ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងអយ្យការ ប្រាប់លោក កឹម សុខា ឲ្យសារភាពកំហុស បើចង់ឲ្យរឿងក្តីឆាប់ចប់
25, Jan 2022 , 1:53 pm        
រូបភាព
លោក កឹម សុខា ងាកមកក្រោយ ពេលឡើងតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
លោក កឹម សុខា ងាកមកក្រោយ ពេលឡើងតុលាការភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
ជាដដែលៗ ឲ្យតែចូលដល់បន្ទប់សវនាការ ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ តែងស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ ពន្លឿននីតិវិធី ពោលគឺបង្កើនចំនួនថ្ងៃក្នុងការបើកសវនាការ លើសំណុំរឿងរបស់លោក កឹម សុខា ដើម្បីឲ្យសំណុំរឿងដែលស្ថិតក្រោមក្រសែភ្នែកអន្តរជាតិមួយនេះ ឆាប់ចប់។ ប៉ុន្តែព្រះរាជអាជ្ញា ដែលជាតំណាងអយ្យការ បានតបថា បើចង់ឲ្យនីតិវិធីដំណើរការលឿន ហើយសំណុំរឿងឆាប់ចប់ លោក កឹម សុខា ជាជនជាប់ចោទ ត្រូវសារភាពទោសកំហុស។



សម្តីរបស់តំណាងអយ្យការ ដែលតបនឹងក្រុមមេធាវីរបស់លោក កឹម សុខា ត្រូវបានក្រុមមេធាវីរបស់លោក កឹម សុខា យកទៅប្រាប់អ្នកកាសែត នៅមុខតុលាការភ្នំពេញ ក្រោយចាកចេញពីសវនាការ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។ មេធាវីរបស់លោក កឹម សុខា មាន៤រូប គឺអ្នកស្រី ម៉េង សុភារី លោក ផែង ហេង លោក ចាន់ ចេន និង លោក អាង ឧត្តម។

លោក អាង ឧត្តម ៖«ជនជាប់ចោទ អត់មានទោស ដើម្បីសារភាព អត់មានកំហុស ដើម្បីសារភាពទេ។ បើសារភាពកំហុស សារភាពទោស ដែលអត់មានប្រព្រឹត្ត យុត្តិធម៌ដែលបាន គឺជាយុត្តិធម៌ក្លែងក្លាយ ដាច់ខាត់មិនត្រឹមត្រូវ យើងមិនអាចទទួលយកបាន»។

អ្នកស្រី ម៉េង សុភារី ៖«ការព្យាយាមរុញច្រានឲ្យឯកឧត្តម កឹម សុខា ទទួលសារភាព គឺជាការរំលោភលើបទដ្ឋានគតិយុត្តិសិទ្ធិមនុស្ស ក៏ដូចជាច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ការដំណើការនីតិវិធីរឿងក្តីឲ្យបានឆាប់រហស័ មិនមែនបង្ខំ ឬមួយក៏ព្យាយាម ឲ្យភាគីជនជាប់ចោទសារភាពនោះទេ។ ឯកឧត្តម កឹម សុខា មានអ្វីត្រូវសារភាព បើគាត់ អត់មានទោសកំហុសអីផង»។

លោក ចាន់ ចេន ៖«យើង ឃើញថា ១អាទិត្យ កាត់ក្តីបានតែម្តង។ តើនេះ ជាចេតនាពន្លឿននីតិវិធី ឬក៏ជាការពន្យារពេល?»។

បើតាមការចង់បានរបស់ក្រុមមេធាវី រួមទាំងលោក កឹម សុខា ផង តុលាការ គួរបើកសវនាការឲ្យបានជារៀងរាល់ថ្ងៃ គឺពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬយ៉ាងហោចណាស់ លើសពី១ថ្ងៃ ក្នុង១សប្តាហ៍។ ក្រុមមេធាវី ចាត់ទុកថា មិនត្រឹមត្រូវសោះឡើយ ដែលតំណាងអយ្យការ តម្រូវឲ្យលោក កឹម សុខា សារភាពកំហុស ដើម្បីទទួលបានមកវិញ នូវការបញ្ចប់សំណុំរឿងបានលឿន។

ក្រុមមេធាវី ពន្យល់ថា គ្រប់ជនជាប់ចោទ មានសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងឆាប់រហ័យ។ យ៉ាងណាក៏ដោយចុះ ក្រុមប្រឹក្សាជំនុំជម្រះ ស្របតាមមតិរបស់តំណាងអយ្យការ តែមិនស្របតាមមេធាវីរបស់លោក កឹម សុខ ឡើយ គឺនៅតែសម្រេចបើកសវនាការតែ១ថ្ងៃ ក្នុង១សប្តាហ៍ដដែល។ បើតាមការសម្រេចរបស់អង្គជំនុំជម្រះ សវនាការលើលោក នឹងត្រូវបន្តនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ 

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សវនាការលើលោក កឹម សុខា បានដំណើរការម្តងរួចមកហើយ ដោយក្នុងសវនាការនោះ ក្រុមមេធាវី ក៏ទទូចឲ្យក្រុមប្រឹក្សាជំនុំជម្រះ ពន្លឿននីតិវិធី និងបង្កើនចំនួនថ្ងៃ​បើកសវនាការដែរ។ 

សវនាការទាំង២លើក ក្នុងអំឡុងខែមករា ឆ្នាំ២០២២នេះ មិនទាន់សម្រេចអ្វីទាំងអស់ លើលោក កឹម សុខា។ អ្វីដែលស៊ីពេលច្រើនបំផុត ក្នុងសវនាការទាំង២លើកនេះ គឺការចាក់ខ្សែវីដេអូ ដែលលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ នៅអូស្រ្តាលីកាលពីឆ្នាំ២០១៣។ ខ្សែវីដេអូនោះ ជាវីដេអូពេញ និងមានរយៈពេលជាង១ម៉ោង ដែលបង្ហាញពីការថ្លែងសុន្ទរកថាទាំងស្រុង របស់លោក កឹម សុខា។ ក្នុងសវនាការលើកទី១ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ តុលាការ ចាក់ខ្សែវីដេអូនោះ បានត្រឹមប្រមាណ២០នាទីប៉ុណ្ណោះ ហើយរយៈពេលជាង១ម៉ោងទៀត ដែលនៅសល់ត្រូវបានចាក់បញ្ចាំងរហូតដល់ចប់ ក្នុងសវនាការលើកទី២ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

វីដេអូនោះ ត្រូវបានគេកាត់ជាខ្លីៗ យកទៅបង្ហោះលើបណ្តាញសង្គម កាលពីឆ្នាំ២០១៧។ ក្រោយវីដេអូនោះ បែកធ្លាយយ៉ាងផុសផុលលើបណ្តាញសង្គម លោក កឹម សុខា ក៏រងការចោទប្រកាន់ ពីសន្ទិដ្ឋិភាព ដែលសំដៅលើការពឹងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា និងត្រូវចាប់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០១៧។ បទសន្ទិដ្ឋិភាព ជាប្រភេទបទល្មើស ដែលចាត់ចូលក្នុងចង្កោមអំពើក្បត់ជាតិ។ ក្នុងវីដេអូនោះ លោក កឹម សុខា និយាយថា លោកមានសាស្រ្តាចា្យបរទេសល្បីៗ ដែលជួយផ្តល់យុទ្ធសាស្រ្តដល់លោក ដើម្បីផ្តាស់ប្តូរមេដឹកនាំនៅកម្ពុជា។

បន្ទាប់ពីចាប់លោក កឹម សុខា បាន២-៣ខែ គណបក្សសង្គ្រោះជាតិរបស់លោក ក៏ត្រូវតុលាការកំពូលរំលាយចោលនៅខែវិច្ឆិកា ឆ្នាំ២០១៧ ហើយថ្នាក់ដឹកនាំជាង១០០នាក់ របស់អតីតគណបក្សប្រឆាំងធំជាងគេនេះ ក៏ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ 

សវនាការលើលោក កឹម សុខា ត្រូវបានបើកជាលើកដំបូងកាលពីអំឡុងខែមករា ឆ្នាំ២០២០។ ដល់អំឡុង ខែមីនា ឆ្នាំ២០២០ សវនាការលើលោក ក៏ត្រូវតុលាការ ផ្អាកទៅវិញ ក្រោមហេតុផលថា បារម្ភនឹងជំងឺកូវីដ-១៩។ តុលាការ ផ្អាកសវនាការនេះអស់ជិត២ឆ្នាំ ទម្រាំដាច់ចិត្តបើកឡើងវិញ នៅខែមករា ឆ្នាំ២០២២។ គេ នៅចាំថា ពេលនោះ តុលាការ បានប្រើពេល៣ថ្ងៃ ក្នុង១សប្តាហ៍ សម្រាប់បើកសវនាការលើលោក ដែលខុសពីពេលនេះ តុលាការ ប្រើពេលតែ១ថ្ងៃ ក្នុង១សប្តាហ៍។ ក្នុង១ថ្ងៃនេះទៀតសោត តុលាការ បើកសវនាការតែ១ព្រឹកប៉ុណ្ណោះ។ បើតាមការសម្រេចរបស់តុលាការ សវនាការលើ


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com