អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលជាលើកទី៦ ដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី
27, Jan 2022 , 12:09 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៀត នៅព្រឹកថ្ងៃទី២៧ ខែមករា​ ដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី និងធ្លាក់នៅក្នុងសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ។ នេះជាលើកទី៦ហើយ នៅដើមឆ្នាំ ២០២២ ដែលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល។

 
ទើបតែដើមឆ្នាំ ២០២២ ប៉ុណ្ណោះ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនលើក ដោយក្នុងនោះ មានដូចជាមីស៊ីលប្រដេញ មីស៊ីលបាលីស្ទិក និងមីស៊ីលមានល្បឿងលឿនជាងសំឡេងជាដើម។ ជាថ្មីម្តងទៀត កូរ៉េខាងជើង នៅថ្ងៃទី២៧ ខែមករា បានបាញ់មីស៊ីលជាលើកទី ៦ ដែលទំនងជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី។ 
 
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) យោធាកូរ៉េខាងត្បូង ចាប់សញ្ញាមីស៊ីលបាញ់ពីក្រុង Hamhung ប្រមាណម៉ោង៨ព្រឹក (ម៉ោងក្នុងស្រុក)។ «យោធារបស់យើង នឹងតាមដានកូរ៉េខាងជើង និងត្រៀមលក្ខណៈឱ្យបានរួចជាស្រេច»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មាន។ 
 
ការសាកល្បងជាថ្មីនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលចំនួន ពីរគ្រាប់ ដែលទំនងជាមីស៊ីលប្រដេញ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃទី២០ ខែមករា បានលើកឡើងថា ក្រុងព្យុងយ៉ាង អាចចាប់ផ្ដើមការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងចម្ងាយឆ្ងាយឡើងវិញ។ 
 
គួររំលឹកថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចជាច្រើនលើក ដើម្បីថ្កោលទោស និងរិះគន់កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលអន្តរទ្វីប អាវុធនុយក្លេអ៊ែរ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងមីស៊ីលប្រភេទផ្សេងទៀត។ ក្រៅពីនេះ សហភាពអឺរ៉ុប និងអាម៉េរិក ក៏បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com