អន្តរជាតិ
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា៖ យោធា នឹងមិនរំលាយបក្សលោកស្រី ស៊ូជី ចោលឡើយ
26, Jan 2022 , 9:29 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី (ខាងឆ្វេង) ជាមួយលោក Win Myint ។ រូបភាព៖ Xinhua
លោកស្រីអ៊ុងសាន ស៊ូជី (ខាងឆ្វេង) ជាមួយលោក Win Myint ។ រូបភាព៖ Xinhua
យោធាមីយ៉ាន់ម៉ា នឹងមិនរំលាយបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុងសាន ស៊ូជី ចោលឡើយ។ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់បែបនេះ​ ដោយបន្ថែមថា ការសម្រេចចិត្ត គឺផ្អែកលើគណៈកម្មការរៀបចំការបោះឆ្នោត។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Nikkei Asia ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែមករា អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានលើកឡើងថា យោធាមីយ៉ាន់ម៉ា មិនមានគម្រោងរំលាយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី ដល់ខែសីហា ឆ្នាំ ២០២៣ ឡើយ។ 
 
«ការសម្រេចចិត្ត គឺផ្អែកលើគណៈកម្មការរៀបចំការបោះឆ្នោត»។ លោក Zaw Min Tun បានបន្ថែមបែបនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ជាក់ថា ការសម្រេចចិត្តចូលរួមក្នុងការបោះឆ្នោតខាងមុខ គឺអាស្រ័យលើការកំណត់របស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យផ្ទាល់។ 
 
កន្លងមក មេដឹកនាំយោធា លោកមីន អ៊ុងឡាំង បានប្រកាសថា ការបោះឆ្នោតថ្នាក់ជាតិនៅមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ ២០២៣។ 
 
បើតាមមន្រ្តីយោធាមីយ៉ាន់ម៉ារូបនេះ របបសឹក បានចាត់ទុកសមាជិកសភាជាប់ឆ្នោតរបស់បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យជាពីរប្រភេទ ពោលគឺបុគ្គលប្រកាន់កណ្តាល និងជ្រុយនិយម។ តាមសារព័ត៌មាន Nikkei Asia រដ្ឋាភិបាលយោធា គ្រោងអនុញ្ញាតឱ្យសមាជិកសភាប្រកាន់ផ្លូវកណ្តាលជួបជាមួយតំណាងអាស៊ាន។ 
 
បន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា សមាជិកសភាជាប់ឆ្នោតរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យជាច្រើនរូបត្រូវបានចាប់ខ្លួន ខណៈអ្នកផ្សេងទៀតនៅតែបន្តគេចខ្លួន។ លោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយជាន់ខ្ពស់របស់បក្ស NLD ផ្សេងទៀត បានរងបទចោទ និងកាត់ទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់។ ទន្ទឹមនេះ សមាជិកបក្ស NLD​ មួយរូប ត្រូវបានតុលាការគ្រប់គ្រងដោយយោធា កាត់ទោសប្រហារជីវិត ក្រោមច្បាប់ប្រឆាំងភេរវកម្ម។ 
 
បើទោះបក្ស NLD មិនត្រូវបានរំលាយរហូតដល់ថ្ងៃរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣ ក៏ដោយ ក៏បក្សមួយនេះពិបាក​ ក្នុងការចូលរួមក្នុងការបោះឆ្នោតដែរ ដោយសារសមាជិកបក្សជាច្រើនរូប ត្រូវបានឃុំខ្លួន និងគេចខ្លួន។ តាមទិន្នន័យពីបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ សមាជិកបក្សចំនួន ៤៨៩ នៅតែបន្តជាប់ឃុំ ខណៈលោកស្រីស៊ូជី ស្ថិតក្រោមបទចោទរបស់តុលាការ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com