អន្តរជាតិ
លោក Tedros បេក្ខជនម្នាក់គត់ដែលប្រជែងតំណែងអគ្គនាយក WHO
26, Jan 2022 , 8:29 pm        
រូបភាព
លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ Twitter-WHO
លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក។ រូបភាព៖ Twitter-WHO
លោក  Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៥ ខែមករា ត្រូវបានក្រុមប្រឹក្សាប្រតិបត្តិ WHO ឯកភាពឱ្យឈរឈ្មោះនៅអាណត្តិទីពីរ។ ការបោះឆ្នោតជ្រើសរើស ប្រមុខអង្គការ WHO នឹងធ្វើឡើងនៅខែឧសភា ខាងមុខ។

 
«ខ្ញុំមិនមានពាក្យអ្វីត្រូវនិយាយឡើយ»។ វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានបញ្ជាក់បែបនេះ បន្ទាប់ពីក្រុមប្រឹក្សាប្រតិបត្តិឯកភាពឱ្យឈរឈ្មោះជាប្រមុខអង្គការសុខភាពពិភពលោក នៅអាណត្តិទី២ ទៀត។ លោក Tedros បានបន្តថា លោកពិតជាសប្បាយចិត្តណាស់ សម្រាប់ការគាំទ្រជាថ្មី ហើយលោកបានទទួលស្គាល់ថា អាណត្តិទីមួយ បានប្រឈមបញ្ហាជាច្រើន។ 
 
ក្នុងការបោះឆ្នោតដែលធ្វើឡើងក្នុងកិច្ចប្រជុំមហាសន្និបាតសុខាភិបាលពិភពលោកនៅខែឧសភា លោក Tedros ត្រូវបានរំពឹងថា នឹងត្រូវជ្រើសរើសជាអង្គនាយក WHO ជាថ្មី ដោយសមាជិកចំនួន១៩៤រដ្ឋ។ កន្លងមក ប្រមុខអង្គការ WHO រូបនេះ បានប្រឈមបញ្ហាជាច្រើន ក្នុងនោះមានដូចជាវិបត្តិជំងឺឆ្លងសកល និងបញ្ហាចែកចាយវ៉ាក់សាំង។ លោកផងដែរ បានអំពាវនាវឱ្យមានការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសមភាពរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ រួមទាំងជំរុញកុំឱ្យទិញវ៉ាក់សាំងស្តុកទុក។ 
 
នៅក្នុងអាណត្តិទីពីរ លោក Tedros អាចពង្រឹងអង្គការសុខភាពអន្តរជាតិមួយនេះបន្ថែមទៀត ស្របពេលអង្គការ មានភាពទន់ខ្សោយ ដោយសារជំងឺឆ្លងសកល។ អគ្គនាយក WHO បានអំពាវនាវឱ្យមានកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ និងមូលនិធិសម្រាប់ឆ្លើយតបវិបត្តិជំងឺឆ្លងជាដើម។ 
 
សម្រាប់ការឈរឈ្មោះនៅអាណត្តិទីពីរនេះ លោក Tedros បានឈរឈ្មោះជាប្រធាន WHO តែម្នាក់ឯងគត់ ខណៈលោក បានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសផ្សេង។ តំណាងកូរ៉េខាងត្បូង លោក Kim Ganglip បានលើកឡើងថា កូរ៉េខាងត្បូង មិនត្រឹមតែពេញចិត្តការដឹកនាំរបស់លោក Tedros ឡើយ ប៉ុន្តែថែមទាំងលើទឹកចិត្តមនុស្សធម៌ទៀត៕ 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com