ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដា គ្រោងពង្រីកសេវាទូទាត់ឆ្លងប្រទេសជាមួយសមាជិកអាស៊ានពីរបន្ថែមទៀត
22, Jan 2022 , 4:07 pm        
រូបភាព
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកនៃធនាគារអេស៊ីលីដា
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកនៃធនាគារអេស៊ីលីដា
ក្រុងបាត់ដំបង៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកនៃធនាគារអេស៊ីលីដា បានថ្លែងថា លោកកំពុងរៀបចំផែនការក្នុងការពង្រីកសេវាទូទាត់ឆ្លងប្រទេសជាមួយប្រទេសពីរបន្ថែមទៀតនៅអាស៊ាន គឺឡាវ និងវៀតណាម ដើម្បីសម្រួលដល់ការទូទាត់នៃលំហូរទំនិញ និងសេវាកម្មរវាងកម្ពុជានិងប្រទេសទាំងពីរនេះ បន្ទាប់ពីខ្លួនទទួលបានជោគជ័យជាមួយការទូរទាត់នេះជាមួយប្រទេសថៃកន្លងមក។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីខួប៣០ឆ្នាំនៃការបង្កើតធនាគារអេស៊ីលីដាពីក្រុងបាត់ដំបង លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា ជាមួយផែនការក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថលឱ្យកាន់តែ​ទូលំទូលាយនិង​មានភាពបត់បែនឆ្លើយតបទៅនឹងតម្រូវការមហាជនគ្រប់ស្រទាប់វណ្ណៈ ធនាគារអេស៊ីលីដាមានផែនការក្នុងការតភ្ជាប់នៃការទូទាត់ឆ្លងប្រទេសទៅកាន់ប្រទេសជិតខាងកម្ពុជានាពេលខាងមុខនេះ។​

លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖«យើង សម្រិតសម្រាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើងឱ្យមានភាពទន់ភ្លន់បត់បែនទៅគ្រប់មជ្ឍដ្ឋានមហាជនទាំងអស់ទាំងជនបទនិងទីក្រុង។ យើង នឹងផ្សារភ្ជាប់អ្វីដែលយើងមានហេដ្ឋារចនាសម្ព័ន្ធនេះជាមួយថ្នាក់តំបន់គឺយើងបានធ្វើរួចហើយគឺភ្ជាប់ជាមួយប្រទេសថៃ ហើយយើងនឹងតភ្ជាប់ជាមួយប្រទេសពីរទៀតគឺសាធារណ​រដ្ឋប្រជាធិបតេយ្យឡាវ និងសារធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ការជំរុញការទូទាត់ឆ្លងប្រទេស (Cross-border payment)  ដែលនេះគឺជាផែនការយុទ្ធសាស្រ្តរបស់យើងដែលបាន​សម្រិតសម្រាំងនូវហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពទន់ភ្លន់និងជ្រាបជ្រៅទៅក្នុងមហាជនគ្រប់ស្រទាប់និងថ្នាក់តំបន់ដែលនេះជាចំណុចសំខាន់»។

ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត» គឺជាធនាគារពាណិជ្ជទីមួយក្នុង ប្រទេសកម្ពុជា បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែតុលា កន្លងមកនេះ។

សម្រាប់អតិថិជននៅធនាគារឬស្ថាប័នណាក៏ដោយ គ្រាន់តែមាន KHQR Code របស់អេស៊ីលីដា ដែលជាស្តង់ដារ ឃ្យូអរកូដតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាន ផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈអេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗបាន៕ (អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com