ជាតិ
៦ឆ្នាំក្រោយមរណភាពលោក ប៉ែន សុវណ្ណ, សម្ដេច ហ៊ុន សែន បកស្រាយថា អតីតមេដឹកនាំរូបនេះ ក្បត់បក្ស
17, Jan 2022 , 3:04 pm        
រូបភាព
(មុខគេខាងឆ្វេង) សម្ដេច ហេង សំរិន លោក ប៉ែន សុវណ្ណ សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន....។(រូបឯកសារ)
(មុខគេខាងឆ្វេង) សម្ដេច ហេង សំរិន លោក ប៉ែន សុវណ្ណ សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន....។(រូបឯកសារ)
៦ឆ្នាំហើយ ដែលលោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានទទួលមរណភាព ដោយសាររោគាពាធ នៅជន្មាយុ៨០ឆ្នាំ។ ដ្បិតអតីតមេដឹកនាំរូបនេះ មរណកាលហើយ​ក្តី ប៉ុន្តែរឿងរ៉ាវប្រវត្តិនៃការតស៊ូរំដោះប្រទេសកម្ពុជា និងការចាប់ខ្លួនលោក ប៉ែន សុវណ្ណ ត្រូវបានបកស្រាយជាថ្មី តាមរយៈសារសំឡេងពិសេសមួយ របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ មករា។


ខ្លឹមសារ១ម៉ោង និង២៥នាទី របស់សម្ដេច ហ៊ុន សែន បានរៀបរាប់ថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ដោយកម្លាំងចលនាបះបោល៥ក្រុមហើយនោះ ក៏មានការរៀបចំរចនាសម្ព័ន្ធ នៃការបង្កើតបក្សឡើងវិញ ដោយក្នុងនោះ មានមនុស្ស៧នាក់ ដែលមានអំណាចនៅក្នុងបក្សនេះ តាមរយៈការបោះឆ្នោតពីសមាជិកចំនួន៦២នាក់ នៃមហាសន្និបាត ចាប់ពីថ្ងៃទី៥ ដល់៨ មករា ១៩៧៩។ អ្នកមានអំណាចគ្រានោះ រួមមានលោក ប៉ែន សុវណ្ណ សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម សម្ដេច ហ៊ុន សែន លោក ប៊ូ ថង លោក ចាន់ គិរី និងលោក វ៉ាន់ សន។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលបណ្ដោះអាសន្នមួយក៏បានបង្កើតឡើង ដោយមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្ដកម្ពុជា នៅថ្ងៃទី៨ មករា ។ សម្ដេច ហ៊ុន សែន បានរៀបរាប់ថា សម្ដេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា មានតួនាទីជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង ខណៈលោក ប៉ែន សុវណ្ណ ជាអនុប្រធាន ទទួលបន្ទុកកិច្ចការពារជាតិ។ ចំណែកសម្ដេច ហ៊ុន សែន ជាសមាជិកទទួលបន្ទុកកិច្ចការបរទេស ហើយសម្ដេច ជា ស៊ីម ជាសមាជិកទទួលបន្ទុកកិច្ចការមហាផ្ទៃ។ លោក ចាន់ វ៉ែន ទទួលបន្ទុកកិច្ចការអប់រំ, លោក ម៉ុក សាគន្ធ ទទួលបន្ទុកសេដ្ឋកិច្ច និងជីវភាព , លោក កែវ ចិន្តា ទទួលបន្ទុកឃោសនាការ និងវប្បធម៌ និងលោក នូ បេង ទទួលបន្ទុកកិច្ចការសុខាភិបាល។
 
ចន្លោះឆ្នាំ១៩៧៩ ដល់ ១៩៨១ មានការរៀបចំរចនាសម្ព័ន្ធ និងតែងតាំងសមាជិកតាមស្ថាប័ននៃរដ្ឋាភិបាលបណ្ដោះអាសន្នជាហូរហែរ រហូតដល់មានការរៀបចំមហាសន្និបាតលើកទី៤ ដោយមានការរៀបចំគណៈកម្មាធិការកណ្ដាលមួយ ដែលបានដាក់បញ្ចូលលោក សាយ ភូថង (មរណភាព) ក្នុងតួនាទីបក្ស តាមរយៈបោះឆ្នោតមហាសន្និបាតវិសាមញ្ញ ។ បើតាមសម្ដេច ហ៊ុន សែន ក្នុងគ្រានោះ ក៏មានការបោះឆ្នោតសភា ដែលបានកសាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិតកម្ពុជាមួយ ដោយក្នុងនោះសម្ដេច ហេង សំរិន ជាប្រធានរដ្ឋ ហើយលោក សាយ ភូថង ជាអនុប្រធាន។ សម្ដេច ជា ស៊ីម ជាប្រធានសភា ខណៈលោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្រ្តី ឬជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ សម្ដេច ហ៊ុន សែន ជាឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស , លោក ចាន់ ស៊ី ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ជា សុទ្ធ ឧបនាយករដ្ឋមន្រ្តីក្រសួងផែនការ។
 
រៀបរាប់មួយអន្លើរនេះហើយ សម្ដេច ហ៊ុន សែន ក៏បានបកស្រាយពីមូលហេតុចាប់ខ្លួនលោក ប៉ែន សុវណ្ណ យកទៅឃុំខ្លួននៅវៀតណាម ។ ក្នុងអំឡុងពេលលោក ប៉ែន សុវណ្ណ កាន់អំណាចជានាយករដ្ឋមន្រ្តី រយៈពេល៦ខែនោះ សម្ដេច ហ៊ុន សែន បានអះអាងថា មេដឹកនាំរូបនេះ បានប្រព្រឹត្តអំពើខុសឆ្គងចំពោះមេដឹកនាំផ្សេងទៀតនៅបក្ស ។ 
 
ប្រមុខរដ្ឋាភិបាល កាន់អំណាចជាង៣៧ឆ្នាំ ដែលបានចាប់ខ្លួនលោក ប៉ែន សុវណ្ណ ដោយផ្ទាល់ដៃរូបនេះ បានបកស្រាយដូច្នេះថា៖« ប៉ែន សុវណ្ណ បានធ្វើកំហុសច្រើនណាស់ ចាប់តាំងពីពេលចូលមកដល់ទីក្រុងភ្នំពេញ។ ការឆែកផ្ទះបង ជា ស៊ីម , ឆែកផ្ទះ បង ហេង សំរិន និងការប៉ុនប៉ងមកឆែកផ្ទះរបស់ខ្ញុំ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែល ប៉ែន សុវណ្ណ បានបង្កើត។ ក្រៅពីនោះ ប៉ែន សុវណ្ណ បានបង្កើតរឿងរ៉ាវច្រើនណាស់ រាប់ទាំងចាប់មេដឹកនាំ(តស៊ូរបស់បក្ស)មួយចំនួន ដោយគ្រាន់តែធ្វើដំណើរមកសួរសុខទុក្ខបងប្អូនថា្នក់ដឹកនាំ ដូចជាបង ហេង សំរិន បង ជាស៊ីម ឬខ្លួន ខ្ញុំ នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែយើងចេះតែអធ្យាស្រ័យ និងអប់រំគ្នា»។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៀតថា លោក ប៉ែន សុវណ្ណ បានធ្វើឱ្យកម្លាំងអ្នកតស៊ូជាមួយគ្នានៅតំបន់ឦសាន្ត ជាប់ព្រំដែនវៀតណាម មានការថ្នាំងថ្នាក់ និងបែកខ្ញែក រត់ចូលព្រៃទៅចូលរួមជាមួយពួកខ្មែរក្រហមវិញ ដោយសារមានការសង្ស័យគ្នា។ សម្ដេច បានសង្កត់ធ្ងន់ថា លោក ប៉ែន សុវណ្ណ មានការសង្ស័យលើសម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន ជាបន្តបន្ទាប់។
 
លុះដល់ថ្ងៃទី២៨ វិច្ឆិកា ១៩៨១ លោក ប៉ែន សុវណ្ណ ក៏បានកោះប្រជុំចង្អៀតមួយ ជាមួយសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន និងលោក សាយ ភូថង ដែលជាអ្នកមានអំណាចក្នុងបក្ស។ បើតាមសម្ដេច ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះ គឺលោក ប៉ែន សុវណ្ណ បានរៀបចំផ្លាស់ប្ដូរមេដឹកនាំតាមក្រសួង​ ដោយឱ្យលោក ចាន់ ស៊ី រដ្ឋមន្រ្តីការពារជាតិ ទៅជារដ្ឋមន្រ្តីឧស្សាហ៍កម្ម ជំនួសលោក កែវ ចិន្តា ដែលត្រូវធ្វើជាលេខាបក្សក្រុងភ្នំពេញ។ ចំណែកតួនាទីរដ្ឋមន្ត្រីការពារជាតិនៅទំនេរ លោក ប៉ែន សុវណ្ណ សុំចូលកាន់តំណែងនេះ មួយទៀត ក្រៅពីតួនាទីនាយករដ្ឋមន្រ្តី។ ប៉ុន្តែសម្ដេច ហ៊ុន សែន បដិសេដលើបំណងរបស់លោក ប៉ែន សុវណ្ណ រហូតមានគំនិតថ្នាំងថ្នាក់ចិត្តនឹងគ្នា។
 
សម្ដេច ហ៊ុន សែន ចាត់ទុកការទាមទាររបស់លោក ប៉ែន សុវណ្ណ នេះ ជាការក្ដោបក្ដាប់អំណាច និងជាអំពើក្បត់បក្ស។ សម្ដេច ហ៊ុន សែន ដែលបានពិភាក្សាជាមួយលោក សាយ ភូថង ពីគម្រោងដកលោក ប៉ែន សុវណ្ណ ចេញពីបក្ស បានបកស្រាយយ៉ាងដូច្នេះ​៖«បង សាយ ភូថង ប្រាប់ខ្ញុំថា ប៉ែន សុវណ្ណ ក្បត់ហើយ ដូច្នេះយើងមិនអាចទុកគាត់តទៅទៀតបានទេ។ ដូច្នេះ ខ្ញុំ ក៏បានបញ្ជាក់ថា ពិតប្រាកដណាស់បង មិនទុក( ប៉ែន សុវណ្ណ) តទៅទៀតទេ។ យើងត្រូវតែដោះស្រាយបញ្ហារបស់យើងហើយ ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េច បើ ប៉ែន សុវណ្ណ គឺជាមនុស្សដែលមកពីវៀតណាម។ អ៊ីចឹងតើ យើងយកទៅណា? យើងត្រូវតែហ៊ាននិយាយជាមួយវៀតណាម ដើម្បីប្រគល់ឱ្យវៀតណាមជួយ»។

សម្ដេច ហ៊ុន សែន និងលោក សាយ ភូថង ជាអ្នកចូលចាប់លោក ប៉ែន សុវណ្ណ ផ្ទាល់ដៃ នៅក្នុងគេហដ្ឋាន ហើយបញ្ជូនតាមជើងយន្តហោះ ទៅវៀតណាមភ្លាមៗ។ ក្រោយកម្ចាត់លោក ប៉ែន សុវណ្ណ ចេញពីបក្សហើយ ក៏មានការគាំទ្រឱ្យលោក ចាន់ ស៊ី ដែលជាឧបនាយករដ្ឋមន្រ្តីការពារជាតិ ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ជំនួសវិញ។ លោក ចាន់ ស៊ី កាន់អំណាចជានាយករដ្ឋមន្រ្តី បានតែជាង៣ឆ្នាំប៉ុណ្ណោះ ក៏ទទួលមរណភាព នៅឆ្នាំ១៩៨៤ ដោយសារជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានផ្ញើរសារមួយទៅលោក ខាន់ សុវណ្ណ ដែលគេស្គាល់ថា ជាអ្នកអត្ថាធិប្បាយហូរហែរពីរឿងនយោបាយនៅកម្ពុជា ឱ្យកែតម្រូវពាក្យពេចន៍ខ្លួនឡើងវិញ ដែលបានបកស្រាយថា ការតែងតាំងលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ជានាយករដ្ឋមន្រ្តី គឺជានយោបាយប្រទាញប្រទង់គ្នា រវាងរដ្ឋាភិបាលវៀតណាម និងសូវៀត (រុស្ស៊ី)។ បានន័យថា អ្នកកាន់តំណែងនាយករដ្ឋមន្រ្តីគ្រានោះ នឹងប្រឈមគ្រោះថ្នាក់ ដោយសារតែគោលនយោបាយរដ្ឋាភិបាលបរទេសទាំងពីរ។ សម្ដេច ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់លោក ខាន់ សុវណ្ណ នេះ ខុសពីការពិតទាំងស្រុង ដែលនាំឱ្យបរទេស និងមហាជនយល់ច្រឡំ។
 
សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ បានជាប់ពន្ធនាគារនៅទីក្រុងហាណូយ ប្រទេសវៀតណាម អស់រយៈពេល១០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨១ ដល់១៩៩១។ អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរូបនេះ កើត​នៅ​ថ្ងៃ​ទី​ ១៥​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៣៦​ នៅ​ភូមិ​ចន្ទ​ទៀប​ ឃុំ​សំរោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។លោក បានទទួលមរណភាព កាលពីថ្ងៃទី២៩ តុលា ២០១៦។ មុនពេលទទួលម​រណភាពលោក ប៉ែន សុវណ្ណ ធ្លាប់បកស្រាយជាសាធារណៈ និងតាមរយៈសន្និសីទកាសែតដែរថា លោកបានដឹងពីនយោបាយបញ្ចូលនិគមវៀតណាម ដែលចង់បញ្ជូនប្រជាជន​ កាន់តែ​ច្រើន​ឡើង​ ឱ្យ​មក​រស់នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។​
 
លោក ប៉ែន សុវណ្ណ ធ្លាប់អះអាងថា វៀតណាមចង់ប្រើប្រាស់​នយោបាយ​ សម្លាប់​ខ្មែរ​ តាម​រយៈ​គម្រោង​ ផែនការ​ «ក​៥​» ដែល​ជា​ការ​រៀបចំ​កេណ្ឌ​ប្រជាពលរដ្ឋ​ឱ្យកាប់ព្រៃ ដែលអាច​ស្លាប់​រាប់​សែន​នាក់​ ដោយសារ​ជំងឺគ្រុនចាញ់​ និង​ជាន់​មីន​ ក្រោម​លេស​ការពារ​ព្រំប្រទល់​ដែន​ខ្មែរ​-​ថៃ​។​ អតីតមេដឹកនាំរូបនេះ ក៏ធ្លាប់បានបញ្ជាក់ថា វៀតណាមក៏មាននយោបាយ​ ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​កម្ពុជាដែរ​។​
 
បើតាមសៀវភៅសុបិន​និង​ការពិត លោក វ៉ាន់ឌី កាអុន បាន​សរសេរ​ថា ការ​ដក​ហូត​ដំណែង លោក ប៉ែន សុវណ្ណ គឺ​បណ្ដាល​មក​ពី​លោក​ប្រមាថ​ទីក្រុង​ហាណូយ​យ៉ាង​ខ្លាំង ដោយ​ចង់​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​មូស្គូ ​រំលង​ទី​ក្រុង​ហាណូយ​។ មិនតែប៉ុណ្ណោះលោក ប៉ែន សុវណ្ណ បានប៉ុនប៉ង​រំដោះ​កម្ពុជា​ពី​ការ​គាប​សង្កត់​របស់​វៀតណាម ហើយ​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។ ​ប៉ុន្តែ​​សំខាន់​ជាង​នេះ ​លោក​ប៉ែន សុវណ្ណ របូត​ពី​តំណែង ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក ក៏​ព្រោះ​តែ​លោក​ ​ជា​អតីត​ខ្មែរ​វៀតមិញ ដណ្ដើម​តួនាទី​ដឹក​នាំ​របស់ក្រុម​ខ្មែរ​ក្រហមភូមិភាគ​បូព៌ា​ប្រឆាំង​នឹង​ប៉ុលពត ដែលគេ​ស្គាល់​ថា ជា​ក្រុម ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន​។ ដោយសារទំនាស់​ប្រជែង​អំណាច​រវាង​ចរន្ត​ទាំង​ពីរ​នេះ​ហើយ ​ដែល​ធ្វើឱ្យ​វៀតណាម​បារម្ភ ហើយ​បង្ខំ​ចិត្ត​កម្ចាត់​ចោល​។ នេះបើតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិកន្លងមក។
 
ប្រវត្តិសង្ខេប ពីការបះបោលផ្ដួលរលំរបបខ្មែរក្រហម តាមរយៈការរៀបរាប់របស់សម្ដេច ហ៊ុន សែន
ចលនារំដោះប្រទេសជាតិ ចេញពីរបប ប៉ុល ពត ដែលមានការងើបរើបម្រាស់ឡើង ដោយចលនាអ្នកស្នេហាជាតិ៥ក្រុម ពីតំបន់ផ្សេងៗ។ ក្នុងនោះ មានក្រុមកម្លាំងទី១ មកពីទិសបូព៌ា ដែលដឹកនាំដោយសម្ដេច ហេង សំរិន ជាប្រធាន និងសម្ដេច ជា ស៊ីម (មរណភាព) អតីតប្រធានព្រឹទ្ធសភា ជាអនុប្រធាន ដែលបានបះបោលប្រឆាំងខ្មែរក្រហម នៅថ្ងៃទី២៥ ឧសភា ១៩៧៨។ ក្រុមទី២ ដឹកនាំដោយលោក ប៊ុន មី ជាប្រធាន និងលោក ប៊ូ ថង (មរណភាព)អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ ជាអនុប្រធាន ពីទិសឦសាន្ត នៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលមានកម្លាំង ២វីរសេនាតូច ផ្ដាច់ខ្លួនចេញពីពួកខ្មែរក្រហមតាំងពីឆ្នាំ១៩៧៥ ដើម្បីប្រមូលកម្លាំងតស៊ូ។
 
ក្រុមទី៣ គឺរបស់សម្ដេច ហ៊ុន សែន ដែលចាប់ផ្ដើមតស៊ូ តាំងពីថ្ងៃទី ២០ មិថុនា ១៩៧៧ ហើយបានបង្កើតរណស្សិរសង្គ្រោះជាតិ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានកម្លាំងប្រមូលផ្ដុំឈរជើង ប្រមាណជា៧-៨កងវីរសេនាតូច ។ ក្រុមនេះ សម្ដេច ជាប្រធាន និងលោក ហែម សាមិន (មរណភាព) ដែលជាអតីតអភិបាលខេត្តកណ្ដាល ជាអនុប្រធាន។ ក្រោយរំដោះប្រទេសបាន សម្ដេច បានប្រមូលកម្លាំង រហូតដល់ ២៣កងវីរសេនាតូច និងក្រុមប្រតិបត្តិការប្រដាប់អាវុធ ១០០ក្រុម ដែលមានកម្លាំងសរុបជាង១ម៉ឺននាក់។ 
 
ដោយឡែកកម្លាំងទី៤ គឺជាកម្លាំងប្រមូលផ្ដុំ ដែលជាអ្នកភៀសខ្លួន ទៅរស់នៅវៀតណាមខាងជើង។ ក្រុមនេះ មានអ្នកខ្លះ បានចូលប្រទេសវិញ នៅឆ្នាំ១៩៧០ ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល។ ហើយខ្លះទៀត ដូចជា លោក ជា សុទ្ធ លោក ចាន់ ស៊ី លោក ប៉ែន សុវណ្ណ លោក កែវ ចិន្តា លោក ជ័យ សុភី និងលោក ម៉ុក សុគន្ធ ជាដើម នៅរស់រានមានជីវិត ហើយក៏បានចូលរួមកម្លាំងរណស្សិរសង្គ្រោះជាតិ នៅឆ្នាំ១៩៧៨។ ប្រតិភូកម្លាំងប្រមូលផ្ដុំនេះ ដឹកនាំដោយលោក ប៉ែន សុវណ្ណ ជាប្រធាន និងលោក ម៉ុក សុគន្ធ ជាអនុប្រធាន។ ចំណែកតំបន់ខេត្តកោះកុង ជាប់ព្រំដែនថៃ ដឹកនាំដោយ លោក សាយ ភូថង និងសម្ដេច ទៀ បាញ់ ជាអនុប្រធាន៕
 

Tag:
 ហ៊ុន សែន
  ប៉ែន សុវណ្ណ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com