កីឡាអន្តរជាតិ
អន្តរជាតិ
ក្រសួងកីឡាបារាំង៖ Djokovic អត់ចាក់វ៉ាក់សាំង អត់បានលេង French Open
18, Jan 2022 , 2:10 pm        
រូបភាព
Novak Djokovic អាចនឹងត្រូវបានហាមឃាត់មិនឱ្យលេងក្នុងការប្រកួតវាយកូនបាល់ French Open ថែមទៀត​ ប្រសិនបើរូបគេមិនចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ ក្រសួងកីឡាបារាំងអះអាងដូច្នេះនៅថ្ងៃទី១៧ ខែមករា ដោយព្រមានមិនលើកលែងចំពោះច្បាប់ស្តីពីការវ៉ាក់សាំងថ្មីរបស់ប្រទេសខ្លួនឡើយ។



កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក Djokovic នៅរថ្ងៃទី១៦ ខែមករាធ្វើដំណើរចេញពីប្រទេសអូស្ត្រាលី ក្រោយត្រូវបានប្រទេសនេះដកហូតទិដ្ឋកាជាលើកទីពីរ ហើយត្រូវខកខានប្រកួត Australian Open ក្នុងនាមជាម្ចាស់ការពារជើងឯក។ 
 
កីឡាករសញ្ជាតិស៊ែប៊ី វ័យ៣៤ឆ្នាំ ចាញ់ក្តីនៅតុលាការអូស្ត្រាលី ដោយសាររូបគេមិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២២ ដំណើរការដោយមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរក្រុងមែលដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុងកើនឡើងខ្លាំង។ សូម្បីអ្នកទស្សនាក៏ត្រូវបន្ថយ៥០ភាគរយដែរ។
 
ដោយឡែកនៅព្រឹត្តិការណ៍ French Open ដែលនឹងធ្វើឡើងបន្ទាប់ពី Australian Open នឹងមិនអនុញ្ញាតឱ្យ Djokovic ចូលរួមដូចគ្នា ប្រសិនបើម្ចាស់ Grand Slam ២០សម័យរូបនេះនៅតែមិនទទួលការចាក់វ៉ាក់សាំងកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្រសួងកីឡាបារាំងអះអាងថា សម្រាប់ Djokovic បើគ្មានវ៉ាក់សាំងទេ រូបគេក៏មិនអាចមានវត្តមាននៅ French Open ដែរ។ «ប័ណ្ណចាក់វ៉ាក់សាំងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងប្រជាជនបុគ្គលល្បីៗនៅពេលពួកគេទៅកន្លែងសាធារណៈ ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ រោងកុន និងកីឡដ្ឋានជាដើម»។ នេះជាការបញ្ជាក់របស់ក្រសួង ខណៈច្បាប់ថ្មីនេះបានអនុម័តរួចហើយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៕
 

Tag:
 Novak Djokovic
  French Open
© រក្សាសិទ្ធិដោយ thmeythmey.com