខ្ញុំពិតជាមានកិតិ្តយសយ៉ាងខ្លាំង ចំពោះមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ។ ក្នុងរយៈពេលបីឆ្នាំ ខាងមុខនេះ ខ្ញុំនឹងជួយសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ លើបញ្ហាប្រឈមសំខាន់ៗរបស់អាងទន្លេមេគង្គ និងកាលានុវត្តន៍ផ្សេងៗ បន្តលើកកម្ពស់ MRC ជាអង្គការអាងទន្លេកម្រិតពិភពលោក ព្រមទាំងថែរក្សា និងបង្កើតដៃគូថ្មីៗ គាំពារដល់កិច្ចប្រឹងប្រែងទាំងពីរខាងលើនេះ»។ នេះជាការតាំងចិត្ត​របស់​លោក អានុឡាក់។
 
 
ក្នុងអំឡុងអាណត្តិរបស់លោក នាយកប្រតិបត្តិថ្មីរូបនេះ នឹងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ MRC ឆ្នាំ២០២១-២០២៥ ខណៈដែលអាងនេះ ប្រឈមនឹងបញ្ហាដែលមិនធ្លាប់កើតមាន ដោយសារការប្រែប្រួលអាកាសធាតុ និងរំហូរទឹកមិនទៀងទាត់។ មុខតំណែងចុងក្រោយជាប្រធានផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់​ MRC ចាប់ពីឆ្នាំ២០១៦ រហូតដល់ការតែងតាំងជានាយកប្រតិបត្តិ ធ្វើឲ្យលោកឈរយ៉ាងរឹងមុំាក្នុងតួនាទីថ្មីនេះ ដើម្បីជួយឲ្យមានការចូលរួមកាន់តែស៊ីជម្រៅរវាងប្រទេសជាសមាជិក MRC ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍​ និងភាគីពាក់ព័ន្ធផ្សេងទៀត។
 
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីជំរុញលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់នៅក្នុងតំបន់អាងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ផ្អែកទៅតាមកិច្ចព្រមព្រៀងទន្លេមេគង្គ រវាងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ ស្ថាប័ននេះ បំពេញតួនាទីជាវេទិកាថ្នាក់តំបន់សម្រាប់ការទូតទឹក ក៏ដូចជាជាមជ្ឈមណ្ឌលប្រមូលផ្តុំចំណេះដឹងអំពីការគ្រប់គ្រងធនធានទឹក ដើម្បីអភិវឌ្ឍន៍តំបន់នេះប្រកបដោយចីរភាព៕
 

Tag:
 មេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com