អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក ព្រមានពីហានិភ័យក្នុងការរកស៊ីនៅមីយ៉ាន់ម៉ា
27, Jan 2022 , 6:30 pm        
រូបភាព
ដោយ:
រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានចេញការព្រមានក្រុមហ៊ុន និងបុគ្គលទូទៅពីហានិភ័យកាន់តែខ្លាំងឡើងនៃការធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា ដោយសារតែស្ថានភាពវឹកវរឥតឈប់ឈរចាប់តាំងពីរបបយោធាឡើងកាន់អំណាចជិតមួយឆ្នាំកន្លងទៅនេះ។



បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាម៉េរិកស្តីពីការណែនាំលើអាជីវកម្មសម្រាប់មីយ៉ាន់ម៉ាចេញនៅថ្ងៃទី ២៦ ខែមករា ក្រុមហ៊ុនអាម៉េរិកគួរតែប្រុងប្រយ័ត្នចំពោះហានិភ័យហិរញ្ញវត្ថុខុសច្បាប់ ក៏ដូចជាហានិភ័យផ្លូវច្បាប់ និងកេរ្តិ៍ឈ្មោះក្នុងការធ្វើអាជីវកម្ម និងប្រើប្រាស់ច្រវាក់ផ្គត់ផ្គង់ក្រោមការដឹកនាំរបស់យោធាមីយ៉ាន់ម៉ា។

«រដ្ឋប្រហារ និងការរំលោភបំពានជាបន្តបន្ទាប់ដែលប្រព្រឹត្តដោយយោធា បានបង្វែរទិសដៅលក្ខខណ្ឌសេដ្ឋកិច្ច និងធុរកិច្ចនៅមីយ៉ាន់ម៉ា»។ សេចក្តីណែនាំខាងលើបញ្ជាក់បែបនេះ។

បើតាមការបញ្ជាក់របស់សេចក្តីណែនាំដដែល សហគ្រាសគ្រប់គ្រងដោយរដ្ឋ អាជីវកម្មលោហធាតុមានតម្លៃ  គម្រោងសំណង់ អចលនទ្រព្យ សព្វាវុធ បរិក្ខារយោធា និងវិស័យដែលមានការព្រួយបារម្ភខ្លាំងជាច្រើនទៀត ត្រូវបានកំណត់ថា ជាការផ្តល់ធនធានសេដ្ឋកិច្ចសម្រាប់របបយោធា។

បន្ថែមពីនេះ​ សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមានសហគ្រាសប្រេង និងឧស្ម័ន និងសហគ្រាសឈើ ដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចមីយ៉ាន់ម៉ា តែបានបង្កើតប្រាក់ចំណូលប្រហែលពាក់កណ្តាលនៃចំណូលសរុបរបស់យោធា។ ការណែនាំលើអាជីវកម្មសម្រាប់មីយ៉ាន់ម៉ានេះបានប្រកាស បន្ទាប់ពីក្រុមហ៊ុនប្រេង TotalEnergies  និង Chevron Corp ដែលជាដៃគូនៅក្នុងគម្រោងឧស្ម័នដ៏ធំមួយនៅមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន ប្រកាសដកខ្លួនចេញពីមីយ៉ាន់ម៉ា ក្រោមហេតុផល​ស្ថានភាព​មនុស្សធម៌​កាន់តែ​អាក្រក់ខ្លាំង​ឡើងបន្ទាប់​ពី​រដ្ឋប្រហារ​។

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវីលកាលពីខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមិនពេញចិត្តលទ្ធផលបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សលោកស្រីអ៊ុងសាន ស៊ូជីឈ្នះ។ តាំងពីឡើងកាន់អំណាចមក របបសឹកមីយ៉ាន់ម៉ា បង្ក្រាបអ្នកតវ៉ាប្រឆាំង។ ប្រជាជនប្រមាណ១៤០០នាក់បានស្លាប់ ខណៈអ្នកសារព័ត៌មាន និងមេដឹកនាំនយោបាយត្រូវបានចាប់ខ្លួន ហើយភាពចលាចលចេះតែកើតមានឥតឈប់ឈរ៕

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com