អន្តរជាតិ
កូរ៉េខាងជើង៖ មីស៊ីលសាកល្បងពីរលើកចុងក្រោយ ជាមីស៊ីលប្រដេញ និងមីស៊ីលយុទ្ធសាស្រ្ត
28, Jan 2022 , 11:28 am        
រូបភាព
រូបភាព៖ Yonhap
រូបភាព៖ Yonhap
កូរ៉េខាងជើង នៅថ្ងៃទី២៨ ខែមករា បានអះអាងថា មីស៊ីល ដែលបានបាញ់សាកល្បងពីរលើកចុងក្រោយ ជាប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយ និងមីស៊ីលវាយប្រហារបាញ់ពីដីគោក ឬសមុទ្រទៅគោលដៅដីគោក ឬសមុទ្រ (Surface to Surface)។ កូរ៉េខាងជើង បានប្តេជ្ញាបន្តអភិវឌ្ឍក្បាលគ្រាប់ដ៏មានកម្លាំងខ្លាំងថែមទៀត។

 
កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរលើក នៅថ្ងៃទី២៥ និងថ្ងៃទី២៧ ខែមករា ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២៨ ខែមករា មីស៊ីល ដែលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងទាំងពីរលើក គឺជាមីស៊ីលប្រដេញមានចម្ងាយឆ្ងាយ និងមីស៊ីលវាយប្រហារលើដី និងសមុទ្រ។ 
 
«បណ្ឌិត្យសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងជើង បានដឹកនាំការបាញ់សាកល្បងប្រព័ន្ធមីស៊ីលប្រដេញចម្ងាយឆ្ងាយ និងកម្លាំងរបស់ក្បាលគ្រាប់សម្រាប់មីស៊ីលវាយប្រហារលើដី»។ ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់បែបនេះ។ ១
 
យ៉ាងណាមិញ ការសាកល្បងមីស៊ីលលើកចុងក្រោយនោះ មិនមានវត្តមានចូលរួមរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងឡើយ។ ផ្ទុយទៅវិញ លោក គីម មានវត្តមាននៅរោងចក្រផលិតសម្ភារយោធា ដែលជាកន្លែងផលិតអាវុធដ៏សំខាន់ ជាមួយនឹងប្អូនស្រីរបស់ខ្លួន លោកស្រី Kim Yo-jong និងមន្រ្តីជាន់ខ្ពស់បក្សពលករ លោក Jo Yong-won។ 
 
ជាលើកដំបូង ទីភ្នាក់ងារព័ត៌មានរដ្ឋ បានចុះផ្សាយពីទស្សនកិច្ចរបស់លោកគីម ទៅនៅរោងចក្រផលិតសម្ភារយោធា បើគិតចាប់តាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីជំនួបជាមួយលោកដូណាល់ ត្រាំ លើការរំសាយកម្មវិធីនុយក្លេអ៊ែរទទួលបរាជ័យ។ កន្លងមក មេដឹកនាំកូរ៉េខាងជើង បានជំរុញឱ្យពង្រីកកម្លាំងយោធាបន្ថែមទៀត។ 
 
សូមបញ្ជាក់ថា មីស៊ីលប្រដេញ ដែលកូរ៉េខាងជើង បាញ់សាកល្បងនៅថ្ងៃទី២៥ ខែមករា ហោះបាន ៩១៣៧វិនាទី និងវាយប្រហារដែនកោះ ចម្ងាយ ១៨០០គីឡូម៉ែត្រ៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com