កីឡាអន្តរជាតិ
អន្តរជាតិ
ការឡើងសង្វៀន៣លើកនៅឆ្នាំ២០២១ Jake Paul រកបាន៤០លានដុល្លារ
18, Jan 2022 , 8:29 am        
រូបភាព
Jake Paul ដែលប្រែខ្លួនពី YouTuber ទៅជាអ្នកប្រដាល់ អាចរកចំណូលបាន៤០លានដុល្លារពីការឡើងសង្វៀន៣លើកនៅឆ្នាំ២០២១។ នៅឆ្នាំ២០២១ ដដែល អ្នកប្រដាល់សញ្ជាតិអាម៉េរិកក៏ទទួលបានចំណូលពី YouTube ៥លានដុល្លារផងដែរ ដែលធ្វើឱ្យរូបគេក្លាយជាអត្តពលិកទាំង២០ដែលរកប្រាក់បានច្រើនបំផុតលើលោក។


 
នៅឆ្នាំ ២០២១ Paul បានឡើងសង្វៀនតតាំងជាមួយ Ben Askren មួយលើក និង Tyron Woodley ចំនួនពីរដង ដោយទទួលជ័យជម្នះទាំង៣លើក។ ជ័យជម្នះទាំង៣លើកនៅឆ្នាំ២០២១ បានជួយអ្នកប្រដាល់ វ័យ២៤ឆ្នាំរូបនេះមានកំណត់ត្រាឈ្នះទាំង៥លើកមិនដែលចាញ់។
 
យោងតាមទស្សនាវដ្តី Forbes អតីត YouTuber រូបនេះ អាចរកចំណូលបាន ៤០ លានដុល្លារអាម៉េរិក (មិនទាន់បង់ពន្ធ) នៅឆ្នាំ២០២១ តាមរយៈការឡើងសង្វៀនប្រដាល់៣លើក ឈ្នះទាំង៣លើក។
 
អ្វីដែលពិសេសជាងនេះទៅទៀតនោះ Paul នៅតែទទួលបានប្រាក់ពី YouTube ចំនួន៥លានដុល្លារនៅឆ្នាំ២០២១ ពីសេវាកម្មចែករំលែកវីដេអូដ៏ច្រើនរបស់ខ្លួន និងជួយរូបគេស្ថិតនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជី YouTubers ដែលរកចំណួលបានច្រើនផង។
 
ប្រាក់ដែលរកបាននៅឆ្នាំ២០២១ ចំនួន៤៥លានដុល្លារ បានជួយ Paul មានឈ្មោះក្នុងចំណោមអត្តពលិកទាំង២០រូបដែលរកបានចំណូលច្រើនជាងគេបំផុតលើលោក ដោយនាំមុខកំពូលកីឡាវាយកូនបាល់ Novak Djokovic កីឡាករវាយកូនគោល Phil Mickelson និងកំពូលអ្នកប្រដាល់រកដៃគូវ៉ៃលែងបាន Saul Alvarez៕
 

Tag:
 Jake Paul
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com