COVID-19
អន្តរជាតិ
កូវីដ-១៩៖ ក្រុងប៉េកាំងធ្វើតេស្តលើប្រជាជន ២លាននាក់ជាថ្មី មុនកីឡាអូឡាំពិកចាប់ផ្តើម
25, Jan 2022 , 10:29 pm        
រូបភាព
អាជ្ញាធរចិន ធ្វើតេស្តប្រជាជនរកជំងឺកូវីដ-១៩ នៅក្នុងទីក្រុងប៉េកាំង ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព៖ Xinhua
អាជ្ញាធរចិន ធ្វើតេស្តប្រជាជនរកជំងឺកូវីដ-១៩ នៅក្នុងទីក្រុងប៉េកាំង ក្នុងថ្ងៃទី២៤ ខែមករា។ រូបភាព៖ Xinhua
ដោយ:
ខណ្ឌ Fengtai ក្នុងដក្រុងប៉េកាំង នឹងចាប់ផ្តើមធ្វើតេស្តលើប្រជាជនប្រមាណ ២លាន ឡើងវិញ ដើម្បីរកជំងឺកូវីដ-១៩ ខណៈករណីឆ្លងនៅខេត្តចំនួន ៤ផ្សេងទៀត មានព័ន្ធព័ន្ធនឹងករណីឆ្លងនៅក្នុងទីក្រុងប៉េកាំង។ ការធ្វើតេស្តនេះធ្វើឡើងដើម្បីធានាសុវត្ថិភាព មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខ។


 
ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉េកាំង ត្រូវបានរកឃើញជាបន្តបន្ទាប់។ គិតចាប់ពីថ្ងៃទី១៥ ខែមករា មក អាជ្ញាធរក្រុងប៉េកាំង បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៦ករណី ដោយនៅថ្ងៃទី២៥ ខែមករា ក្រុងប៉េកាំងមានករណីឆ្លងចំនួន ៣ករណី។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរខណ្ឌ Fengtai បានសម្រេចធ្វើតេស្តប្រជាជនខ្លួនចំនួន ២លាននាក់ជាថ្មី បើទោះទើបតែធ្វើតេស្តនៅថ្ងៃទី២៣ ខែមករា ក៏ដោយ។ នេះបើតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ (NHC)​។ 
 
ថ្លែងក្នុងថ្ងៃទី២៤ ខែមករា មន្ត្រីខណ្ឌ Fengtai បានលើកឡើងថា ខណ្ឌ​ Fengtai នឹងចាប់ផ្តើមធ្វើតេស្តចំពោះប្រជាជនរកជំងឺកូវីដ-១៩​ ពេញមួយខណ្ឌលើកទី២ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា។​ រីឯ សហគមន៍មួយចំនួននៅក្នុងខណ្ឌផ្សេងទៀត ក៏បានចាប់ផ្តើមការធ្វើតេស្តដែរ ប៉ុន្តែចំពោះតែក្រុមគោលដៅសំខាន់ៗប៉ុណ្ណោះ។
 
ទន្ទឹមនេះ ខេត្ត៤ផ្សេងទៀត ដូចជា ខេត្ត Shandong, ខេត្ត Shanxi,  ខេត្ត Liaoning និង ខេត្តHebei បានរកឃើញករណីឆ្លងសរុប ៨ករណី ដែលមានពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុងទីក្រុងប៉េកាំង។
 
ស្របគ្នានេះ ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ទីក្រុងប៉េកាំងបានបង្កើនវិធានការយ៉ាងឆាប់រហ័ស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ កន្លងទៅចិន បានដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ស្របពេលរដូវឈប់សម្រាកចូលឆ្នាំចិនចាប់ផ្តើម។ 
 
គិតត្រឹមថ្ងៃទី២៣ ខែមករា ករណីឆ្លងជំងឺកូវីដ-១៩​ សរុបនៅចិន មានចំនួន ១០៥៦៦០ ករណី និងអ្នកស្លាប់ចំនួន ៤៦៣៦ នាក់។ មកទល់ពេលនេះ ចិនបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២,៩៦ពាន់លានដូស ដោយប្រជាជនចំនួន ១,២២ ពាន់លាននាក់ បានទទួលវ៉ាក់សាំងចំនួនពីរដូស៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com