ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស៦ ដាក់ញ្ញត្តិឱ្យគ.ជ.ប រក្សាទម្រង់ «១១០២» ដើម្បីឱ្យការបោះឆ្នោតឃុំ-សង្កាត់ មានតម្លាភាព និងយុត្តិធម៌
27, Jan 2022 , 4:15 pm        
រូបភាព
ភ្នំពេញ៖ ភាពចម្រូងចម្រាស់នៃទម្រង់បោះឆ្នោត «១១០២» នៅតែបន្តខ្វែងគំនិតគ្នា រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សនយោបាយ។



គណបក្សនយោបាយចំនួន៦ បានដាក់ញ្ញតិរួមគ្នាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទាមទារឱ្យរក្សាទម្រង់ «១១០២» ឱ្យនៅដដែល ទាក់ទងនឹងព័ត៌មានសំខាន់ៗនៃតួលេខបោះឆ្នោត។ ក្នុងនោះរួមមាន សន្លឹកឆ្នោតដែលបានទទួល, សន្លឹកឆ្នោតដែលមិនបានប្រើ , សន្លឹកឆ្នោតដែលខូច និងការរៀបចំបែកចែកកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត តាមទម្រង់ «១១០២» ជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោត ដូចការបោះឆ្នោតមុនៗ។ គណបក្សទាំងនេះ យល់ឃើញថា ការរក្សាទម្រង់«១១០២»នេះ ដើម្បីឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវ និងយុត្តិធម៌ ។ ជាពិសេសការទទួលបានសេចក្តីទុកចិត្តពីសំណាក់គណបក្សនយោបាយ និងអ្នកបោះឆ្នោត ដែលអាចបញ្ចៀសបាននៅបញ្ហាជម្លោះក្រោយពេលបោះឆ្នោត។
 
ញ្ញត្តិរួមគ្នា របស់គណបក្សទាំង៦នោះ បានសរសេរដូច្នេះថា ៖«មិនអាចទទួលយកបានឡើយនូវការបំភ្លឺ និងការបកស្រាយរបស់គ.ជ.ប អំពីមូលហេតុនៃការកែនីតិវិធី ដែលលុបបំបាត់ព័ត៌មានដ៏សំខាន់នៃគំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទម្រង់ ១១០២) និងលែងឱ្យចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ជូនភ្នាក់ងារគណបក្សនយោបាយ ដែលមានវត្តមាននៅការិយាល័យបោះឆ្នោត»។
 
គណបក្សនយោបាយ ដាក់ញ្ញតិរួមគ្នាទាំងនេះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន , គណប​ក្សកម្ពុជានិយម, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំការឆ្លើយតបនឹងការទាមទាររបស់គណបក្សនយោបាយទាំង៦នេះដែរ ប៉ុន្តែលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។  
 
កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបកស្រាយថា ការកំណែទម្រង់ លេខ ១១០២ នេះ ដើម្បីកាត់បន្ថយកំហុសឆ្គងមួយចំនួន ដែលធ្លាប់មានការឆកល្វែង កើតឡើងដោយអចេតនារបស់មន្ត្រីការិយាល័យបោះឆ្នោត។ គ.ជ.ប បានលើកមូលហេតុដូច្នេះថា៖«ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យធ្វើការលើស១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោត អាចនឹងមានការថ្លោះធ្លោយ នៅក្នុងការសរសេរចម្លងលទ្ធផលបោះឆ្នោតដោយដៃ»។
 
ប៉ុន្តែការបកស្រាយបែបនេះ គណបក្សទាំង៦ មិនទាន់ជឿជាក់ឡើយ។ ពួកគេ យល់ថា គ.ជ.ប បកស្រាយ ដោយមិនបង្ហាញភស្តុតាង ដែលធ្លាប់កើតមានការពីបោះឆ្នោតមុនៗ ទាក់ទងនឹងចំនួនការិយាល័យ ឬការវាយតម្លៃនៃទំហំខូចខាត ដោយសារទម្រង់ ១១០២ ដែលនាំឱ្យ គ.ជ.ប សម្រេចលុបចោលព័ត៌មានសំខាន់ៗនេះ។ 
 
«មូលហេតុរបស់ គ.ជ.ប មិនអាចទទួលយកបាន និងមានសមហេតុផលនោះទេ ក្នុងករណីនេះ គ.ជ.ប ត្រូវបង្កើនសមត្ថភាពមន្ត្រីរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ឱ្យមានសមត្ថភាពអាចបំពេញភារកិច្ចនេះបាន និងរក្សានូវអព្យាក្រឹត្យភាព តម្លាភាព ដើម្បីឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់គណបក្សនយោបាយទាំង៦ ដែលទាមទារឱ្យគ.ជ.ប រក្សាទម្រង់ ១១០២ នៅដដែល៕
អត្ថបទទាក់ទង
 
 

Tag:
 នយោបាយ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com