អន្តរជាតិ
អាម៉េរិក និងណាតូ នៅតែច្រានចោលសំណើរុស្ស៊ីដែលមិនចង់ឱ្យអ៊ុយក្រែនចូលណាតូ
27, Jan 2022 , 3:17 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងសមភាគីរុស្ស៊ី Sergey Lavrov នាជំនួបកន្លងមក។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន និងសមភាគីរុស្ស៊ី Sergey Lavrov នាជំនួបកន្លងមក។ រូបថត Xinhua
អាម៉េរិក និងសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី២៦ ខែមករា បានបញ្ជូនការឆ្លើយតបរៀងៗខ្លួនទៅរុស្ស៊ីទាក់ទងការស្វែងរកច្រកចេញពីវិបត្តិអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន​ បញ្ជាក់ថា ក្រុងវ៉ាស៊ីងតោនកំណត់ពីចំណាត់ការការទូតសម្រាប់រុស្ស៊ីជ្រើសរើស ឯការទាមទារឱ្យរារាំងអ៊ុយក្រែនចូលណាតូ ត្រូវច្រានចោល។

 
វិបត្តិអ៊ុយក្រែន នៅតែមិនទាន់មានដំណោះស្រាយជាក់លាក់ឡើយ បើទោះរុស្ស៊ី និងប្រទេសលោកខាងលិច បានរៀបចំកិច្ចចរចាជាច្រើនក៏ដោយ។ នៅខែធ្នូឆ្នាំ ២០២១ រុស្ស៊ី បានដាក់សំណើមួយចំនួនទៅសម្ព័ន្ធយោធាណាតូ និងអាម៉េរិក មានកុំអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកណាតូ ផ្អាកពង្រីកឥទ្ធិពលមកក្បែរព្រំដែនរុស្ស៊ី ហាមឃាត់នាវា និងយន្តហោះចម្បាំង ទៅក្នុងតំបន់ដែលអាចប៉ះទង្គិចគ្នាជាដើម។ 
 
នៅថ្ងៃទី២៦ ខែមករា អាម៉េរិក និងណាតូ បានផ្ញើការឆ្លើយតបឱ្យរុស្ស៊ីវិញ។ លិខិតនោះ ត្រូវបានអាម៉េរិកបញ្ជូនតាមអគ្គរដ្ឋទូត John Sullivan ទៅក្រសួងការបរទេសរុស្ស៊ី។ 
 
«ឯកសារនេះ បានរួមបញ្ចូលក្តីបារម្ភរបស់អាម៉េរិក និងសម្ព័ន្ធមិត្តលើសកម្មភាពរុស្ស៊ី»។ លោក អាន់តូនី ប្លីងខិន បានបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅក្រសួងការបរទេស ក្នុងថ្ងៃទី២៦ ខែមករា មុនបន្តថា វាក៏បានបញ្ជាក់ពីសំណើរបស់អាម៉េរិកលើចំណុចជាច្រើន ដែលភាគីទាំងពីរ អាចរកចំណុចរួមបានផងដែរ។ 
 
ក្នុងន័យនេះ ប្រមុខការទូតអាម៉េរិក បានចាត់ទុកការឆ្លើយតបរបស់ខ្លួន ជាដំណោះស្រាយការទូតដ៏ម៉ត់ចត់ដើម្បីបញ្ចប់ភាពជាប់គាំងលើវិបត្តិអ៊ុយក្រែន។ លោក ប្លីនខិន បានបន្តថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងមិនឯកភាពក្នុងការរឹតត្បិតសមាជិកភាពណាតូថ្មីឡើយ ហើយណាតូ នៅតែបន្តអនុវត្តគោលនយោបាយបើកទ្វារ។
 
ចំណែកអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានអះអាងថា ណាតូ បានដាក់លិខិតសរសេរផ្ទាល់ខ្លួនទៅរុស្ស៊ី ដោយអំពាវនាវម្តងទៀត ឱ្យរុស្ស៊ីកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនអ៊ុយក្រែន។ បើតាមប្រមុខអង្គការណាតូរូបនេះ ភាពតានតឹង និងការខ្វែងគំនិតគ្នា អាចដោះស្រាយបានតាមកិច្ចចរចា និងមធ្យោបាយការទូត។ 
 
ក្នុងថ្ងៃដដែល ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov ព្រមានថា រុស្ស៊ី នឹងចាត់វិធានការឱ្យបានសមស្រប ប្រសិនបើខ្លួនមិនទទួលបានចម្លើយប្រកបដោយការស្ថាបនាពីអាម៉េរិក លើការបញ្ចូលសមាជិកភាពរបស់អ៊ុយក្រែនលើណាតូ។ យ៉ាងណាមិញ ប្រមុខការទូតរុស្ស៊ីរូបនេះ មិនបានបញ្ជាក់ពីចំណាត់ការឆ្លើយតបឱ្យបានច្បាស់លាស់ឡើយ។ 
 
ស្របគ្នានេះ អ៊ុយក្រែន និងរុស្ស៊ី​ បានរៀបចំជំនួបមួយ នាវិមាន Elysee នៅក្រុងប៉ារីស ដោយមានការចូលរួមពីតំណាងអាល្លឺម៉ង់ និងបារាំង ក្រោមកិច្ចចរចាទម្រង់ Normandy។ ក្នុងជំនួប ដែលប្រព្រឹត្តឡើងរយៈពេល ៨ម៉ោងនេះ ភាគីអ៊ុយក្រែន និងរុស្ស៊ីឯកភាពអនុវត្តបទឈប់បាញ់ដោយផ្អែកតាមកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ឆ្នាំ២០១៤ ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com