ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា មើលឃើញថា ពលរដ្ឋខ្មែរ និងបរទេស ទទួលស្គាល់ «ភាពត្រឹមត្រូវរបស់លោក»
28, Jan 2022 , 10:00 am        
រូបភាព
លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ អំពីជំនួបរបស់លោកជាមួយតំណាងបរទេសនានា។ ភ្ជាប់ជាមួយព័ត៌មានអំពីជំនួបរបស់ខ្លួន ជាមួយតំណាងបរទេស លោក បានបង្ហាញភាពកក់ក្តៅក្នុងចិត្ត ដ្បិតលោកសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ និងតំណាងបរទេសទាំងនោះ នៅតែឲ្យតម្លៃលោក។



ប្រធានអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដែលកំពុងជាប់ខ្លួនក្នុងរឿងក្តី និងមិនទាន់មានសិទ្ធិធ្វើនយោបាយ បានសរសេរដូច្នេះថា៖«សូមអរគុណ បងប្អូនជនរួមជាតិខ្មែរ ក៏ដូចជាតំណាងប្រទេសជាមិត្តរបស់កម្ពុជា ដែលតែងតែផ្តល់តម្លៃ និងទទួលស្គាល់នូវភាពត្រឹមត្រូវរបស់ខ្ញុំ ដែលប្រកាន់យកនូវគោលការណ៍អហិង្សា មានការអត់ធ្មត់ ការលះបង់ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ ដែលធ្វើឲ្យខ្ញុំមិននៅឯកោឡើយ»។

លោក កឹម សុខា មានរឿងក្តីនៅតុលាការជាង៤ឆ្នាំមកហើយ គឺចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ លោក ត្រូវចោទពីបទសន្ទិដ្ឋិភាព ដែលសំដៅថា លោក លួចគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទសន្ទិដ្ឋិភាពនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ។ ៤ឆ្នាំមកនេះ តុលាការ នៅតែមិនទាន់អាចបញ្ចប់រឿងក្តីរបស់លោក។ កាលពីដើមឆ្នាំ២០២០ តុលាការ បានចាប់ផ្តើមបើកសវនាការកាត់ក្តីលើលោក ហើយក្រោយមកបន្តិច ក៏ផ្អាកទៅវិញ ដោយសារការរាលដាលជំងឺកូវីដ-១៩។ នៅដើមឆ្នាំ២០២២នេះ តុលាការ ក៏ចាប់ផ្តើមបើកសវនាការកាត់ក្តីលើលោកឡើងវិញ។

ជាការកត់សម្គាល់ មន្រ្តីបរទេសដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងទូតបរទេសប្រចាំកម្ពុជា តែងចូលជួបលោកដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។ នៅពេលតុលាការ ចាប់ផ្តើមបើកសវនាការលើលោកឡើងវិញ នៅដើមឆ្នាំ២០២២នេះ មន្រ្តីបរទេស ក៏បន្តទៅជួបលោកនៅគេហដ្ឋាន ដើម្បីជជែកគ្នាពីស្ថានការណ៍កម្ពុជា ដោយក្នុងនោះ ក៏តែងជជែកគ្នាពីសវនាការលើលោកដែរ។ ពេលចេញពីផ្ទះ ទៅចូលរួមសវនាការ នាដើមឆ្នាំ២០២២នេះ លោក បានបង្ហាញក្តីសង្ឃឹមនៅចំពោះមុខក្រុមអ្នកកាសែតថា តុលាការ នឹងទម្លាក់បទចោទចេញពីលោក ដើម្បីឈានទៅផ្សះផ្សារជាតិ៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com