ជាតិ
ក្រសួងប្រៃសណីយ៍ ផ្ដល់អាហារូបករណ៍ជំនាញបច្ចេកវិទ្យាឌីជីថល ១៥០កន្លែង សម្រាប់សិស្សជាប់បាក់ឌុប
27, Jan 2022 , 10:55 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានផ្ដល់«អាហារូករណ៍ទេពកោសល្យឌីថលតេជោ» ចំនួន១៥០កន្លែង តាមរយៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដល់និស្សិតឆ្នើម សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤។



តាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ក្រសួងនឹងផ្ដល់អាហារូបករណ៍ ចំនួន១៥០កន្លែងនៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ 
  


និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន ថ្លៃសិក្សាប្រាក់ឧបត្ថម្ភ ថ្លៃស្នាក់នៅហូបចុកចំនួន ៣២ម៉ឺនរៀលក្នុងមួយខែ រហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកំព្យូទ័រយួរដៃ ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា។ 
  


លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង បេក្ខជន បេក្ខនារីត្រូវតែជាសិស្សដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមាននិទ្ទេសរួម A  B ឬ C  ចំពោះសិស្សដែលមាននិទេ្ទសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ(គណិតវិទ្យា និងរូបវិទ្យា)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ អាហារូបករណ៍នេះត្រូវបានលើកទឹកចិត្តចំពោះសិស្សដែលមានជីវភាពក្រីក្រមកពីជនបទដាច់ស្រយាលនិងសិស្សនារី។





ដើម្បីទទួលបានអាហារូបករណ៍នេះ  បេក្ខជន បេក្ខនារីត្រូវចុះឈ្មោះប្រឡងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ០១៥ ៣៣៥ ៨៧៧ ឬ អ៊ីម៉ែល៖[email protected] គេហទំព័៖ www.cadt.edu.kh ហ្វេសប៊ុក៖ fb.com/CADT.Academy និង តេឡេក្រាម៖t.me/CADT_Official៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com