អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម
20, Jan 2022 , 11:25 am        
រូបភាព
ភ្នំពេញ៖ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសម្ពោធប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan គម្រោងទី៣២ ក្រោមវត្តមានរបស់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលនាំមកនូវទឹកស្អាតដល់សិស្សជាង ១៣០០នាក់ នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។


 


នេះគឺជាប៉មចម្រោះទឹកស្អាត Aqua Towers ទី១ ដែលត្រូវបានដំឡើងក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃគម្រោង AquaTower បន្ថែមពីលើប៉មចម្រោះទឹកចំនួន ៣១ ផ្សេងទៀត ដែលត្រូវបានដាក់ឲ្យដំណើរការរួចហើយ នៅទូទាំងប្រទេសកម្ពុជាគិតចាប់ពីឆ្នាំ២០១៦មក។
 
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្រោមការសហការជាមួយនឹងមូលនិធិ Planet Water មានគោលបំណងផ្តល់លទ្ធភាពទទួលបានទឹកស្អាត និងសុវត្ថិភាព ព្រមទាំងកន្លែងលាងសម្អាតដៃដល់ប្រជាជនប្រហែល ១២.៦០០នាក់ ក្នុងមួយថ្ងៃ ដោយផ្តោតលើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ លើសពីនេះទៀត គម្រោងនេះមានគោលបំណងជំរុញការផ្លាស់ប្តូរឥរិយាបថ ពាក់ព័ន្ធនឹងការលើកកម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួន សម្រាប់សិស្សានុសិស្ស រហូតដល់ ៤.៦៥៥នាក់ ព្រមទាំងបង្កើនការចូលរួមរបស់សហគមន៍ ជុំវិញបញ្ហាដែលពាក់ព័ន្ធនឹងលទ្ធភាពទទួលបានទឹកស្អាត។


 
បន្ទាប់ពីដំឡើងប៉មជម្រោះទឹកស្អាត AquaTower រួច ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ប៉មចម្រោះទឹកស្អាតនេះ ជូនលោក លាង រុន នាយកសាលាវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ឃុំគរ ពីសំណាក់លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
 


ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មានប្រសាសន៍ថា៖ «ការបង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ និងអាចរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្នុងនាមជាប្រជាពលរដ្ឋឃុំគរ នៃស្រុកព្រៃឈរ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជា និង ក្រុមការងារស្ម័គ្រ សម្រាប់ AQUATOWER តាមរយៈគំនិតផ្តួចផ្តើមទឹកស្អាតរបស់កូកា-កូឡា វានឹងធានាថាកុមារនៅទីនេះ នៅក្នុងស្រុកព្រៃឈរនឹងធំឡើង នៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អជាមួយនឹងទឹកស្អាត និងសុវត្ថិភាព»។
 


លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖ «ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មី ក្នុងថ្ងៃនេះប៉ុណ្ណោះទេ។ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍ អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើងនេះ»។
 
លោក Arup Sinha Roy បន្ថែមថា៖ «នៅក្រុមហ៊ុនកូកា-កូឡាកម្ពុជា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គឺជាចក្ខុវិស័យរបស់យើង ដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើង គឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាពជាងមុន និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានអំពីការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។ ចក្ខុវិស័យនេះបង្កើតឲ្យមានសសរស្តម្ភធំៗចំនួន៥ រួមមាន៖ ពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតត្រលប់ទៅសហគមន៏វិញ ការផ្តល់ភាពអង់អាចដល់ស្រ្តី អាកាសធាតុ និងសុខុមាលភាពសហគមន៍»។


 
ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានពង្រីកភាពជាដៃគូរបស់ខ្លួនជាមួយមូលនិធិ Planet Water ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងប៉មចម្រោះទឹកស្អាត Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន ៣១កន្លែងសម្រាប់ប្រជាជន ៥៥.០០០នាក់ ក្នុងសហគមន៍ជនបទដាច់ស្រយាល និងខ្វះខាតទឹកក្នុងខេត្តចំនួន១៦។ នៅឆ្នាំនេះ ក្រុមហ៊ុនរំពឹងថានឹងដំឡើងប៉មចម្រោះទឹក និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកចំនួន ៩ទៀត នៅតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់។ ជាមួយនឹងការដំឡើងបន្ថែមទាំងនេះ នឹងបម្រើជាប្រយោជន៏ដល់សហគមន៍នានានៅទូទាំង ២៥ខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា៕ 




 
 

© រក្សាសិទ្ធិដោយ thmeythmey.com